កុំភ្លេច
ខ្ញុំមិនយល់ស្របនឹងទស្សនៈ របស់អ្នកដែលប្រឆាំងនឹងសម្ភារៈប្រើប្រាស់ ហើយនិយាយថា ការមានរបស់កម្មសិទ្ធិ ជាការអាក្រក់។ ខ្ញុំត្រូវតែទទួលស្គាល់ថា ខ្ញុំត្រូវការសម្ភារៈប្រើប្រាស់ជាចំាបាច់ ហើយជាញឹកញាប់ ខ្ញុំបានជួបការល្បួង ដែលនាំចិត្តខ្ញុំឲ្យបង្គទ្រព្យសម្បត្តិ ដែលខ្ញុំត្រូវការនោះ កាន់តែច្រើនឡើងៗ។ ប៉ុន្តែ ទន្ទឹមនឹងនោះ ខ្ញុំក៏បានទទួលស្គាល់ផងដែរថា ការមានរបស់ទ្រព្យច្រើនជាកម្មសិទ្ធិអាចមានគ្រោះថ្នាក់ នៅពេលដែលវានាំឲ្យយើងមានការខាតបង់ខាងវិញ្ញាណ។ កាលណាយើងមានទ្រព្យសម្បត្តិកាន់តែច្រើន នោះយើងក៏កាន់តែមានអារម្មណ៍ថា យើងមិនមានខ្វះអ្វីទេ បានជាយើងកាន់តែងាយភ្លេចខ្លួនថា យើងត្រូវការព្រះ ហើយភ្លេចស្រឡាញ់ព្រះអង្គ។
ប៉ុន្តែ សូមកុំភ្លេចឲ្យសោះថា អ្វីៗដែលយើងមាន គឺសុទ្ធតែមានប្រភពមកពីព្រះ ដែល “ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ”(១ធីម៉ូថេ ៦:១៧)។ គួរឲ្យស្តាយណាស់ ពេលដែលយើងបានទទួលរបស់នោះហើយ យើងបែរជាអរសប្បាយនឹងរបស់ទាំងនោះ ជាជាងអរសប្បាយនឹងព្រះ ដែលជាអ្នកឲ្យ។ ហេតុនេះហើយ បានជានៅពេលដែលព្រះទ្រង់រៀបនឹងប្រទាននូវជីវិត ដែលមានព្រះពរជាបរិបូរ ដល់រាស្រ្តព្រះអង្គ ក្នុងទឹកដីសន្យា ព្រះអង្គបានដាស់តឿនពួកគេថា “ចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា ជាព្រះនៃឯង”(ចោទិយកថា ៨:១១)។
បើព្រះទ្រង់បានអនុញ្ញាតឲ្យអ្នក បានអរសប្បាយនឹងភាពបរិបូរនៃសម្ភារៈ នោះចូររំឭកខ្លួនឯង អំពីប្រភពនៃសម្ភារៈទាំងនោះចុះ។ តាមពិត យើងរាល់គ្នាមានការជាច្រើន ដែលត្រូវអរព្រះគុណព្រះ ទោះបីជាយើងមានទ្រព្យសម្បត្តិច្រើន ឬក៏អត់ក៏ដោយ។ ចូរកុំភ្លេចព្រះបន្ទូល ដែលព្រះអម្ចាស់បានដាស់តឿន មិនឲ្យយើងភ្លេចព្រះអង្គ ហើយចូរសរសើរដំកើងព្រះអង្គ…
ជៀសវាងការខ្វះជាតិទឹកក្នុងខ្លួនធ្ងន់ធ្ងរ
កាលពីពីរបីឆ្នាំកន្លងទៅ ខ្ញុំមានបញ្ហាខ្វះជាតិទឹកក្នុងខ្លួនធ្ងន់ធ្ងរពីរដង។ ជាការពិតណាស់ ខ្ញុំមិនចង់ជួបរឿងនេះទៀតឡើយ។ វាបានកើតឡើងចំពោះខ្ញុំជាលើកដំបូង ពេលខ្ញុំមានគ្រោះថ្នាក់ដាច់សសៃសាច់ដុំ ខណៈពេលដែលខ្ញុំកំពុងជិះស្គីឆ្លងប្រទេស ហើយខ្ញុំខ្វះជាតិទឹកម្តងទៀត ពេលខ្ញុំធ្វើដំណើរកម្សាន្តក្នុងវាលរហោស្ថាន ដែលមានកម្តៅ៤៦អង្សាសេ ក្នុងប្រទេសអ៊ីស្រាអែល។ ក្នុងគ្រោះថ្នាក់ទាំងពីរលើក ខ្ញុំមានអាការៈវិលមុខ វង្វេងវង្វាន់ ព្រឹលភ្នែក និងមានរោគសញ្ញាជាច្រើនទៀត។ ការពិបាកទាំងអស់នេះ បានបង្រៀនខ្ញុំថា ទឹកមានសារៈសំខាន់ណាស់ នៅក្នុងការរក្សាសុខុមាលភាពឲ្យបានល្អ។
ការខ្វះជាតិទឹកក្នុងខ្លួនដ៏ធ្ងន់ធ្ងរនេះ គឺជាបទពិសោធន៍ ដែលបាននាំឲ្យខ្ញុំនឹកចាំ អំពីអត្ថន័យដ៏មានតម្លៃ នៃការដែលព្រះគ្រីស្ទមានព្រះបន្ទូលអញ្ជើញថា “បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ”(៧:៣៧)។ ព្រះបន្ទូលប្រកាសរបស់ព្រះអង្គ ត្រង់ចំណុចនេះ មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ណាស់ ជាពិសេស ត្រង់ចំណុចដែលទាក់ទងនឹងពេលវេលា។ សាវ័កយ៉ូ-ហានបានកត់សម្គាល់ថា ព្រះយេស៊ូវទ្រង់មានបន្ទូលជាពាក្យអញ្ជើញនេះ នៅថ្ងៃចុងក្រោយ នៃ“ពិធីបុណ្យបារាំ” ដែលគេប្រារព្ធជារៀងរាល់ឆ្នាំ ជាការរំឭក អំពីការដែលជនជាតិអ៊ីស្រាអែល វិលវល់ក្នុងវាលរហោស្ថាន ដែលវគ្គសំខាន់បំផុតនៃពិធីបុណ្យនេះ គឺការចាក់ទឹកបង្ហូរចុះតាមជណ្តើរនៃព្រះវិហារ ដើម្បីរំឭកអំពីការដែលព្រះប្រទានទឹក សម្រាប់ពួកអ៊ីស្រាអែល ដែលស្រេកទឹក ក្នុងដំណើរវិលវល់នោះ។ នៅពេលនោះ ព្រះយេស៊ូវទ្រង់បានក្រោកឈរឡើង ហើយប្រកាសថា ព្រះអង្គជាទឹកដែលយើងរាល់គ្នាត្រូវការ ដោយខានមិនបាន។
ដើម្បីឲ្យសុខុមាលភាពខាងវិញ្ញាណយើង មានភាពល្អប្រសើរ ជាចាំបាច់ យើងត្រូវមានការរស់នៅ ដែលបង្ហាញថា យើងពិតជាត្រូវការព្រះអង្គ ដោយការសន្ទនាជាមួយព្រះអង្គ…
ចូរយើងរួបរួមគ្នា
តំបន់ជាច្រើន ក្នុងពិភពលោកនេះ មានការជួបប្រទះនូវបាតុភូតព្រឹលធ្លាក់ដ៏អស្ចារ្យ ជាញឹកញាប់។ គ្រាប់ព្រឹលមានសម្រស់ដ៏ស្រស់ស្អាត ជាបន្ទះគ្រីស្ទាល់ទឹកកក ដែលត្រូវបានរចនាយ៉ាងពិសេស។ គ្រាប់ព្រឹលនីមួយៗ សុទ្ធតែមានសភាពផុយស្រួយ ហើយឆាប់រលាយ ពេលយើងដាក់វាក្នុងដៃយើង។ ប៉ុន្តែ ពេលដែលពួកវាផ្តុំចូលគ្នា វាបង្កើតបានជាកម្លាំងដ៏ខ្លាំង។ ពួកវាអាចបិទចរាចរណ៍នៃទីក្រុងធំៗបាន ហើយទន្ទឹមនឹងនោះ ពួកវាក៏បង្កើតទេសភាពដ៏ស្រស់ស្អាត ដែលមានដើមឈើគ្របដណ្តប់ដោយព្រឹល ដែលធ្វើឲ្យគេផ្តិតយករូបភាពរបស់វា ទៅដាក់លម្អក្នុងប្រតិទិន និងត្រូវបានគេប្រើប្រាស់ ដើម្បីបង្កើតស្នាដៃសិល្បៈផ្សេងៗ។ ពួកវាបានផ្តល់ឲ្យនូវការកម្សាន្តសប្បាយ សម្រាប់អ្នកជិះស្គីចុះពីលើចំណោត ហើយក៏បានធ្វើឲ្យក្មេងៗអរសប្បាយ នៅក្នុងការសូនរូបមនុស្សព្រឹល ព្រមទាំងសូនធ្វើដុំព្រឹលគប់គ្នាលេង។ ទាំងអស់នេះគឺសុទ្ធតែដោយសារគ្រាប់ព្រឹលនីមួយៗអាចផ្តំចូលគ្នា។
យ៉ាងណាមិញ អ្នកដើរតាមព្រះគ្រីស្ទក៏ចាំបាច់ត្រូវរួបរួមគ្នាជាធ្លុងមួយផងដែរ។ យើងម្នាក់ ៗសុទ្ធតែមានអំណោយទានពិសេសៗរៀងខ្លួន ដែលអាចរួមចំណែកនៅក្នុងការងារបម្រើព្រះគ្រីស្ទ។ ព្រះមិនដែលសព្វព្រះទ័យឲ្យយើងរស់នៅដាច់ពីគ្នាឡើយ តែទ្រង់សព្វព្រះទ័យឲ្យយើងធ្វើការរួមគ្នា ដើម្បីក្លាយជាកម្លាំងដ៏អស្ចារ្យ ថ្វាយព្រះ និងបំពេញបុព្វហេតុរបស់ទ្រង់។ គឺដូចដែលសាវ័កប៉ុលបានរំឭកយើងថា រូបកាយព្រះគ្រីស្ទ “មិនមែនសុទ្ធតែមានអវយវៈតែ១ទេ គឺមានច្រើនវិញ”(១កូរិនថូស ១២:១៤)។ យើងម្នាក់ៗត្រូវតែប្រើអំណោយទានរបស់យើង ដើម្បីបម្រើគ្នាទៅវិញទៅមក ដើម្បីឲ្យយើងអាចរួមគ្នាធ្វើឲ្យមានការផ្លាស់ប្រែដ៏សំខាន់ ក្នុងពិភពលោករបស់យើង។
សូមយើងប្រើអំណោយទានយើង ដើម្បីធ្វើការបម្រើព្រះ ដោយសហការណ៍ជាមួយអំណោយទានរបស់អ្នកដែលនៅក្បែរយើង ហើយអនុញ្ញាតឲ្យខ្យល់នៃព្រះវិញ្ញាណបរិសុទ្ធប្រើយើង ដើម្បីសិរីល្អទ្រង់! – Joe Stowell
ក្រេបយករស់ជាតិ គ្រប់ម៉ាត់
ជាញឹកញាប់ ម៉ាទី(Martie) ភរិយាខ្ញុំ បាននិយាយប្រាប់ខ្ញុំថា “បងចូ(Joe) បងញាំលឿនម្ល៉េះ! សូមបងញាំតាមសម្រួល ឲ្យបានសប្បាយខ្លះផង”។ តាមធម្មតា ខ្ញុំបានញាំបាយហើយមុននាង ព្រោះនាងចំណាយពេលក្រេបយករសជាតិគ្រប់ម៉ាត់។
យ៉ាងណាមិញ ខ្ញុំឆ្ងល់ថា តើក្នុងចំណោមយើងរាល់គ្នា មានមនុស្សប៉ុន្មាននាក់ ដែលចូលចិត្តអានព្រះបន្ទូលព្រះ ឲ្យឆាប់ចប់ ដោយមិនបានក្រេបយករស់ជាតិដ៏ពិតនៃព្រះបន្ទូលទ្រង់។ អ្នកនិពន្ធទំនុកដំកើងបានមានប្រសាសន៍ថា “ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត!”(ទំនុកដំកើង ១១៩:១០៣)។ បទគម្ពីរនេះ ពិតជាមានន័យចំពោះខ្ញុំណាស់!
តើយើងអាចទទួលប្រយោជន៍អ្វីខ្លះ ពីការអរសប្បាយនឹងអាហារដ៏សម្បូរបែបនៃព្រះគម្ពីរ? ការបរិភោគព្រះបន្ទូលព្រះជាអាហារប្រចាំថ្ងៃ ជួយការពារចិត្តដែលកំពុងខ្វះជីវជាតិ មិនឲ្យរងគ្រោះ ដោយសារការថប់បារម្ភ សេចក្តីអំណួត ការភ័យខ្លាច និងការល្បួង ហើយជួយចម្រើនកម្លាំងយើង នៅក្នុងដំណើរដ៏មានជ័យជម្នះ។ ព្រះបន្ទូលព្រះប្រទាននូវប្រាជ្ញា និងការយល់ដឹង(ខ.៩៨-១០០)។ ហើយបង្ខាំងជើងរបស់យើង ឲ្យវៀរចាកពីផ្លូវអាក្រក់(ខ.១០១)។ អាហារខាងសាច់ឈាមជួយចិញ្ចឹមរូបកាយយើង ឲ្យមានជីវជាតិគ្រប់គ្រាន់ ទន្ទឹមនឹងនោះ ព្រះបន្ទូលព្រះ គឺជាអាហារដែលជួយចិញ្ចឹមគំនិត អារម្មណ៍ និងបំណងចិត្តរបស់យើង។
យើងមិនត្រូវអានព្រះបន្ទូលទាំងប្រញាប់ប្រញាល់ ដើម្បីឲ្យឆាប់បានចេញទៅខាងក្រៅផ្ទះឡើយ។ យើងចាំបាច់ត្រូវអានព្រះបន្ទូល ដោយចំណាយពេលវេលាឲ្យបានសមរម្យ នៅកន្លែងដែលយើងពិតជាអាចប្រកបជាមួយព្រះ។
ចូរចំណាយពេល អរសប្បាយនឹងការក្រេបយកជីវជាតិដ៏សម្បូរបែប នៃព្រះបន្ទូលព្រះ។–Joe Stowell
ចូរស្ងៀមទៅ ហើយឈប់ចុះ
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ឈ្មោះ អេឡូវីស(Elouise) មានវិធីសាស្រ្តដ៏អស្ចារ្យ ដើម្បីធ្វើឲ្យជីវិតមានទស្សនៈវិស័យដ៏ឆ្លាតវ័យ។ ពេលដែលខ្ញុំសួរនាងថា “តើអ្នកសុខសប្បាយទេ ថ្ងៃនេះ?” ខ្ញុំបានរំពឹងថា នាងនឹងឆ្លើយតបដូចពេលរាល់ដងថា “សុខសប្បាយជាទេ” ។ តែផ្ទុយទៅវិញ នាងឆ្លើយថា “ខ្ញុំត្រូវតែដាស់ទ្រង់ឲ្យភ្ញាក់ឡើង!” ពេលដែលខ្ញុំសួរនាងថា តើនាងកំពុងនិយាយអំពីអ្វី នាងក៏ឆ្លើយរបៀបលេងសើចថា “តើអ្នកមិនមើលព្រះគម្ពីរទេឬ បានជាមិនដឹង?” បន្ទាប់មកនាងក៏បានពន្យល់ថា “ពេលដែលពួកសាវ័កជួបគ្រោះភ័យ ពួកគេបានប្រញាប់ទៅដាស់ព្រះយេស៊ូវឲ្យភ្ញាក់ពីដំណេក។ ដូចនេះ ខ្ញុំក៏នឹងទៅដាស់ទ្រង់ផងដែរ!”
ទាក់ទងនឹងរឿងនេះ យើងអាចសួរខ្លួនឯងថា ពេលដែលយើងទាល់ច្រក ពេលមានគ្រោះភ័យ ដោយមិនដឹងជារត់គេចទៅណា តើយើងនឹងធ្វើដូចម្តេច? យើងប្រហែលជាប្រញាប់ទៅរកព្រះយេស៊ូវ ដូចពួកសាវ័ករបស់ទ្រង់ នៅពេលដែលពួកគេកំពុងជួបខ្យល់ព្យុះដែលកំពុងគំរាមកំហែងជីវិតរបស់ពួកគេដែរហើយ(ម៉ាកុស ៤:៣៥-៤១)។ ទោះជាយ៉ាងណាក៏ដោយ ជួនកាល យើងប្រហែលជាចង់រំដោះខ្លួនចេញពីបញ្ហា ដោយខំរកឱកាសសងសឹក ឬនិយាយអាក្រក់ពីអ្នកដែលបានធ្វើបាបយើង ឬក៏គ្រាន់តែចូលទៅសង្ងំនៅគៀនជញ្ជាំង ពេលដែលយើងផុងខ្លួនកាន់តែជ្រៅទៅៗ ចូលទៅក្នុងភាពអស់សង្ឃឹម។
យើងចាំបាច់ត្រូវរៀនសូត្រ ពីពួកសិស្សដែលបានគេចទៅរកព្រះយេស៊ូវ ដែលជាក្តីសង្ឃឹមតែមួយរបស់ពួកគេ។ ទ្រង់ប្រហែលជាមិនរំដោះខ្លួនយើង ឲ្យរួចភ្លាមៗឡើយ តែការដែលយើងនឹកចាំថា ទ្រង់តែងតែគង់នៅក្នុងទូកជាមួយយើងជានិច្ច ពិតជាអាចជួយកែប្រែស្ថានភាពរបស់យើងបាន។ យើងអរព្រះគុណទ្រង់ ដែលតែងតែគង់នៅជាមួយយើងជានិច្ច នៅក្នុងព្យុះនៃជីវិត ដោយមានបន្ទូលយ៉ាងដូចនេះថា “ចូរស្ងៀមទៅ ហើយឈប់ចុះ”(ខ.៣៩)។ ដូចនេះ ចូរស្វែងរកទ្រង់ ក្នុងព្យុះរបស់អ្នក ហើយអនុញ្ញាតឲ្យទ្រង់បំពេញចិត្តអ្នក…
អាហារថ្ងៃត្រង់ ដែលមិនបានញាំ
ខ្ញុំយល់ថា អាហារមិនគ្រាន់តែសម្រាប់បំពេញសេចក្តីត្រូវការរបស់យើងប៉ុណ្ណោះឡើយ តែក៏ជាផ្នែកមួយនៃជីវិត ដែលអាចឲ្យយើងអរសប្បាយ យ៉ាងអស្ចារ្យ! ខ្ញុំចូលចិត្តអង្គុយ នៅកន្លែងដែលគេបានរៀបអាហារយ៉ាងរៀបរយ ជាពិសេស នៅពេលដែលខ្ញុំឃ្លាន។ ពេលនោះខ្ញុំស្រមៃឃើញថា ពួកសាវ័កកំពុងឃ្លានអាហារថ្ងៃត្រង់ ពេលដែលពួកគេត្រឡប់មករកព្រះយេស៊ូវ នៅកន្លែងអណ្តូងទឹក ដែលពេលនោះ ទ្រង់កំពុងមានបន្ទូលជាមួយស្រ្តីសាសន៍សាម៉ារីម្នាក់។ ពួកគេទូលទ្រង់ថា “លោកគ្រូ អញ្ជើញពិសា”(យ៉ូហាន ៤:៣១)។ ទ្រង់បានមានបន្ទូលតបថា “ខ្ញុំមានអាហារសំរាប់ទទួលទានហើយ គឺជាអាហារដែលអ្នករាល់គ្នាមិនស្គាល់”(ខ.៣២) ដូច្នេះ ពួកសិស្សសួរគ្នាទៅវិញទៅមកថា មានអ្នកណាយកអ្វីមកជូនលោកពិសាដែរឬអី (ខ.៣៣)។
ត្រង់ចំណុចនេះ ខ្ញុំឆ្ងល់ ថាតើពួកសិស្សរវល់តែគិតអំពីអាហារពេកឬ បានជាពួកគេមិនអាចមើលឃើញអ្វីក្រៅពីការញាំអាហារ ។ ពួកគេមិនបានយល់អំពីសារសំខាន់ នៃការអ្វីដែលកំពុងកើតឡើង នៅពេលនោះឡើយ។ អ្វីដែលសំខាន់បំផុតសម្រាប់ព្រះយេស៊ូវ “គឺត្រង់ការធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យទ្រង់មក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង”(ខ.៣៤)។ ទ្រង់បានផ្តោតទៅលើសេចក្តីត្រូវការខាងវិញ្ញាណរបស់ស្រ្តីម្នាក់នេះ ព្រោះមានតែទ្រង់ទេដែលអាចបំពេញសេចក្តីត្រូវការនោះបាន។
យើងងាយនឹងរវល់តែគិតពីសេចក្តីត្រូវការ ក្នុងពេលបច្ចុប្បន្ន។ តែព្រះយេស៊ូវអញ្ជើញឲ្យយើងចេះគិត តែមិនមែនគិតតែពីប្រយោជន៍របស់យើង ដែលគ្រាន់តែដូចជាអាហារថ្ងៃត្រង់ដ៏តូចតាចនោះឡើយ តែឲ្យបើកភ្នែក មើលទៅវិញ្ញាណដែលកំពុងស្វែងរកចម្លើយ សម្រាប់សេចក្តីត្រូវការដ៏ខ្លាំងបំផុតរបស់ខ្លួន។ ដូចនេះ សូមយើងចូលរួមជាមួយព្រះយេស៊ូវ នៅកន្លែងអណ្តូងទឹកនោះ ហើយអនុញ្ញាតឲ្យទ្រង់ប្រើអ្នក ដើម្បីប្រាប់អ្នកដទៃ អំពីអាហារខាងវិញ្ញាណ ដែលមានតែទ្រង់ប៉ុណ្ណោះ ដែលអាចប្រទានអាហារនោះបាន។–Joe Stowell
សុទ្ធតែមានតម្លៃ
ក្នុងមួយជីវិតនេះ ខ្ញុំបានប្រមូលទុករបស់របរជាច្រើន។ ខ្ញុំមានប្រអប់ដាក់ឥវ៉ាន់ ដែលកាលពីមុនមានសារៈសំខាន់ តែក្រោយមក ក៏លែងចាប់អារម្មណ៍។ ហើយក្នុងនាមជាអ្នកប្រមូលទុករបស់របរដែលមិនព្រមប្រែចិត្ត ខ្ញុំក៏បានដឹងថា ភាពរំភើបរីករាយ កើតមាននៅក្នុងការស្វែងរក និងទទួលបាននូវរបស់របរថ្មីៗជាបន្ថែមទៀត។ ហេតុនេះហើយ ខ្ញុំក៏ងាកមកផ្តោតអារម្មណ៍ ទៅលើការស្វែងរករបស់បន្ទាប់។
ខណៈពេលដែលយើងបង្គរទុកនូវរបស់ជាច្រើន ដែលសំខាន់ចំពោះយើង យើងប្រហែលមិនដឹងទេថា ក្នុងចំណោមរបស់ទាំងនោះ មានរបស់តិចណាស់ ដែលពិតជាមានតម្លៃចំពោះយើង។ តាមពិត ក្រោយមក ខ្ញុំក៏បានដឹងថា អ្វីដែលមានតម្លៃបំផុតក្នុងជីវិតមិនមែនជាវត្ថុទាល់តែសោះ។ ផ្ទុយទៅវិញ អ្នកដែលបានស្រឡាញ់ខ្ញុំ និងអ្នកដែលព្រះបានប្រទានមកក្នុងជីវិតខ្ញុំ ទើបមានតម្លៃ។ ក្នុងចិត្តរបស់ខ្ញុំ ខ្ញុំដឹងថា “បើគ្មានពួកគាត់ទេ នោះខ្ញុំមិនដឹងជាទៅជាយ៉ាងណាទេ” ដូចនេះ ពួកគេពិតជាមានតម្លៃចំពោះខ្ញុំណាស់។
ដូចនេះ ពេលដែលលោកពេត្រុសបានមានប្រសាសន៍ថា ព្រះយេស៊ូវជា “អ្នកដាក់ថ្មជ្រុង១នៅក្រុងស៊ីយ៉ូន ជាថ្មដែលជ្រើសរើស ហើយវិសេសវិសាល” (១ពេត្រុស ២:៦) នោះចិត្តរបស់យើងគួរតែដឹងជាក់ច្បាស់ថា ទ្រង់ពិតជាមានតម្លៃចំពោះយើងណាស់ គឺលើសរបស់របរ និងមនុស្សដែលយើងមានក្នុងជីវិតរបស់យើង។ យើងអាចសួរខ្លួនឯងថា តើសព្វថ្ងៃនេះ យើងនឹងទៅជាយ៉ាងណា បើសិនជាទ្រង់មិនមានព្រះវត្តមានប្រកបជាប់នៅជាមួយយើង យ៉ាងស្មោះត្រង់ និងមិនដែលខាន ដែលប្រកបដោយប្រាជ្ញា និងការដឹកនាំដ៏ល្អឥតខ្ចោះ ដោយអត់ធ្មត់ដែលប្រកបដោយចិត្តមេត្តា ដែលមានការកម្សាន្តចិត្ត និងកែប្រែជីវិតទេនោះ? និយាយឲ្យខ្លី បើគ្មានទ្រង់ទេ តើយើងនឹងទៅជាយ៉ាងណា?…
រដូវកាលដ៏ល្អបំផុត
ជីវិតមនុស្សមានលក្ខណៈដូចអាកាសធាតុណាស់ … ពោលគឺវាមានរដូវកាល។ ជីវិតរបស់យើង តែងតែមានផ្លូវដែលជំរុញឲ្យយើង ចូលទៅក្នុងរដូវកាលមួយទៀត ទោះបីជាយើងចូលចិត្តឬមិនចូលចិត្តក៏ដោយ។ ហើយពេលដែលយើងត្រូវបានរុញច្រាន ឲ្យចូលក្នុងរដូវកាលបន្ទាប់ ជាញឹកញាប់ យើងមិនមានការប្រាកដក្នុងចិត្ត ឬមានការភ័យខ្លាច ចំពោះការអ្វីដែលអាចកើតមានចំពោះយើង ក្នុងរដូវកាលថ្មីនោះ។
នេះជាការពិតមែន ជាពិសេសសសម្រាប់រដូវកាលចុងក្រោយនៃជីវិត គឺនៅពេលដែលយើងត្រូវបានបន្លាចដោយ ការចោទសួរខ្លួនឯងថា តើខ្ញុំនឹងត្រូវនៅម្នាក់តែឯងឬ? តើសុខភាពរបស់ខ្ញុំអាចទ្រាំទ្របានទេ? តើខ្ញុំនឹងមានលុយចាយគ្រប់គ្រានឬទេ? តើគំនិតខ្ញុំនឹងនៅតែថ្មីជានិច្ចឬទេ? ទោះយើងកំពុងស្ថិតក្នុងរដូវកាលនៃជីវិតមួយណាក៏ដោយ ក៏យើងត្រូវតែមានការសម្រេចចិត្ត ថាតើយើងនឹងខ្ជេះខ្ជាយពេលវេលានៃរដូវកាលនោះ ដោយសារគំនិតដែលពេញដោយការភ័យខ្លាច ឬ “លៃយកឱកាសឲ្យទាន់ពេល ពីព្រោះសម័យនេះអាក្រក់ណាស់” គឺដូចដែលសាវ័កប៉ុលបានបង្រៀនយើង (អេភេសូរ ៥:១៦)។
ទោះបីអ្នកកំពុងស្ថិតនៅក្នុងរដូវកាលណាក៏ដោយ ក៏អ្នកនៅតែអាចទុកចិត្តសេចក្តីស្មោះត្រង់របស់ព្រះជានិច្ច។ ទ្រង់បានមានបន្ទូលថា “អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ បានជាយើងរាល់គ្នាអាចនឹងនិយាយ ដោយក្លាហានថា ខ្ញុំមិនព្រមខ្លាចឡើយ”(ហេព្រើ ១៣:៥-៦)។
ដោយសារអ្នកមានព្រះវត្តមានព្រះ និងការផ្គត់ផ្គង់របស់ទ្រង់ នោះអ្នកអាចលៃយកឱកាសឲ្យបានល្អបំផុត ក្នុងរដូវកាលនីមួយៗ ដោយដើរតាមព្រះយេស៊ូវយ៉ាងប្រកិត ដោយចំណាយពេលជាមួយព្រះបន្ទូលទ្រង់ និងអធិស្ឋាន ដោយស្រឡាញ់ និងអត់ទោសឲ្យអ្នកដទៃ កាន់តែអស់ពីចិត្ត ហើយបម្រើគេដោយអំណរ និងចិត្តសប្បុរស។
ព្រះបានប្រទានពរឲ្យយើងមានរដូវកាលក្នុងពេលបច្ចុប្បន្ន នោះចូរយើងប្រើពេលនោះឲ្យមានប្រយោជន៍បំផុត!–Joe Stowell
បំពេញឆ្នាំដែលស៊ីបង្ខូច
គ្មាននរណាម្នាក់ ដែលអាចនិយាយថា ខ្លួនមិនចេះស្តាយក្រោយនោះឡើយ។ ជាញឹកញាប់ យើងបានសម្រេចចិត្តដើរផ្លូវខុស ដែលផ្លូវខ្លះវែងជាងផ្លូវផ្សេងទៀត ហើយក៏អាចបន្តជះឥទ្ធិពលមកលើគំនិត រូបកាយ និងវិញ្ញាណក្នុងរយៈពេលយូរផងដែរ។
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានរស់នៅក្នុងជីវិតដែលញៀនស្រា និងញៀនថ្នាំ អស់រយៈពេលជាច្រើនឆ្នាំ។ តែព្រះបានធ្វើការដ៏អស្ចារ្យក្នុងជីវិតគាត់ ហើយថ្មីៗនេះ គាត់បានធ្វើពិធីអបអរការផ្តាច់សារធាតុញៀន អស់រយៈពេល២៥ឆ្នាំ។ សព្វថ្ងៃនេះ គាត់កំពុងតែមានជោគជ័យក្នុងមុខជំនួញ គាត់មានភរិយាដែលមានការប្តូរប្តេជ្ញ ហើយកូនៗរបស់គាត់ក៏សុទ្ធតែជាអ្នកស្រឡាញ់ព្រះយេស៊ូវ។ គាត់មានចិត្តឆេះឆួលចង់ ឈោងចាប់អ្នកដទៃ ដែលកំពុងជាប់ខ្លួនក្នុងរណ្តៅនៃជីវិត ហើយគាត់បានបម្រើការជាគ្រូបង្រៀនផ្ទាល់ខ្លួន ដែលមានប្រាជ្ញា និងសេចក្តីស្រឡាញ់ នៅក្នុងប្រតិបត្តិការណ៍សង្រ្គោះជីវិតពួកគេ។
ព្រះមិនដែលបោះបង់យើងចោលឡើយ! ទោះបីជាយើងបានធ្វើការសម្រេចចិត្តខុស ក្នុងពេលកាលពីមុន ដែលធ្វើឲ្យយើងមានវិបត្តិសារីក៏ដោយ ក៏យើងនៅតែអាចសម្រេចចិត្តជ្រើសរើសផ្លូវនៃជីវិត ក្នុងពេលឥឡូវនេះ។ យើងអាចសម្រេចចិត្ត ថាតើយើងត្រូវបន្តរស់នៅក្នុងជីវិតដែលហិនហោច ដោយគ្រាន់តែខំលេបវិបត្តិសារី ឬយើងត្រូវរត់ទៅរកព្រះគ្រីស្ទ ដោយជឿថា ទ្រង់មានផ្លូវ “នៃការបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូច ដោយសត្វកណ្តូប”(យ៉ូអែល ២:២៥)។ ពេលដែលយើងស្វែងរកការប្រោសឲ្យជា និងអំណាចនៃការរំដោះរបស់ទ្រង់ ដោយការប្រែចិត្តចេញពីអំពើបាប នោះយើងនឹងបានទទួលសេចក្តីមេត្តាករុណាពីទ្រង់មិនខាន។
ទោះបីជាយើងនៅតែទទួលផលវិបាក ពីការអ្វីដែលយើងបានធ្វើពីអតីតកាលក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា ព្រះទ្រង់មានអនាគតដ៏ល្អ និងរុងរឿង សម្រាប់អ្នកដែលទុកចិត្តលើទ្រង់!–Joe Stowell
ឱក្តីស្រឡាញ់ដែលមិនបោះបង់ចោលខ្ញុំ
សេចក្តីស្រឡាញ់ គឺជាចំនុចស្នូលនៃទំនាក់ទំនងដែលជោគជ័យ។ ព្រះគម្ពីរបង្រៀនយើងយ៉ាងច្បាស់ថា យើងត្រូវរស់នៅជាមនុស្ស ដែលមានសេចក្តីស្រឡាញ់ គឺស្រឡាញ់ព្រះអស់ពីដួងចិត្ត និងស្រឡាញ់អ្នកជិតខាងដូចជាខ្លួនឯង ព្រមទាំងស្រឡាញ់សត្រូវផងដែរ។ ប៉ុន្តែ យើងពិបាកស្រឡាញ់អ្នកដទៃ ពេលដែលយើងមានអារម្មណ៍ថា គេមិនស្រឡាញ់យើង។ សម្រាប់កុមារ ឬប្តីប្រពន្ធដែលមិនបានទទួលការយកចិត្តទុកដាក់ ពីឪពុកម្តាយ ឬពីប្តីប្រពន្ធរបស់ខ្លួន ហើយឪពុកម្តាយដែលកំពុងរស់នៅដាច់ឆ្ងាយ ពីកូនៗខ្លួន ពួកគេសុទ្ធតែយល់ អំពីការឈឺចាប់ក្នុងចិត្ត ដោយសារការរស់នៅដែលខ្វះសេចក្តីស្រឡាញ់។
ដូច្នេះ អ្នកដែលកំពុងត្រូវការសេចក្តីស្រឡាញ់ពីអ្នកដទៃ អាចមានអំណរឡើង ពេលដែលបានដឹងថា ព្រះបានស្រឡាញ់ពួកគេយ៉ាងខ្លាំង។ ចូរគិតពិចារណា អំពីសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលព្រះអង្គបានបង្ហាញចេញមក នៅលើឈើឆ្កាង សម្រាប់យើងរាល់គ្នា។ ចូរជញ្ជឹងគិត អំពីការពិតដែលថា ប្រសិនបើអ្នកទុកចិត្តលើព្រះអង្គ នោះសេចក្តីស្រឡាញ់ព្រះអង្គគ្របដណ្តប់កំហុស និងបរាជ័យរបស់យើង ហើយអ្នកបានទទួលការគ្របដណ្តប់ ដោយសេចក្តីសុចរិតដ៏គ្រប់លក្ខណ៍របស់ទ្រង់(រ៉ូម ៣:២២-២៤)។ ចូរពិចារណាអំពីសេចក្តីពិតដែលចែងថា គ្មានអ្វីមួយអាចបំបែកយើងចេញពីក្តីស្រឡាញ់របស់ព្រះឡើយ(៨:៣៩)។ ចូរឱបក្រសោបយកផែនការនៃសេចក្តីស្រឡាញ់ ដែលទ្រង់មានសម្រាប់អនាគតរបស់យើង ដែលនឹងឲ្យយើងបានទទួលនូវសេចក្តីស្រឡាញ់អស់កល្បជានិច្ច(យ៉ូហាន ៣:១៦)។
នៅពេលលោកយ៉ូហានប្រាប់យើងថា “ចូរស្រឡាញ់គ្នាទៅវិញទៅមក” នោះគាត់ក៏បានហៅយើងថា “ពួកស្ងួនភ្ងា” ផងដែរ(១យ៉ូហាន ៤:១១ និង ៣:១-២)។ ពេលណាយើងដឹងថា ព្រះស្រឡាញ់យើងខ្លាំងប៉ុណ្ណាហើយ នោះយើងងាយនឹងក្លាយជាមនុស្ស ដែលមានក្តីស្រឡាញ់ ស្របតាមការត្រាស់ហៅរបស់ព្រះ ពោលគឺយើងថែមទាំងបង្ហាញសេចក្តីស្រឡាញ់ ដល់អ្នកដែលមិនស្រឡាញ់យើងទៀតផង។–Joe…