តើព្រះបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ នៅពេលថ្មីៗនេះ?
ខ្ញុំបានជួបបុរសម្នាក់ ដែលបានជឿជាក់ថា ព្រះពិតជាមិនអាចអត់ទោសឲ្យគាត់ ចំពោះអ្វីដែលគាត់បានប្រព្រឹត្តឡើយ។ មានបុរសចំណាស់ម្នាក់បានជួយលើកទឹកចិត្តគាត់ ហើយខ្ញុំមានចិត្តរីករាយ ពេលបានដឹងថា មួយឆ្នាំក្រោយមក គាត់មិនគ្រាន់តែបានទទួលព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងមានចិត្តស្រេកឃ្លានចំពោះព្រះបន្ទូល ក្នុងបទគម្ពីរថែមទៀតផង។ទោះជាយ៉ាងណាក៏ដោយ បីឆ្នាំក្រោយមក នៅពេលខ្ញុំបានជួបនិយាយជាមួយគាត់ ខ្ញុំបានកត់សំគាល់ឃើញថា ភាពក្លៀវក្លារបស់គាត់ក៏លែងមាន ហើយគាត់ប្រែជារអ៊ូរទាំថា “ខ្ញុំមិនយល់ទាល់តែសោះ ថាហេតុអ្វីបានជាព្រះអនុញ្ញាត ឲ្យមនុស្សអាក្រក់ចម្រុងចម្រើន ខណៈដែលកូនៗរបស់ទ្រង់ជាច្រើន (រួមទាំងខ្លួនគាត់ផង) កំពុងជួបការខ្វះខាតយ៉ាងត្រដាបត្រដួស”។ ដូចនេះ ការរអ៊ូរទាំបានស៊ីបំផ្លាញអំណរនៃសេចក្តីជំនឿរបស់គាត់ហើយ។
គាត់ភ្លេចហើយថា ខ្លួនត្រូវការព្រះគុណរបស់ព្រះគ្រីស្ទខ្លាំងប៉ុណ្ណា គឺមិនខុសពីគ្រីស្ទបរិស័ទជាច្រើនទៀតឡើយ។ គាត់បានដឹងគុណព្រះ ពេលគាត់ទទួលព្រះអម្ចាស់ជាលើកដំបូង តែការដឹងគុណនោះបានបាត់បង់អស់ហើយ។ ការនេះបានរំឭកយើង អំពីពួកឈ្នួលនៅចំការទំពាំងបាយជូរ ដែលព្រះយេស៊ូវបានមានបន្ទូលក្នុងរឿងប្រៀបប្រដូច(ម៉ាថាយ ២០:១-១៦)។ ពួកឈ្នួលទាំងនោះ បានងាកមកផ្តោតអារម្មណ៍ទៅលើការអ្វីដែលអ្នកដទៃបានទទួល ជាជាងដឹងគុណចៅហ្វាយរបស់ខ្លួន(ខ.១០-១២)។
ព្រះទ្រង់មិនដែលជំពាក់យើង ក្នុងការអ្វីឡើយ តែទ្រង់បានប្រទានសេចក្តីសង្រ្គោះដល់យើង ដោយមិនគិតថ្លៃ ពេលដែលយើងទទួលព្រះគ្រីស្ទ គឺដូចដែលទ្រង់បានសន្យា។ រួចទ្រង់បានបន្ថែមពីលើសេចក្ដីសប្បុរសរបស់ទ្រង់ ដោយចាត់ព្រះវិញ្ញាណរបស់ទ្រង់ ឲ្យមកជួយយើងក្នុងជីវិតនេះ ខណៈដែលយើងកំពុងត្រៀមខ្លួន ទទួលសេចក្តីអំណរដ៏នៅអស់កល្បជានិច្ច ជា មួយទ្រង់។ ពេលយើងជួបការអ្វីដែលហាក់ដូចជាអយុត្តិធម៌ ក្នុងជីវិតនេះ នោះចូរយើងសម្លឹងមើលទៅឯទ្រង់ និងព្រះបន្ទូលរបស់ទ្រង់ ជាជាងសម្លឹងមើលអ្នកដទៃ។ —Randy Kilgore
នៅក្នុងព្រះហស្តព្រះជានិច្ច
ក្នុងអំឡុងរយៈពេលនៃការសិក្សាឆ្នាំទី១របស់ខ្ញុំ នៅសា លាព្រះគម្ពីរ មានមិត្តភក្តិថ្មីរបស់ខ្ញុំម្នាក់ បានរៀបរាប់អំពីជីវិតរបស់នាងឲ្យខ្ញុំស្តាប់។ ពេលប្តីរបស់នាងបោះបង់ នាងចោល នាងត្រូវចិញ្ចឹមកូនតូចៗពីរនាក់តែម្នាក់ឯង។ នាងអាចរកចំណូលបានតែបន្តិចបន្តួចប៉ុណ្ណោះ ដូច្នេះ នាងមានឱកាសតិចណាស់ នៅក្នុងការគេចចេញពីភាពក្រីក្រ និងគ្រោះថ្នាក់ទាំងឡាយ នៅក្នុងតំបន់ដែលនាងរស់នៅ។
ក្នុងនាមជាឪពុកម្នាក់ ខ្ញុំមានការប៉ះពាល់ចិត្ត ពេលបានឮនាងនិយាយអំពីក្តីបារម្ភ ដែលនាងមានចំពោះកូនៗរបស់នាង បានជាខ្ញុំសួរនាងថា “តើអ្នកអាចរ៉ាប់រងការទាំងអស់នេះដោយរបៀបណា?” នាងហាក់ដូចជាភ្ញាក់ផ្អើល ចំពោះសំណួរនេះ ហើយក៏បានឆ្លើយថា “យើងធ្វើអ្វីដែលយើងអាចធ្វើបាន ហើយខ្ញុំត្រូវថ្វាយពួកគេ ទៅក្នុងព្រះហស្តព្រះ។” ទំនុកចិត្តដែលនាងមានចំពោះព្រះ ក្នុងគ្រាមានទុក្ខលំបាក បានធ្វើឲ្យខ្ញុំនឹកចាំពីទំនុកចិត្តដែលលោកយ៉ូបមានចំពោះព្រះ(១:៦-២២)។
មួយឆ្នាំក្រោយមក នាងបានទូរស័ព្ទមកខ្ញុំ ដើម្បីអញ្ជើញឲ្យខ្ញុំទៅចូលរួមពិធីបុណ្យសព នៅផ្ទះរបស់នាង បន្ទាប់ពីកូនប្រុសរបស់នាងបានបាត់បង់ជីវិត ក្នុងការបាញ់សម្លាប់ពីក្នុងឡាន នៅតាមផ្លូវ។ ខ្ញុំក៏បានអធិស្ឋានសូមឲ្យខ្ញុំមានពាក្យ សម្រាប់កំសាន្តចិត្តនាង និងសូមឲ្យខ្ញុំមានប្រាជ្ញា ដើម្បីកុំឲ្យព្យាយាមពន្យល់អំពីរឿងដែលមិនអាចពន្យល់បាននោះ។
ទោះបីជាយ៉ាងណាក៏ដោយ ពេលខ្ញុំនៅជួយរំលែកទុក្ខនាងនៅថ្ងៃនោះ ខ្ញុំមានសេចក្តីស្ញប់ស្ញែង ពេលបានឃើញនាងនៅតែបន្តកំសាន្តចិត្តអ្នកឯទៀត ដូចកាលពីមុន ដូចនេះ ទំនុកចិត្តដែលនាងមានចំពោះព្រះ មិនបានរង្គោះរង្គើ ដោយសារព្យុះដ៏អាក្រក់ ដែលបានបក់បោកមកនោះឡើយ។ ដល់ពេលដែលខ្ញុំត្រូវលានាង នាងក៏បាននិយាយប្រាប់ខ្ញុំថា “កូនប្រុសរបស់ខ្ញុំនៅតែស្ថិតក្នុងព្រះហស្តព្រះជានិច្ច”។ ពាក្យនេះបានបង្ហាញអំពីជម្រៅនៃសេចក្តីជំនឿរបស់នាង ក្នុងពេលដ៏សោកសៅ។ នាងមិនខុសពីលោកយ៉ូបទេ ព្រោះនាង “មិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ”(ខ.២២)។
យ៉ាងណាមិញ…
ការឈរនៅក្នុងភ្លើង
ខណៈពេលដែលភ្លើងកំពុងលេបត្របាក់ផ្ទះរបស់យើង ខ្ញុំកំពុងឃ្លុំភួយ នៅក្នុងឡានភីកអាប់របស់ជីតារបស់ខ្ញុំ មើលព្រឹត្តិការណ៍នោះពីចម្ងាយ។ ឳពុករបស់ខ្ញុំបានប្រាប់ខ្ញុំថា កាលនោះខ្ញុំបានគេងលក់ស្រួល ខណៈពេលដែលគាត់លើកខ្ញុំ និងបងប្អូនប្រុសរបស់ខ្ញុំ ព្រមទាំងកូនឆ្កែរបស់យើង ចេញពីផ្ទះ ទៅកន្លែងសុវត្ថិភាព។ ពេលខ្ញុំភ្ញាក់ដឹងខ្លួនឡើង ឃើញភ្លើងឆេះសន្ធោសន្ធៅ ខ្ញុំបានមកដល់កន្លែងសុវត្ថិភាពទៅហើយ។ ខ្ញុំមិនមានការភ័យខ្លាចទេ ព្រោះកាលនោះ ខ្ញុំនៅក្មេងពេក ហើយមានចិត្តឆ្ងល់ច្រើនពេក អំពីហេតុការណ៍នោះ។ ខ្ញុំនៅចាំអំពីការមួយចំនួន ដែលបានកើតឡើងនៅយប់នោះ។ ភ្លើងពិតជាមានកម្តៅខ្លាំងណាស់ ទោះបីជាខ្ញុំកំពុងនៅក្នុងឡានក៏ដោយ ហើយខ្ញុំថែមទាំងមើលភ្លើងឆេះនោះ យ៉ាងជក់ចិត្តទៀតផង។
ខ្ញុំក៏នៅនឹកចាំ អំពីការភ័យខ្លាចដែលមាននៅលើទឹកមុខរបស់មនុស្សគ្រប់គ្នា ដែលបារម្ភពីសុវត្ថិភាពរបស់អ្នកជាទីស្រឡាញ់របស់ខ្លួន បានជាពួកគេខំពិនិត្យមើលម្តងហើយម្តងទៀត។ ក្រោយមក ខ្ញុំក៏បានដឹងថា ឪពុករបស់ខ្ញុំបានសម្រុកចូល ទៅក្នុងផ្ទះដែលកំពុងឆាបឆេះ ដើម្បីរកមើលជីតារបស់ខ្ញុំទាំងជ្រួលច្របល់ ជាហេតុបណ្តាលឲ្យជីតារបស់ខ្ញុំ រត់ទៅឃាត់ឪពុករបស់ខ្ញុំ ព្រោះពេលនោះ គាត់មិនបាននៅក្នុងភ្លើងនោះទេ។ សេចក្តីក្លាហានរបស់ពួកគាត់ បានធ្វើឲ្យប៉ះពាល់ចិត្តអ្នកដែលបានមើលឃើញហេតុការណ៍ នៅយប់នោះ។
ក្រោយមក ខ្ញុំក៏បាននឹកចាំអំពីអគ្គីភ័យនោះ ជារៀងរាល់ពេលដែលខ្ញុំអានរឿងរបស់លោកសាដ្រាក់ លោកមែសាក់ និងលោកអ័បេឌ-នេកោ។ ពេលដែលពួកគេត្រូវទទួលទោសប្រហារជីវិត ដោយសារមិនព្រមថ្វាយបង្គំស្តេច តាមព្រះរាជក្រឹត្យ(ដានីយ៉ែល ៣:១០-១២) ពួកគេក៏បានចូលទៅក្នុងគុកភ្លើង ដោយសេចក្តីក្លាហាន ដើម្បីព្រះដែលខ្លួនស្រឡាញ់(ខ.១៦-១៨)។ ហើយព្រះអម្ចាស់បានឈរនៅជាមួយពួកគេ នៅក្នុងគុកភ្លើងនោះ(ខ.២៥) បានជាពួកគេមិនត្រូវភ្លើងឆេះឡើយ។
ពេលដែល“អណ្តាតភ្លើង”នៃជីវិត ល្បងលយើង សូមឲ្យអ្នកដែលសង្កេតមើលយើង ទទួលស្គាល់ថា…
ជាប់នៅក្នុង
ថ្មីៗនេះ ពេលដែលភិរយារបស់ខ្ញុំកំពុងប្រើកុំព្យូទ័រលែប ថប់របស់នាងនៅផ្ទះ នាងស្រាប់តែចាប់អារម្មណ៍ឃើញថា កុំព្យូទ័ររបស់នាងជិតអស់ថ្មហើយ បានជាវាហៀបនឹងរលត់ទៀត។ នាងបានដោតឌុយរបស់កំព្យូទ័រនោះ ចូលក្នុងព្រីក្នុងជញ្ជាំងហើយ ដូច្នេះ វាគួរតែមិនឆាប់អស់ថ្មដូចនេះទេ។ ដូចនេះ នាងក៏បានពិនិត្យមើលខ្សែភ្លើងរបស់កុំព្យូទ័រនោះ ទាំងមើលខ្សែរបស់ដុំសាកថ្មរបស់វាផង ហើយក៏រកឃើញថា ដុំសាកភ្លើងរបស់នាង បានភ្ជាប់ជាមួយនឹងកុំព្យូទ័រ តែវាមិនបានដោតភ្ជាប់នឹងចរន្តភ្លើងក្នុងព្រីក្នុងជញ្ជាំនោះទេ! នាងក៏មើលមកខ្ញុំ ទាំងហួសចិត្ត រួចនិយាយថា “កុំព្យូទ័រនេះ មិនបាននៅជាប់នឹងប្រភពភ្លើងរបស់វាទេ។”
ពេលដែលនាងនិយាយដូចនេះ ខ្ញុំក៏បាននឹកចាំពីបទគម្ពីរ អេសាយ ៤០:២៧-៣១ ដែលចែង អំពីអំណាចចេស្តារបស់ព្រះ។ ហោរាអេសាយបានស្គាល់ប្រភពដ៏ពិត និងមិនចេះរីងស្ងួតនៃកម្លាំង ដែលយើងត្រូវស្វែងរក នៅក្នុង “ព្រះយេហូវ៉ា ដែលទ្រង់គឺជាព្រះអាទិករ ជាព្រះដែលបានបង្កើតរបស់សព្វសារពើរ រហូតដល់ចុងបញ្ចប់នៃផែនដី”(ខ.២៨)។ រួចគាត់ក៏បាននិយាយទៅកាន់ អស់អ្នកដែលខ្សោយកម្លាំង ដោយលើកទឹកចិត្តពួកគេ ឲ្យរំពឹងដល់ព្រះអម្ចាស់ ដើម្បីទទួលកម្លាំងជាថ្មីពីទ្រង់(ខ.២៩-៣១)។
ព្រះយេស៊ូវបានមានបន្ទូលប្រៀបប្រដូចយើង ទៅនឹងខ្នែងទំពាំងបាយជូ ដែលនៅជាប់នឹងទ្រង់ ដែលជាដើមទំពាំងបាយជូរ(យ៉ូហាន ១៥:៤-៥)។ ព្រះបន្ទូលរបស់ទ្រង់ត្រង់ចំណុចនេះ គឺមិនខុសពីបទគម្ពីរអេសាយ ៤០:៣១ ដែលបានសន្យាថា ប្រសិនបើយើងជាប់នៅក្នុងព្រះ “នោះយើងនឹងមានកម្លាំងចម្រើនជានិច្ច យើងនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ”។
នៅពេលដែលយើងនឿយព្រួយ ហើយពិបាកចិត្ត យើងត្រូវតែតភ្ជាប់ខ្លួនយើង ទៅនឹងប្រភពដ៏ពិតនៃកម្លាំង និងជីវិត។ –…
ការមានសំណួរជារឿងធម្មតា
វាជារឿងធម្មតាទេ ដែលសេចក្តីភ័យខ្លាច និងការសង្ស័យកើតមាននៅក្នុងចិត្តរបស់យើង នៅពេលខ្លះនោះ។ យើងប្រហែលជាសង្ស័យថា “ចុះបើសិនជានគរស្ថានសួគ៌មិនមាន ដូចដែលយើងជឿទេនោះ តើយើងនឹងទៅជាយ៉ាងណា?” ឬសង្ស័យថា “តើព្រះយេស៊ូវពិតជាផ្លូវតែមួយ ទៅកាន់ព្រះមែនឬ?” ហើយ “តើនៅទីបញ្ចប់ ខ្ញុំនឹងជួបការជំនុំជម្រះ ដោយសារការប្រព្រឹត្តរបស់ខ្ញុំឬ?” សំណួរបែបនេះ គួរតែទទួលបាននូវចម្លើយដ៏ក្បោះក្បាយ ពោលគឺគេមិនគួរប្រញាប់ឆ្លើយពេកឡើយ។ លោកយ៉ូហាន បាទីស្ទ គឺជាអ្នកដែលព្រះយេស៊ូវបានហៅថា ពួកហោរាដ៏អស្ចារ្យបំផុត(លូកា ៧:២៨)។ មុនពេលគេយកគាត់ទៅប្រហារជីវិត គាត់ក៏បានទូលសួរព្រះយេស៊ូវនូវសំណួរខ្លះៗផងដែរ(ខ.១៩)។ គាត់ចង់ដឹងច្បាស់ ថាតើព្រះយេស៊ូវពិតព្រះមែស៊ីមែនឬ ព្រោះបើទ្រង់មិនមែនជាព្រះមែស៊ីទេ នោះការងារដែលគាត់បានធ្វើថ្វាយព្រះក៏គ្មានប្រយោជន៍ដែរ។
ត្រង់ចំណុចនេះ ព្រះយេស៊ូវទ្រង់បានឆ្លើយតប តាមរបៀបដែលលើកទឹកចិត្ត ដែលយើងគួរយកតម្រាប់តាម។ ព្រះយេស៊ូវទ្រង់មិនបានស្តីបន្ទោស ឬរិះគន់គាត់ ដោយសារចម្ងល់របស់គាត់ឡើយ ផ្ទុយទៅវិញទ្រង់បានបញ្ជាក់ថា ទ្រង់ពិតជាព្រះមែស៊ីមែន ដោយសម្អាងទៅលើការអស្ចារ្យដែលទ្រង់កំពុងធ្វើ។ ក្នុងនាមជាសាក្សីដែលបានឃើញការអស្ចារ្យរបស់ទ្រង់ សិស្សរបស់លោកយ៉ូហាន អាចវិលត្រឡប់មក ជម្រាបគ្រូរបស់ខ្លួនវិញថា ទ្រង់ពិតជាព្រះមែស៊ីមែន។ ជាការពិតណាស់ ទ្រង់ក៏បានធ្វើការជាច្រើនទៀត ដូចជាការប្រើពាក្យ និងបទគម្ពីរ(ខ.២២) ដែលដកស្រង់ចេញពីបទទំនាយ ដែលហោរាអេសាយបានថ្លែង អំពីការយាងមកនៃព្រះមែស៊ី(អេសាយ ៣៥:៤-៦ ៦១:១) ហើយលោកយ៉ូហាក៏ពិតជាបានដឹងច្បាស់ អំពីបទទំនាយនោះផងដែរ។
បន្ទាប់មក ព្រះយេស៊ូវទ្រង់ក៏បានបែរមករកបណ្តាជនវិញ ហើយមានបន្ទូលសរសើរលោកយ៉ូហាន(លូកា ៧:២៤-២៨) ដើម្បីកុំឲ្យគេសង្ស័យថា…
ពេលដែលមិនត្រូវនិយាយ
ខ្ញុំមានទីលំនៅ ក្នុងតំបន់ញូ អីងគ្លិន(New England) ដែលនៅទីនោះ កីឡាវាយកូនបាល់បេសប៊ល ស្ទើរតែក្លាយជាសាសនា ដែលប្រជាជនបាននាំគ្នាប្រកាន់យកទៅ ហើយ។ ទោះបីជាការជជែកគ្នាអំពីក្រុមកីឡាករបូស្ទុន រេត សក់(Bonston Red Sox) នៅកន្លែងធ្វើការ គឺជាការល្មើសច្បាស់ក៏ដោយ ក៏គេនៅតែមិនអាចហាមឃាត់អ្នកគាំទ្ររបស់ក្រុមកីឡាករនេះបានឡើយ ព្រោះពួកគេស្រឡាញ់ក្រុមកីឡាកររបស់ខ្លួន ខ្លាំងយ៉ាងនេះទៅហើយ។
ការនេះបានធ្វើឲ្យខ្ញុំនឹកឃើញសំណួរមួយ ដែលគ្រីស្ទបរិស័ទត្រូវឆ្លើយ។ សំណួរនោះគឺ “តើមានពេលដែលគ្រីស្ទបរិស័ទមិនគួរ និយាយគ្នាអំពីព្រះឬ?” ខ្ញុំយល់ថា មាន។ ពេលយើងប្រឈមមុននឹងការសួរដេញដោល អំពីជំនឿ ដែលត្រូវបានធ្វើឡើង ដោយចិត្តមិនស្មោះត្រង់ ជាញឹកញប់ ការមិនមាត់មិនករ អាចជាការឆ្លើយតបដ៏ល្អបំផុត។ ពេលព្រះយេស៊ូវស្ថិតនៅក្នុងស្ថានភាពតទល់គ្នា ជាមួយលោកកៃផាស ជាដំបូង ទ្រង់បានសម្រេចព្រះទ័យមិនមានបន្ទូលតបឡើយ(ម៉ាថាយ ២៦:៦៣)។ ទ្រង់ជ្រាបថា លោកកៃផាសមិនមានចំណាប់អារម្មណ៍ចំពោះសេចក្តីពិតទេ(ខ.៥៩)។ ពេលយើងមិនដឹងអំពីបំណងដែលអ្នកដទៃមាន ក្នុងការចោទសួរយើង យើងត្រូវតែឆាប់ធ្វើតាមការដឹកនាំនៃព្រះវិញ្ញាណ នៅក្នុងស្ថានភាពនីមួយៗ ដើម្បីឲ្យយើង “ដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ”(កូល៉ុស ៤:៦)។
ម្យ៉ាងទៀត បើការឆ្លើយសំណួរនោះ ធ្វើឲ្យការសន្ទនាក្លាយជាបែកអូរហូរជាស្ទឹង ហើយប្រធានបទបែកចេញឆ្ងាយពីព្រះគ្រីស្ទ នោះយើងប្រហែលជាត្រូវឆ្អាកការសន្ទនានោះសិន ហើយរង់ចាំសន្ទនាគ្នា នៅថ្ងៃក្រោយទៀត។
តើមានពេលណាទៀត ដែលការមិនមាត់មិនករ អាចជាការឆ្លើយតបដ៏ល្អបំផុត? បើសិនជាការជជែកគ្នាអំពីសេចក្តីជំនឿ ក្នុងពេលធ្វើការ…
ចូរកុំខ្លាច
ភរិយារបស់ខ្ញុំមានជម្ងឺជាទម្ងន់ ពេលនាងមានផ្ទៃពោះកូនទីពីរ។ ពេលដែលវេជ្ជបណ្ឌិតកំពុងព្យាយាមពិនិត្យមើលឲ្យដឹងថានាងមានជម្ងឺអ្វី នាងក៏ចេះតែខ្សោយទៅៗ ធ្វើឲ្យនាងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់។
ពេលខ្ញុំឃើញនាងទទួលរងការឈឺចាប់ដូចនេះ ខ្ញុំមានអារម្មណ៍តក់ស្លត់ ហើយមិនដឹងថា អាចជួយអ្វីដល់នាងបានទេ។ នៅថ្ងៃខ្លះ ខ្ញុំមានអារម្មណ៍ថា ព្រះទ្រង់ហាក់ដូចជាមិនបានស្តាប់ពាក្យអធិស្ឋានរបស់យើងសោះ។ មានពេលមួយ នៅថ្ងៃអាទិត្យ ពេលខ្ញុំកំពុងស្វែងរកការកំសាន្តចិត្តពីព្រះគម្ពីរ ខ្ញុំក៏បានបើកចំខទី១ នៃក័ណ្ឌគម្ពីរអេសាយជំពូក ៤៣។
បទគម្ពីរនេះចាប់ផ្តើមដោយពាក្យថា “កុំខ្លាចឡើយ” ហើយបានបញ្ចប់ដោយពាក្យថា “ឯងជារបស់អញ”។ ភ្លាមនោះ ព្រះវិញ្ញាណបរិសុទ្ធក៏បានមានបន្ទូលមកកាន់ខ្ញុំ ដោយផ្ទាល់ តាមបទគម្ពីរនោះតែម្តង។ ក្នុងបទគម្ពីរនោះ ព្រះអម្ចាស់បានមានបន្ទូលមកកាន់ពួកសាសន៍អ៊ីស្រាអែល ដោយភាពស្និទ្ធស្នាលយ៉ាងខ្លាំង បានជាធ្វើឲ្យខ្ញុំនឹកចាំថា ទ្រង់ក៏មានព្រះ ទ័យទុកដាក់ចំពោះយើងជានិច្ចដែរ គឺដូចដែលទ្រង់បានប្រើពាក្យថា “កាលណាឯងដើរកាត់ទឹកធំ ... ដើរកាត់ទន្លេ ... លុយកាត់ភ្លើង”(ខ.២)។ ឃ្លាទាំងនេះ បានបន្លឺសម្លេងកាន់តែខ្លាំងឡើងៗ ចេញពីទំព័រសៀវភៅ មកប៉ះពាល់ចិត្តរបស់ខ្ញុំ។
ការកម្សាន្តចិត្តរបស់យើងក្នុងពេលនោះ មិនមែនទទួលបានពីសេចក្តីសន្យាអំពីការប្រោសឱ្យជា ឬទទួលបានពីការអស្ចារ្យឡើយ ប៉ុន្តែ វាកើតចេញពីការដឹងជាក់ថា ទ្រង់មិនបានទុកយើងចោលឡើយ។ ជាងនេះទៅទៀត យើងបានជួបរឿងដែលគួរឲ្យតក់ស្លត់ជាច្រើនទៀត ជាពិសេសបន្ទាប់ពីអេធិន(Ethan)ចាប់កំណើត ខ្ញុំមានអារម្មណ៍ថា ទាំងម្តាយនិងកូនហាក់ដូចជាមិនសង្ឃឹមថារស់សោះ។ ប៉ុន្តែ ព្រះបានប្រើព្រះបន្ទូលទ្រង់ លោមកម្សាន្តចិត្តយើង ហើយជួយឲ្យយើងត្រៀមខ្លួន សម្រាប់ពេលដែលកាន់តែពិបាក!
សូមឲ្យព្រះបន្ទូលព្រះនៅថ្ងៃនេះ ក្រើនរំឭកដល់អ្នកថា ទ្រង់មិនដែលទុកអ្នកចោលឡើយ។…
អំណាចនៃការឆ្លើយតប ដោយសុភាព
មានពេលមួយ រថយន្តរបស់ខ្ញុំបានខូច នៅផ្លូវក្រោមដី អំឡុងម៉ោងដ៏មមាញឹក នៅទីប្រជុំជននៃទីក្រុងបូស្តុន។ អ្នកបើកបរផ្សេងទៀត បានបង្ហាញអារម្មណ៍ធុញទ្រាន់ ពេលពួកគេកំពុងព្យាយាមបើកវ៉ាខ្ញុំ។ មិនយូរប៉ុន្មាន រថយន្តរបស់ខ្ញុំត្រូវបានសណ្តោង ទៅកាន់ស្ថានីយមួយកន្លែង ដើម្បីជួសជុល។ ក្រោយមក វាក៏ខូចម្តងទៀត ធ្វើឲ្យខ្ញុំត្រូវជាប់គាំងដំណើរ នៅតាមផ្លូវកាត់តាមព្រំប្រទល់រដ្ឋនៅម៉ោង២រំលងអាធ្រាត។ ដូចនេះ ខ្ញុំក៏យកវាទៅយាន្តដ្ឋានម្តងទៀត។
គួរឲ្យស្តាយណាស់ មានរថយន្តចតនៅយាន្តដ្ឋាន ច្រើនជាងមុនពីរដង ក្នុងអំឡុងពេលប្រកួតកីឡាវាយកូនបាល់ រេតសក់(Red Sox)។ ពេលចេញពីធ្វើការ នៅថ្ងៃបន្ទាប់ ខ្ញុំក៏បានទៅយកឡាន។ តែពេលទៅដល់ មានរថយន្ត៣០គ្រឿង កំពុងចតជុំវិញវា!
អាចនិយាយបានថា ខ្ញុំមិនមានលក្ខណៈដូចព្រះគ្រីស្ទទេ នៅក្នុងការមានប្រតិកម្មតបជាដំបូង ចំពោះស្ថានភាពបែបនេះ។ ពោលគឺខ្ញុំបានស្រែកឡូឡា ច្រងេងច្រងាង ហើយក្រោយមក ទើបខ្ញុំដឹងខ្លួនថា អាកប្បកិរិយ៉ាបែបនេះ គ្រាន់តែបានធ្វើឲ្យពួកគេកាន់តែគ្មានចិត្តចង់ជួយជួសជុលរថយន្តរបស់ខ្ញុំ ពេលជិតដល់ម៉ោងបិទយាន្តដ្ឋានប៉ុណ្ណោះ ដូច្នេះហើយ ខ្ញុំសម្រេចចិត្តឈប់ឡូឡា។ ខ្ញុំក៏បានអង្រួនទ្វារកញ្ចក់របស់យាន្តដ្ឋាន ដើម្បីឲ្យពួកគេបើកទ្វារ។ ខ្ញុំរឹតតែខឹងថែមទៀត ពេលឃើញពួកកម្មករសើចចម្អកឲ្យខ្ញុំ។
ខ្ញុំស្ទើរតែឈានជើងចេញមិនរួច ពេលដឹងថា ខ្លួនមានលក្ខណៈខុសពីព្រះគ្រីស្ទខ្លាំងប៉ុណ្ណា។ ខ្ញុំក៏គោះទ្វារកញ្ចក់នោះ ហើយនិយាយត្រង់ៗ ទៅកាន់បុគ្គលិកនៅខាងក្នុងថា “ខ្ញុំសុំទោស”។ ពួកគេមានការភ្ញាក់ផ្អើល! ពួកគេក៏បើកទ្វារឲ្យខ្ញុំចូលទៅខាងក្នុង ហើយខ្ញុំបាននិយាយយ៉ាងសុភាពទៅកាន់ពួកគេថា គ្រីស្ទបរិស័ទមិនគួរមានអាកប្បកិរិយ៉ាដូចខ្ញុំទេ។ ប៉ុន្មាននាទីក្រោយមក ពួកគេក៏បានផ្លាស់ទីតាំងរបស់រថយន្តផ្សេងទៀត…
ទង្វើនៃការដឹងគុណ
មានមនុស្សតិចតួចណាស់ ដែលស្គាល់ខ្ញុំកាលនៅក្មេង ច្បាស់ជាងលោកហ្វ្រង់ស៊ីស អាលែន(Fran-cis Allen) ដែលជាគ្រូគង្វាល ដែលបាននាំខ្ញុំ ឲ្យទទួលជឿព្រះយេស៊ូវគ្រីស្ទ។ ក្នុងនាមជាគ្រូអធិប្បាយដ៏ឆេះឆួលម្នាក់ ដែលដុតបញ្ឆេះចិត្តពួកជំនុំពីអសនាទៅ គាត់ជាគំរូដែលស្ទើរតែល្អឥតខ្ចោះ ដែលបង្ហាញពីភាពស្រទន់នៃសេចក្តីស្រឡាញ់របស់ព្រះ ពេលនៅខាងក្រៅអសនា។
ពីដំបូង គាត់បានសំគាល់ឃើញថា ខ្ញុំចូលចិត្តព្យាយាម “ទិញ” ការទទួលស្គាល់ ពីអ្នកដទៃ ដោយខំធ្វើកិច្ចការឲ្យ ហួសពីការរំពឹងទុក ហើយធ្វើលើសពីអ្វីដែលគេឲ្យធ្វើ។ គាត់បានប្រាប់ខ្ញុំថា “នេះជាបុគ្គលិកលក្ខណៈដ៏ល្អ សម្រាប់ធ្វើជាអំណោយដល់អ្នកដទៃ តែអ្នកមិនគួរប្រើអំណោយទានទាំងនេះ ដើម្បីទិញការទទួលស្គាល់ពីមនុស្ស ឬពីព្រះឡើយ”។
ដើម្បីជួយពន្យល់ខ្ញុំអំពីបញ្ហានេះ គាត់បានប្រាប់ខ្ញុំឲ្យអានព្រះបន្ទូលសន្យារបស់ព្រះយេស៊ូវ នៅក្នុងម៉ាថាយ ១១:៣០ ដែលចែងថា “នឹមរបស់ទ្រង់គឺងាយទេ”។ ជួនកាល គេយល់ថា ព្រះបន្ទូលទ្រង់ត្រង់ចំណុចនេះ ហាក់ដូចជាសាមញ្ចពេក បានជាគេមិនយល់ថា ទ្រង់មានបន្ទូលជាពាក្យពិតឡើយ។ បន្ទាប់មក គាត់បានចង្អុលបង្ហាញទៅបទគម្ពីរមីការ ៦:៦-៨ ដោយពាក្យថា “ឥឡូវនេះ សូមអានបទគម្ពីរនេះ ហើយសួរខ្លួនឯងថា តើអាចមានអំណោយអ្វីខ្លះ ដែលព្រះទ្រង់មិនទាន់មាន បានជាអ្នកត្រូវថ្វាយអំណោយនោះទៅទ្រង់ឬទេ?” ជាការពិតណាស់ ចម្លើយនោះគឺទេ។
បន្ទាប់មក គាត់ក៏បានបន្តពន្យល់ថា គេមិនអាចទិញព្រះបានឡើយ ព្រោះអំណោយទាននៃព្រះគុណ គឺសម្រាប់ទទួលដោយមិនគិតថ្លៃ។ ដោយសារនេះជាការពិតមែន តើយើងគួរឆ្លើយតបដូចម្តេចខ្លះ?…
ការធ្វើការទន្ទឹមគ្នា
នៅក្នុងសៀវភៅរចនារូបថតរបស់គ្រួសារខ្ញុំ គឺមានរូបថតរបស់កូនស្រីខ្ញុំមួយសន្លឹក ពេលនាងមានអាយុ៤ឆ្នាំ។ ក្នុងរូបថតនោះ នាងកំពុងធ្វើការនៅក្បែរខ្ញុំ ដោយប្រើញញួរជ័រសម្រាប់ក្មេងលេង ដើម្បីជួសជុល ជញ្ជាំងនៅជំហៀងផ្ទះ។ យើងបានធ្វើការទន្ទឹមគ្នា នៅថ្ងៃនោះ នាងបានធ្វើត្រាប់តាមគ្រប់សកម្មភាពរបស់ខ្ញុំ ហើយនាងពិតជាជឿថា ខ្លួនឯងក៏កំពុងជួយជួសជុលផ្ទះផងដែរ។ ខ្ញុំមិនដែលបានអរសប្បាយនឹងការងារផ្ទះ ខ្លាំងដូចពេលនោះឡើយ។ តាមរូបភាពក្នុងរូបថតនោះ ខ្ញុំអាចដឹងច្បាស់ថា នាងក៏កំពុងតែអសប្បាយនឹងកិច្ចការនោះដែរ។
រូបថតនោះបានរំឭកខ្ញុំថា កូនៗរបស់យើងយកតម្រាប់តាម ពាក្យសម្តី ឬសកម្មភាពភាគច្រើន ដែលពួកគេឃើញយើងធ្វើ។ ពួកគេក៏មានការយល់ដឹង អំពីបុគ្គលិកលក្ខណៈ របស់ព្រះ ស្របទៅតាមបុគ្គលិកលក្ខណៈដែលពួកគេឃើញយើងមាន ក្នុងនាមជាឪពុកម្តាយផងដែរ។ បើយើងមានភាពដាច់ខាត ហើយគ្មានក្តីមេត្តា នោះពួកគេក៏ងាយនឹងយល់ថា ព្រះទ្រង់ក៏មានលក្ខណៈដូចនោះដែរ។ បើយើងខ្វះភាពជិតស្និទ្ធ និងភាពកក់ក្តៅ នោះពួកគេក៏ងាយនឹងយល់ថា ព្រះទ្រង់ក៏ខ្វះខាតដូចនោះផង ដែរ។ ក្នុងនាមជាមាតាបិតា យើងមានតួនាទីដ៏សំខាន់បំផុត ក្នុងការជួយកូនយើង ឲ្យស្គាល់ព្រះច្បាស់ ជាពិសេស គឺជួយឲ្យពួកគេយល់អំពីសេចក្តីស្រឡាញ់របស់ទ្រង់ ដែលគ្មានលក្ខខ័ណ្ឌ។
ខ្ញុំអាចស្រមៃថា សៀវភៅរចនារូបថតរបស់គ្រួសារ រវាងខ្ញុំនិងព្រះ ក៏មានរូបភាពស្រដៀងគ្នានឹងរូបថតនោះផងដែរ។ ខ្ញុំកំពុងរៀនសូត្រពីទ្រង់ អំពីរបៀបរស់នៅ របៀបស្រឡាញ់ និងរបៀបធ្វើឲ្យសេចក្តីស្រឡាញ់ក្លាយជាផ្នែកដ៏អមតៈនៃជីវិតខ្ញុំ។ បន្ទាប់មក ទ្រង់បង្រៀនខ្ញុំ អំពីរបៀបបង្រៀនអ្នកដទៃ(ចោទិយកថា ៦:១-៧)។
សូមព្រះអម្ចាស់ប្រទានពរ ឲ្យយើងខ្ញុំមានការយល់ដឹងអំពីទ្រង់ និងប្រទាននូវប្រាជ្ញា ដើម្បីចែកចាយព្រះពរទាំងនេះ…