ប្រាជ្ញាដ៏សាមញ្ញ ចោទសួរយើងថា តើយើងអាចសម្រេចកិច្ចការបានច្រើនប៉ុណ្ណា បើយើងប្រើធនធានតែបន្តិចបន្តួច ? យើងច្រើនតែជឿថា យើងនឹងអាចសម្រេចកិច្ចការបានកាន់តែច្រើន បើសិនជាយើងមានធនធានផ្នែកហិរញ្ញវត្ថុ មានមនុស្សឆ្លាតវ័យ និងមានគំនិតជឿនលឿនកាន់តែច្រើន ។ ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់មិនបានរាប់ការទាំងនោះជាសំខាន់ទេ ។ ខ្ញុំសូមលើកឧទាហរណ៍មួយចំនួន ដូចតទៅ :
ក្នុងព្រះគម្ពីរពួកចៅហ្វាយ ៣:៣១ មានបុរសម្នាក់ឈ្មោះសាំកើរ បានរំដោះពួកអ៊ីស្រាអែលឲ្យរួចពីពួកភីលីស្ទីន ដោយប្រើដៃតែម្ខាងប៉ុណ្ណោះ ។ តើគាត់បានទទួលជ័យជម្នះដោយរបៀបណា? គឺគាត់បានទទួលជោគជ័យយ៉ាងអស្ចារ្យ ដោយប្រើតែជន្លួញគោប៉ុណ្ណោះ ដើម្បីវាយសម្លាប់ពួកសាសន៍ភីលីស្ទីនអស់៦០០នាក់ ។
ក្នុងព្រះគម្ពីរនិក្ខមនំ ពេលដែលព្រះឲ្យលោកម៉ូសេនាំរាស្រ្តអ៊ីស្រាអែល ចេញពីនគរអេស៊ីព្ទ លោកម៉ូសេខ្លាចពួកបណ្តាជនមិនព្រមស្តាប់គាត់ ឬដើរតាមការដឹកនាំរបស់គាត់ ។ ដូចនេះ ព្រះមានបន្ទូលថា “តើមានអ្វីនៅដៃឯងនោះ?” គាត់ឆ្លើយថា “មានដំបង”(៤:២)។ ដើម្បីធ្វើឲ្យពួកបណ្តាជនជឿទុកចិត្ត ហើយដើរតាមលោកម៉ូសេ ព្រះទ្រង់ក៏បានប្រើដំបងដែលនៅក្នុងដៃគាត់ ដើម្បីធ្វើឲ្យទឹកទន្លេនីលប្រែក្លាយជាឈាម ដើម្បីនាំឲ្យនគរអេស៊ីព្ទជួបគ្រោះចង្រៃ ដើម្បីញែកសមុទ្រក្រហម និងដើម្បីធ្វើការអស្ចារ្យ នៅក្នុងវាលរហោស្ថាន ។
តំបងរបស់លោកម៉ូសេ និងជន្លួញគោរបស់លោកសាំកើរ បានក្លាយជាឧបករណ៍ដ៏មានអំណាច នៅពេលដែលពួកគេបានថ្វាយឧបករណ៍ទាំងនោះដល់ព្រះ ។ ការនេះបង្រៀនឲ្យយើងដឹងថា ព្រះអាចប្រើរបស់តែបន្តិចបន្តួចដែលយើងមាន ដើម្បីធ្វើការអស្ចារ្យ នៅពេលយើងចុះចូលទ្រង់ ។ ព្រះទ្រង់មិនមែនកំពុងស្វែងរកមនុស្សដែលមានសមត្ថភាពអស្ចារ្យឡើយ ប៉ុន្តែ ទ្រង់កំពុងស្វែងរកអ្នកដែលប្តេជ្ញាចិត្តដើរតាមទ្រង់ និងស្តាប់បង្គាប់ទ្រង់ ។ – Albert Lee