តើព្រះយេស៊ូវជានរណា?

តើ​ព្រះ​យេស៊ូវ​ជា​នរណា? មនុស្ស​ជា​ច្រើន​ថា ព្រះ​យេស៊ូវ​ជា​គ្រូ​បង្រៀន ឬ​ទស្សនវិទូ​ដ៏​ល្បី​ល្បាញ អ្នក​ខ្លះ​ទៀត​ថា ទ្រង់​ជា​មនុស្ស​ក្លែង​បន្លំ។ តែ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា ទ្រង់​ជា​ព្រះ​ដ៏​ពិត។ ដើម្បី​ឲ្យ​យើង​ដឹង​ថា ទ្រង់​ជានរណា ហើយ​ដឹង​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​យាង​ចុះ​ មក​យក​កំណើត​ជា​មនុស្ស​នៅ​ផែនដី យើង​ចាំ​បាច់​ត្រូវ​បើក​មើល​ព្រះ​គម្ពីរ​ប៊ីប។ តើ​ព្រះ​យេស៊ូវ​ជា​ព្រះ​ពិត​មែន​ទេ? ចម្លើយ​សម្រាប់​សំណួរ​នេះ គឺ​ពិត​ជា​សំខាន់​ណាស់  បានជា​យើង​ត្រូវ​បើក​មើល​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​សញ្ញា​ថ្មី ដើម្បី​ស្វែង​រក​ភស្តុតាង ក៏​ដូច​ជា ពិនិត្យ​មើល​ពាក្យ​សម្តី​របស់​សាក្សី ឬ​ស្មរ​បន្ទាល់ និង​ពិនិត្យ​មើល​ការ​អៈ​អាង​របស់​ព្រះយេស៊ូវ​ផ្ទាល់ ដែល​បាន​ថា ទ្រង់​ជា​ព្រះ។ យើង​ក៏ត្រូវ​ពិនិត្យ​មើល​ភស្តុតាង ដែល​បាន​មក​ពី​ប្រភព​ផ្សេង​ទៀត នៅ​ក្រៅ​ព្រះ​គម្ពីរ​ផង​ដែរ ដើម្បី​ឲ្យ​ដឹង​ថា ភស្តុតាង​ទាំងនោះ បាន​បញ្ជាក់​អ្វី​ខ្លះ អំពី​ព្រះ​យេស៊ូវ។ យើងអាច​ប្រើ​ភស្តុតាង​ទាំងនោះ ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់ អំពី​ភាព​អាច​ទុក​ចិត្ត​បាន នៃ​ព្រះ​គម្ពីរ​ប៊ីប និង​អត្ត​សញ្ញាណ​របស់​ព្រះ​យេស៊ូវ។