លោកយ៉ូណាថាន វេន័រ(Jonathan Weiner) គឺជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា ការប្រាថ្នាចង់បានលោកិយនេះ ។ ក្នុងសៀវភៅនេះ គាត់បានសរសេរអំពីវិទ្យាសាស្រ្ត ដែលបានសន្យាថានឹងជួយឲ្យមនុស្ស មានអាយុកាន់តែវែង ។ នៅក្នុងផ្នែកពាក់កណ្តាលនៃសៀវភៅនេះ លោកអូបឺរី ដឺ ក្រេយ៏(Aubrey de Grey) ដែលជាអ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេស បានព្យាករណ៍ថា ថ្ងៃណាមួយវិទ្យាសាស្រ្តនឹងជួយឲ្យមនុស្សរស់បានមួយពាន់ឆ្នាំ ។ លោកអូបឺរីបានអះអាងថា នៅទីបំផុត តាមការស្រាវជ្រាវអំពីរចនាសម្ព័ន្ធ និងមុខនាទីនៃជាតិគីមីចម្រុះ បានឲ្យដឹងថា ការព្យាបាលភាពចាស់ជរារបស់មនុស្ស គឺជាអ្វីដែលគេអាចធ្វើបាន ។
ប៉ុន្តែ បន្ទាប់ពីមនុស្សយើងរស់បាន១០០០ឆ្នាំហើយ ពួកគេនឹងត្រូវស្លាប់ទៅវិញដដែល តើមានអ្វីប្លែក? ការព្យាករណ៍របស់លោកដឺ ក្រេយ គឺគ្រាន់តែពន្យាពេលនៃការប្រឈមមុខនឹងសំណួរដ៏សំខាន់បំផុតមួយ គឺសំណួរដែលសួរថា តើមានរឿងអ្វីកើតឡើង បន្ទាប់ពីយើងស្លាប់ទៅ ? ដូចនេះ ការព្យាករ-ណ៍នោះមិនបានឆ្លើយសំណួរមួយនេះទេ ។
ព្រះគម្ពីរបានចែងថា សេចក្តីស្លាប់មិនមែនជាចុងបំផុត នៃជីវិតរបស់មនុស្សឡើយ ។ ផ្ទុយទៅវិញ ព្រះគម្ពីរបានបញ្ជាក់ថា មនុស្សម្នាក់ៗនឹងត្រូវឈរនៅចំពោះព្រះគ្រីស្ទ ។ ពេលនោះ អ្នកជឿព្រះនឹងទទួលរង្វាន់ ចំពោះកិច្ចការដែលខ្លួនបានធ្វើថ្វាយទ្រង់ ហើយអ្នកមិនជឿវិញ គឺនឹងត្រូវមានទោស ដោយសារខ្លួនបានបដិសេធទ្រង់(យ៉ូហាន ៥:២៥-២៩ វិវរណៈ ២០:១១-១៥)។ មនុស្សយើងគ្រប់គ្នាសុទ្ធតែមានបាប ហើយត្រូវការការអត់ទោសបាប ។ មានតែការសុគតនៃព្រះគ្រីស្ទនៅលើឈើឆ្កាងទេ ដែលផ្តល់ឲ្យនូវការអត់ទោសបាប ដល់អស់អ្នកដែលជឿទ្រង់(រ៉ូម ៣:២៣ ៦:២៣)។ ព្រះគម្ពីរបានចែងថា “ដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ”(ហេព្រើ ៩:២៧)។
ដោយសារយើងនឹងជួបព្រះមុខទល់នឹងមុខ នោះយើងត្រូវប្រុងប្រយ័ត្ន ចំពោះអ្វីគ្រប់យ៉ាងដែលយើងធ្វើសព្វថ្ងៃ ។ ដូចនេះ ទោះបីជាយើងនឹងមានជីវិតរស់បាន៧០ឆ្នាំ ឬ១០០០ឆ្នាំក៏ដោយ ក៏យើងនៅតែត្រូវ “ត្រៀមខ្លួនជួបព្រះ” ដូចគ្នា(អេម៉ុស ៤:១២)។ – Dennis Fisher