លោកចន វូលមែន(John Woolman) ជាគ្រូអធិប្បាយ ដែលធ្វើដំណើរបេសកកម្មពីកន្លែងមួយទៅកន្លែងមួយទៀត ។ គាត់បានធ្វើយុទ្ធនាការផ្ទាល់ខ្លួន ដើម្បីបញ្ចប់របបទាសភាព ក្នុងតំបន់អាមេរិក ដែលពួកអាណានិគមនិយមកំពុងកាន់កាប់នៅសម័យនោះ ។ លោកវូលមែនបានជួបជាមួយម្ចាស់ទាសករ ដើម្បីនិយាយអំពីភាពអយុត្តិធម៌ នៃការយកជីវិតរបស់អ្នកដទៃ ធ្វើជាកម្មសិទ្ធិ ។ ទោះបីជាលោកវូលមែនមិនបានលប់បំបាត់របបទាសភាពទាំងស្រុងក៏ដោយ ក៏គាត់បានបញ្ចុះបញ្ចូលពួកម្ចាស់ទាសករជាច្រើនរូប ឲ្យលែងទាសកឲ្យមានសេរីភាព ។ គាត់បានទទួលជោគជ័យ ដោយសារគាត់បានទៅបញ្ចុះបញ្ចូលពួកគេ ដោយផ្ទាល់ ។
ព្រះគម្ពីរភីលេម៉ូន ក៏បានចែងអំពីការអំពាវនាវស្រដៀងគ្នាផងដែរ ។ លោកអូនេស៊ីម គឺជាទាសករដែលបានរត់គេចខ្លួន ពីលោកភីលេម៉ូន ដែលជាម្ចាស់ទាសករដែលបានទទួលជឿព្រះ ។ លោកអូនេស៊ីមក៏បានទទួលជឿព្រះតាមរយៈការងារបម្រើព្រះរបស់សាវ័កប៉ុល ហើយសាវ័កប៉ុល ក៏បានបញ្ជូនគាត់ឲ្យវិលត្រឡប់ ទៅកាន់លោកភីលេម៉ូនវិញ ដោយផ្ញើពាក្យទៅថា “ដ្បិតប្រហែលជាដោយហេតុនោះ បានជាគាត់ឃ្លាតចេញពីអ្នកទៅជាយូរបន្តិច ដើម្បីឲ្យអ្នកបានគាត់វិញ ឲ្យនៅជាប់ជាដរាបទៅ តែមិនមែនដូចជាបាវបំរើទៀតឡើយ គឺលើសជាងបាវបំរើទៅទៀត ទុកដូចជាប្អូនស្ងួនភ្ងាវិញ”(ខ.១៥-១៦)។ កាលពីមុន លោកអូនេស៊ីមគ្រាន់តែជាទាសករម្នាក់ប៉ុណ្ណោះ តែសេចក្តីជំនឿដែលគាត់មានចំពោះព្រះយេស៊ូវ បានកែប្រែទំនាក់ទំនងរវាងគាត់ និងម្ចាស់របស់គាត់ដែលជាអ្នកជឿព្រះ ។ គាត់ក៏ជាបងប្អូនស្ងួនភ្ញាក្នុងព្រះផងដែរ ។ សាវ័កប៉ុលបានជះឥទ្ធិពលដល់មនុស្ស ដែលរស់នៅក្នុងសម័យនោះ ដោយនាំមនុស្សឲ្យប្រែចិត្តម្តងម្នាក់ៗ។
ដោយសារអំណាចបំផ្លាស់បំប្រែនៃដំណឹងល្អ មនុស្សនិងស្ថានភាព អាចមានការផ្លាស់ប្តូរ ។ សូមយើងខិតខំជះឥទ្ធិពលដល់ពិភពលោករបស់យើង ដោយនាំឲ្យមនុស្សប្រែចិត្តម្តងម្នាក់ៗ គឺដូចដែលសាវ័កប៉ុល និងលោកវូលមែនបានធ្វើជាគំរូដល់យើងស្រាប់។ – Dennis Fisher