មុនពេលដែលព្រះវិហាររបស់យើងជិតចាប់ផ្តើមកម្មវិធីថ្វាយបង្គំ ខ្ញុំបានស្តាប់ឮបុរសវ័យក្មេងម្នាក់ កំពុងជជែកជាមួយម្តាយរបស់គាត់ នៅខាងក្រោយខ្នងខ្ញុំ ។ ពួកគេកំពុងអានសេចក្តីប្រកាសនៅក្នុងក្រដាសកម្មវិធីថ្វាយបង្គំ ដែលលើកទឹកចិត្តឲ្យអានព្រះគម្ពីរសុភាសិត ក្នុងមួយថ្ងៃឲ្យបានមួយជំពូក ចាប់ពីខែកក្កដា និងសីហា ។ គាត់បានសួរម្តាយគាត់ថា “តើយើងនឹងអានជំពូក៣១ នៅក្នុងខែសីហា យ៉ាងដូចម្តេចនឹងបាន បើក្នុងខែនោះមានតែ៣០ថ្ងៃទេ?” ម្តាយគាត់ក៏ឆ្លើយថា គាត់ស្មានថា ខែសីហាមាន៣១ថ្ងៃ ។ គាត់តបវិញថា “ទេ មានតែ៣០ថ្ងៃទេ”។
នៅពេលកម្មវិធីថ្វាយបង្គំ ឈានចូលដល់ពេលដែលយើងត្រូវជម្រាបសួរគ្នាទៅវិញទៅមក ខ្ញុំក៏បានបែរក្រោយទៅរកគាត់ ហើយនិយាយថា សួរស្តី ។ បន្តាប់មក ខ្ញុំក៏និយាយទៅកាន់គាត់ថា “ខែសីហាពិតជាមាន៣១ថ្ងៃមែន”។ គាត់ប្រកែកថា “ទេ មិនមែនទេ ។ ខែពីរដែលនៅបន្ទាប់គ្នាមិនអាច មានរយៈពេល៣១ថ្ងៃដូចគ្នាបានទេ”។ ការច្រៀងសរសើរតម្កើងព្រះក៏បន្លឺឡើង ដូចនេះខ្ញុំក៏គ្រាន់តែញញឹមដាក់គាត់ ។
ការជជែកគ្នាដ៏ខ្លីនេះ បានធ្វើឲ្យខ្ញុំគិតអំពីភាពចាំបាច់នៃការមានវិញ្ញាណ ដែលអាចទទួលការបង្រៀន ដែលស្វែងរកប្រាជ្ញាដែលខ្លួនមិនមាន ។ ក្នុងព្រះគម្ពីរសុភាសិត ជំពូក៣ អាកប្បកិរិយ៉ាដែលឪពុកចង់ឲ្យកូនប្រុសរបស់គាត់មាន គឺការបន្ទាបខ្លួន ដូចដែលមានចែងថា “ កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ”(ខ.៧)។ ក្នុងជំពូក ២ គាត់ប្រាប់កូនគាត់ថា “ដើម្បីឲ្យបានប្រុងត្រចៀកស្តាប់តាមប្រាជ្ញា … ហើយស្វែងរកដូចជារកកំណប់ទ្រព្យ”(ខ.២,៤)។
ការដឹង ថាតើខែសីហា មានពេល៣០ថ្ងៃ ឬ៣១ថ្ងៃក៏អត់ គឺមិនសូវសំខាន់ទេ ប៉ុន្តែ ការមានវិញ្ញាណដែលអាចទទួលការបង្រៀន ទើបពិតជាការដែលសំខាន់ ។ វានឹងជួយឲ្យយើងទទួលបាននូវប្រាជ្ញាពីព្រះ និងពីអ្នកដទៃ ។ ដូចនេះ យើងអាចចាប់ផ្តើមអានព្រះគម្ពីរសុភាសិត ក្នុងមួយថ្ងៃឲ្យបានមួយជំពូក នៅក្នុងខែក្រោយ ។ – Anne Cetas