មានពេលមួយ នៅថ្ងៃអាទិត្យ នៅព្រះវិហារដែលខ្ញុំដឹកនាំ ខ្ញុំបានអញ្ចើញកុមារបីនាក់ ឲ្យស្វែងរកក្រាំងមួយចំនួន ដែលមានសរសេរខគម្ពីរពីលើ គឺក្រាំងដែលខ្ញុំបានលាក់នៅក្នុងមជ្ឈមណ្ឌលថ្វាយបង្គំរបស់យើង ។ ខ្ញុំបានប្រាប់ពួកគេថា នៅពេលពួកគេរកក្រាំងនោះឃើញ ហើយអានខគម្ពីរនោះឲ្យឮៗ នោះខ្ញុំនឹងឲ្យរង្វាន់ពួកគេ ។ បើសិនជាអ្នកបានឃើញក្មេងទាំងនោះស្វែងរកក្រាំងនៅពេលនោះ មិនដឹងជាប្រសើរយ៉ាងណាទេ! ព្រោះពួកគេបានរត់ រំគិលកៅអី ហើយរកមើលក្នុងគុម្ពផ្កា និងនៅក្នុងកាបូបលុយ(ដោយ មានការអនុញ្ញាតិ)។ ពួកគេបានស្វែងរកក្រាំងនោះ ដោយការប្រឹងប្រែងយ៉ាងខ្លាំង តែពួកគេក៏មានចិត្តរំភើបរីករាយផងដែរ ។ ការព្យាយាមស្វែងរករបស់ពួកគេ និងការរកឃើញក្រាំងទាំងនោះ បាននាំឲ្យមានអំណរ ក្នុងចំណោមពួកក្មេងៗ ការបញ្ជាក់ដល់ពួកជំនុំរបស់យើង និងការយល់ដឹងជាថ្មីម្តងទៀត អំពីសារៈសំខាន់នៃព្រះបន្ទូលព្រះ។
ព្រះគម្ពីរ ២ពង្សាវតាក្សត្រ ២២-២៣ បានចែងឲ្យយើងដឹង អំពីរបៀបដែលស្តេចយ៉ូសៀស និងប្រជាជននៃនគរយូដាបានរកឃើញឡើងវិញ នូវសេចក្តីអំណរ និងសារៈសំខាន់នៃព្រះបន្ទូលព្រះ ។ ក្នុងអំឡុងពេលនៃការជុសជួលព្រះវិហារ លោកហ៊ីលគីយ៉ា ដែលជាសម្តេចសង្ឃ បានរកឃើញក្រាំងគម្ពីរក្រឹត្យវិន័យ ។ ក្រាំងគម្ពីរនោះប្រាកដជាបានបាត់ ឬលាក់ទុកនៅក្នុងរជ្ជកាលនៃស្តេចម៉ានាសេហើយ ។ បន្ទាប់ពីគេអានក្រាំងនោះឲ្យស្តេចយ៉ូសៀសស្តាប់ ទ្រង់ក៏បានស្តាប់ ហើយឆ្លើយតបចំពោះក្រាំងនោះ(ខ.១០-១១)។ ទ្រង់បានព្យាយាមស្វែងយល់ជាបន្ថែម អំពីក្រាំងនោះ(ខ.១២-២០) ហើយទ្រង់ក៏បានដឹកនាំពួកបណ្តាជន ឲ្យមានការប្តេជ្ញាចិត្តឡើងវិញ ចំពោះសារៈសំខាន់នៃព្រះបន្ទូលព្រះ នៅក្នុងជីវិតពួកគេ(២៣:១-៤)។
សព្វថ្ងៃនេះ មានមនុស្សជាច្រើន មានឱកាសអានព្រះបន្ទូលព្រះ ដែលពីសម័យមុនមក មិនដែលមានឱកាសច្រើនដូចនេះទេ ។ ចូរយើងធ្វើការប្តេជ្ញាចិត្តជាថ្មី នៅក្នុង “ការស្វែងរកព្រះបន្ទូលទ្រង់” ជារៀងរាល់ថ្ងៃ ហើយបង្ហាញឲ្យគេដឹងអំពីសារៈសំខាន់នៃព្រះបន្ទូលទ្រង់ តាមរយៈទីបន្ទាល់នៃជីវិតរបស់យើង ។ – Marvin Williams