ទ្រព្យសម្បត្តិជាតិ
ពេលដែលអ្នកផ្សាយពាណិជ្ជកម្មម្នាក់ បានកែរូបថតរូបចម្លាក់ថ្មម៉ាបដ៏ល្បីល្បាញ របស់លោកមៃឃលអែនជែលឡូ(Michelangelo) ដែលជារូបចម្លាក់ស្តេចដាវីឌ ដែលមានចែងក្នុងព្រះគម្ពីរ រដ្ឋាភិបាលប្រទេសអ៊ីតាលី និងមន្ត្រីសារៈមន្ទីរបានប្រឆាំងនឹងការកែរូបថតនេះ។ មន្ត្រីក្រសួងវិចិត្រសីល្បៈប្រទេសអ៊ីតាលីបានមានប្រសាសន៍ថា ការដែលអ្នកផ្សាយពាណិជ្ជកម្មរូបនោះ បានកាត់តដាក់រូបស្តេចដាវីឌ ឲ្យស្ពាយកាំភ្លើងនៅនឹងស្មា (ជាជាងដាក់រូបដង្ហក់របស់ទ្រង់) គឺជាការបំពាន ដែលមិនខុសពីការយកញញួរវាយកំទេចរូបចម្លាក់នោះ ឬយ៉ាប់ជាងនេះទៀត។
នៅទីក្រុងយេរូសាឡិម កាលពីសតវត្សរ៍ទី១ គេបាននឹកចាំថា ស្តេចដាវីឌជាអ្នកគង្វាល ដែលបាននិពន្ធបទចម្រៀង និងជាស្តេចដែលធ្វើសឹកសង្រ្គាម ដែលដឹតជាប់ក្នុងការចងចាំ របស់ជនជាតិអ៊ីស្រាអែល និងបាននាំមកនូវសេចក្តីសង្ឃឹមដ៏អស្ចារ្យបំផុត។ ពួកហោរាបានថ្លែងទំនាយថា កូនចៅជំនាន់ក្រោយរបស់ស្តេចដាវីឌ នឹងបានវាយឈ្នះពួកខ្មាំងសត្រូវរបស់សាសន៍អ៊ីស្រាអែលនៅទីបញ្ចប់។ ហេតុនេះហើយ ជាច្រើនសតវត្សរ៍ក្រោយមក ពេលដែលពួកបណ្តាជនបានស្វាគមន៍ព្រះយេស៊ូវ ដោយចាត់ទុកទ្រង់ជា ព្រះរាជបុត្រានៃស្តេចដាវីឌ (ម៉ាថាយ ២១:៦-៩) ពួកគេបានរំពឹងថា ទ្រង់នឹងដឹកនាំការបះបោរ ដើម្បីរំដោះប្រទេសខ្លួនឲ្យរួចពីនឹមត្រួតត្រារបស់ចក្រភពរ៉ូម៉ាំង។ តែផ្ទុយទៅវិញ ព្រះយេស៊ូវបានផ្តួលតុរបស់អ្នករកស៊ីដូរលុយ នៅព្រះវិហារ ដើម្បីស្អាងដំណាក់ព្រះវរបិតារបស់ទ្រង់ ឲ្យក្លាយជាដំណាក់សម្រាប់អធិស្ឋាន សម្រាប់មនុស្សគ្រប់ជាតិសាសន៍។ ពួកអ្នកដឹកនាំរបស់ជនជាតិអ៊ីស្រាអែលក៏មានការខឹងសម្បា។ ទ្រង់មិនបានធ្វើខ្លួនជាព្រះមែស៊ី និងព្រះរាជបុត្រានៃស្តេចដាវីឌ ដូចដែលពួកគេបានរំពឹងទុកនោះឡើយ។ ដូចនេះ ពួកគេមិនដឹងថាខ្លួនឯងកំពុងធ្វើអ្វីទេ បានជាពួកគេឲ្យពួកពេជឃាតរ៉ូម៉ាំង យកញញួរមកដំដែកគោលពីលើព្រះហស្ត និងព្រះបាទទ្រង់ជាប់នឹងឈើឆ្កាង ទាំងដែលទ្រង់ជាសិរីល្អដ៏ពិតនៃជនជាតិអ៊ីស្រាអែល។
ព្រះយេស៊ូវមិនបានបញ្ឈប់ពួកគេឡើយ ផ្ទុយទៅវិញ ទ្រង់បានបណ្តោយឲ្យគេឆ្កាងទ្រង់ នៅលើឈើឆ្កាងនៃសេចក្តីអាម៉ាស។ មានតែការមានព្រះជន្មរស់ឡើងវិញទេ ដែលនឹងធ្វើឲ្យគេដឹងថា ព្រះយេស៊ូវដែលជារាជបុត្រានៃស្តេចដាវីឌ បានឈ្នះខ្មាំងសត្រូវទ្រង់…
អំណោយរបស់ពួកអ្នកប្រាជ្ញ
មានប្តីប្រពន្ធមួយគូ មានសេចក្តីស្រឡាញ់ ច្រើនជាងមានលុយ។ ពេលដែលបុណ្យណូអែលកាន់តែរំគិលមកដល់ អ្នកទាំងពីរមានការពិបាក នៅក្នុងការស្វែងរកអំណោយមួយ ដើម្បីបង្ហាញថា ពួកគេយកចិត្តទុកដាក់ចំពោះគ្នាខ្លាំងប៉ុណ្ណា។ ទីបំផុត នៅថ្ងៃមុនពេលបុណ្យណូអែលមកដល់ អ្នកស្រីដេឡា(Della) ក៏បានលក់សក់ដ៏វែងរបស់គាត់ ដើម្បីទិញខ្សែនាឡិការធ្វើពីផ្លាកទីន សម្រាប់ដាក់នាឡិកា ជាមរតកដែលលោកជីមបានទទួលពីឪពុកគាត់ ហើយឪពុកគាត់ ទទួលពីជីតារបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ លោកជីម ទើបតែបានលក់នាឡិការនោះ ដើម្បីយកលុយទិញក្រាសសឹតសក់ដ៏មានតម្លៃមួយ ឲ្យអ្នកស្រីដេឡា។
លោកអូ ហេនរី(O. Henry) ដែលជាអ្នកនិពន្ធ បានហៅរឿងប្តីប្រពន្ធមួយគូនេះថា “អំណោយរបស់អ្នកប្រាជ្ញ”។ រឿងនេះ បានបង្ហាញថា ទោះបីជាអំណោយរបស់អ្នកទាំងពីរអាចប្រើឲ្យមានប្រយោជន៍ ហើយអាចធ្វើឲ្យអ្នកដទៃគិតថា អ្នកទាំងពីរល្ងង់ក៏ដោយ ក៏សេចក្តីស្រឡាញ់របស់ពួកគេបានធ្វើឲ្យពួកគេ ស្ថិតក្នុងចំណោមមនុស្សដែលមានប្រាជ្ញាបំផុត នៅក្នុងការឲ្យអំណោយ។
យ៉ាងណាមិញ ពួកអ្នកប្រាជ្ញ ដែលមកគាល់ព្រះយេស៊ូវ នៅថ្ងៃបុណ្យណូអែលដំបូងបំផុត ក៏អាចត្រូវអ្នកខ្លះគិតថា ពួកគេជាមនុស្សល្ងង់ផងដែរ ពេលដែលពួកគេធ្វើដំណើរមកដល់ ភូមិបេថ្លេហិម ដោយនាំអំណោយជាមាស កំញាន និងជ័រល្វីងទេស(ម៉ាថាយ ២:១១)។ ពួកគេមិនមែនជាជនជាតិយូដាទេ។ ពួកគេជាសាសន៍ដទៃ ដែលមិនបានដឹងទេថា ពួកគេអាចធ្វើឲ្យមានភាពវឹកវរប៉ុណ្ណា ពេលដែលខ្លួនសួររកស្តេចនៃសាសន៍យូដា ដែលទើបតែប្រសូត្រនោះ(ខ.២។
តែផែនការរបស់ពួកអ្នកប្រាជ្ញមិនប្រែជាអសាឥតការឡើយ។ រឿងនេះ គឺមិនខុសពីរឿងរបស់លោកជីម និងអ្នកស្រីដាឡា។ ព្រោះពួកគេបានថ្វាយអំណោយ ដែលមាសប្រាក់មិនអាចទិញបាន។…