តើធ្វើដូចម្តេច ឲ្យអ្នកអាចរស់នៅ ដោយការប្តូរផ្តាច់ចំពោះព្រះជាម្ចាស់ នៅពេលដែលអ្នកកំពុងតែរស់នៅក្នុងជីវិត ដែលហ៊ុមព័ទ្ធ ដោយវប្បធម៌ ដែលច្រើនតែទាស់ទទឹង នឹងសេចក្តីពិត និងសេចក្តីជំនឿរបស់អ្នក? លោកដានីយ៉ែល ជាតួអង្គដ៏សំខាន់ក្នុងគ្រាសញ្ញាចាស់ ដែលបានធ្វើជាគំរូដ៏ល្អ ដោយគាត់បានរស់នៅ ដោយការប្តូរផ្តាច់ សេចក្តីក្លាហាន និងសេចក្តីជំនឿចំពោះព្រះជាម្ចាស់ ក្នុងវប្បធម៌ ដែលមានគុណតម្លៃ និងអាទិភាព ផ្ទុយស្រឡៈពីសេចក្តីជំនឿរបស់គាត់។
គាត់ត្រូវបានពួកបាប៊ីឡូន ចាប់ជាឈ្លើយសឹក ហើយជំលាស ឲ្យទៅរស់ក្នុងទឹកដី និងវប្បធម៌បរទេស ដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ ពីស្រុកកំណើតគាត់ នៅទីក្រុងយេរូសាឡិម។ ហេតុនេះហើយ គាត់បានជួបការលំបាក និងគ្រោះថ្នាក់ជាច្រើន នៅក្នុងបង្ហាញចេញនូវសេចក្តីជំនឿរបស់គាត់ ក្នុងវប្បធម៌នៃសាសនាដទៃ។ នៅកន្លែងនោះ ព្រះជាម្ចាស់បានប្រើលោកដានីយ៉ែល ដើម្បីសម្តែងចេញនូវអំណាចចេស្តាទ្រង់ ហើយលោកដានីយ៉ែលក៏ប្រើសេចក្តីជំនឿរបស់គាត់ ដោយចិត្តក្លាហាន។
លោកដានីយ៉ែលមិនដឹងថា ជីវិតគាត់នឹងទៅជាយ៉ាងណាទេ។ គាត់ស្គាល់ព្រះបន្ទូលសន្យា និងអំណាចចេស្តារបស់ព្រះជាម្ចាស់ តែគាត់មិនដឹងថាទ្រង់មានផែនការយ៉ាងណា សម្រាប់ជីវិតគាត់ទេ។ គាត់គ្រាន់តែដឹងថា គាត់ចង់រស់នៅ ក្នុងជីវិតដែលស្តាប់បង្គាប់ ដែលថ្វាយព្រះកិត្តិនាមដល់ព្រះជាម្ចាស់ ទោះគាត់ស្ថិតក្នុងស្ថានភាព ឬកាលៈទេសៈបែបណា ឬមួយគាត់ជួបទុក្ខលំបាក ឬការល្បួងអ្វីក៏ដោយ។
សព្វថ្ងៃនេះ ក្នុងវប្បធម៌ដែលយើងកំពុងរស់នៅ ព្រះជាម្ចាស់បានត្រាសហៅយើង ដែលកូនរបស់ទ្រង់ ឲ្យធ្វើជាដានីយ៉ែល ក្នុងជំនាន់របស់យើង។ យើងមិនត្រូវត្រាប់តាមសម័យ ឬវប្បធម៌របស់លោកិយឡើយ ផ្ទុយទៅវិញ យើងត្រូវប្រើភាពងងឹតរបស់លោកិយ ជាឱកាស ដើម្បីបង្ហាញចេញនូវពន្លឺរបស់ព្រះនៃយើង។
ខណៈពេលដែលអ្នកអានសៀវភៅ ការរស់នៅ ដោយចិត្តក្លាហាន អ្នកនឹងបានទទួលការលើកទឹកចិត្ត ឲ្យធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយស្វែងយល់ អំពីរបៀបដែលអ្នកអាចបម្រើព្រះជាម្ចាស់ ដោយចិត្តក្លាហាន និងការប្តូរផ្តាច់ ចំពោះទ្រង់ ក្នុងជំនាន់ដែលអ្នករស់នៅ។
លោកប៊ីល ក្រោដឺរ(BILL CROWDER) ដែលជាអ្នកនិពន្ធនៃសៀវភៅនេះ មានបទពិសោធន៍ជាង២០ឆ្នាំ នៅក្នុងការដឹកនាំពួកជំនុំ និងជានាយក ផ្នែកការងារពួកជំនុំ និងនាយកនៃការបោះពុម្ភផ្សាយរបស់អង្គការនំម៉ាណាប្រចាំថ្ងៃ។ ហើយគាត់ក៏ជាអ្នកនិពន្ធសៀវភៅ ពន្លឺនៃសេចក្តីជំនឿ, ផ្លូវនៃសេចក្តីស្រឡាញ់របស់ទ្រង់, បង្អួចបើកទៅរកបុណ្យណូអែល, និងសៀវភៅ ការជម្នះឧបស័គ្គក្នុងជីវិត ជាដើម។