មនុស្សយើងភាគច្រើនបានទទួលស្គាល់ថា ជីវិតមានដំណើរឡើងហើយចុះៗ ។ ស្តេចសាឡូម៉ូនដែលជាក្សត្រដ៏មានប្រាជ្ញា ទ្រង់ក៏បានទទួលស្គាល់យ៉ាងដូចនេះផងដែរ ហើយបានឆ្លុះបញ្ចាំង នៅក្នុងការឆ្លើយតបរបស់យើង ចំពោះកាលៈទេសៈដែលមានដំណើរឡើងហើយចុះៗនោះ ។ ក្នុងព្រះគម្ពីរសាស្តា ទ្រង់បានចែងថា “មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ … មានពេលយំ និងពេលសើច មានពេលសំរាប់សោយសោក និងពេលសំរាប់លោតកព្ឆោង”(សាស្តា ៣:១-៤)។
ព្រះបិតារបស់ស្តេចសាឡូម៉ូន គឺស្តេចដាវីឌ ត្រូវបានហៅថា “មនុស្សដែលធ្វើតាមព្រះហឫទ័យព្រះ”(១សាំយ៉ូអែល ១៣:១៤ កិច្ចការ ១៣:២២)។ ប៉ុន្តែ ក្នុងការរស់នៅរបស់ស្តេចដាវីឌ គឺមានពេលឡើងហើយចុះៗ ។ ស្តេចដាវីឌបានទួញសោក នៅពេលបុត្រដែលទ្រង់មានជាមួយនាងបាតសេបា បានស្លាប់ដោយសារជម្ងឺ (២សាំយ៉ូអែល ១២:២២)។ ប៉ុន្តែ ក៏មានពេលដែលទ្រង់និពន្ធបទចម្រៀងសរសើរតម្កើង និងសើចសប្បាយផងដែរ(ទំនុកតម្កើង ១២៦:១-៣)។ ក្រោយមក ទ្រង់ក៏មានសេចក្តីទុក្ខយ៉ាងខ្លាំង ចំពោះការស្លាប់របស់អាប់សាឡំម ដែលជាបុត្រាដែលបានលើកទ័ពបះបោរនឹងទ្រង់(២សាំយ៉ូអែល ១៨:៣៣)។ ហើយនៅពេលគេដង្ហែរហិបសញ្ញាចូលក្រុងយេរូសាឡិម ស្តេចដាវីឌមានក្តីអំណរខាងវិញ្ញាណជាពន្លឹក បានជាទ្រង់រាំនៅក្នុងព្រះវត្តមានព្រះ(២សាំយ៉ូអែល ៦:១២-១៥)។
នៅពេលយើងបង្ហាញនូវឲ្យគេឃើញថា យើងជាគ្រីស្ទបរិស័ទដែលមានសន្តិភាព និងសេចក្តីអំណរនៅក្នុងជីវិត គ្រប់ពេលជាប់ជានិច្ច នោះយើងអាចនាំឲ្យមានផលអាក្រក់ដល់ខ្លួនឯង ក៏ដូចជាដល់អ្នកដទៃផងដែរ ។ ផ្ទុយទៅវិញ ព្រះគម្ពីរបានបង្ហាញថា ជីវិតរបស់គ្រីស្ទបរិស័ទ គឺមានពេលឡើង ហើយក៏មានពេលចុះដែរ ។ តើអ្នកកំពុងស្ថិតនៅក្នុងពេលមួយណា? ទោះបីជាយើងស្ថិតក្នុងពេលអរសប្បាយ ឬកើតទុក្ខក៏ដោយ ក៏យើងគួរតែមានចិត្តចង់ស្វែងរកព្រះអម្ចាស់ ហើយទុកចិត្តទ្រង់ នៅក្នុងពេលនោះ ។ – Dennis Fisher