ពេលដែលនាង សាយឡា មែកណៃ(Shayla McKnight) ដាក់ពាក្យធ្វើការ នៅក្នុងក្រុមហ៊ុនបោះពុម្ភតាមអ៊ីនធើណិត គាត់មានការភ្ញាក់ផ្អើល ដោយបានដឹងថា ក្រុមហ៊ុននេះមានបទបញ្ជាផ្ទៃក្នុងមួយ ដែលមិនទ្រាំទ្រចំពោះការនិយាយដើមគ្នា សូម្បីតែបន្តិច ។ គេបានលើកទឹកចិត្តនិយោជិតទាំងឡាយ ឲ្យជួបគ្នា ដើម្បីដោះស្រាយបញ្ហា ជាជាងនិយាយដើមគ្នា ទៅវិញទៅមក ។ បុគ្គលិកណាដែលត្រូវបានគេរកឃើញថា បាននិយាយដើមគ្នា នឹងត្រូវទទួលការស្តីបន្ទោសពីថ្នាក់លើ យ៉ាងដំណំ ហើយបើពួកគេនៅតែបន្តប្រព្រឹត្តបែបនេះទៀត ពួកគេនឹងត្រូវបានបណ្តេញចេញពីការងារជាមិនខានទេ ។
មុនពេលដែលបទបញ្ជាផ្ទៃក្នុងមួយនេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនមួយនេះ ព្រះទ្រង់បានមានបន្ទូលតាំងពីយូរមកហើយ អំពីក្រឹត្យវិន័យរបស់ទ្រង់ ដែលមិនបានទ្រាំទ្រចំពោះការនិយាយដើម និងនិយាយបង្ខូច ក្នុងចំណោមរាស្រ្តរបស់ទ្រង់ទេ(លេវីវិន័យ ១៩:១៦)។ ទ្រង់ក៏បានដាក់បម្រាម ចំពោះការនិយាយលេងឥតប្រយោជន៍ ដោយខ្វះការពិចារណា ឬដោយការនិយាយបង្ខូចអ្នកដទៃ ដែលនាំឲ្យក្លាយជាពាក្យចចាមអារ៉ាម ឬពាក្យពិត អំពីអ្នកដទៃ ។
ស្តេចសាឡូម៉ូន បានមានបន្ទូលថា ការនិយាយអាក្រក់អំពីនរណាម្នាក់ អាចនាំមកនូវសេចក្តីអន្តរាយ ។ ការនេះនាំឲ្យមនុស្សលែងទុកចិត្តគ្នា(សុភាសិត ១១:១៣) ទំនាក់ទំនងដ៏ជិតស្និទ្ធត្រូវបាក់បែក(១៦:២៨ ១៧:៩) នាំឲ្យអ្នកមានភាពអាម៉ាស និងមានកេរ្តិ៍ឈ្មោះអាក្រក់(២៥:៩-១០) ហើយដុតបញ្ឆេះ ឲ្យក្លាយជាភ្លើងជម្លោះ(២៦:២០-២២)។ មនុស្សយើងកម្រនឹងអាចជួសជុលភាពខូចខាត ដែលពាក្យមិនពិតរបស់ខ្លួន បានបង្ករឡើង ចំពោះអ្នកជិតខាងរបស់ពួកគេ ។
ចូរយើងទូលសូមដល់ព្រះអម្ចាស់ ដើម្បីកុំឲ្យយើងចូលរួម នៅក្នុងការនិយាយអាក្រក់ អំពីអ្នកដទៃឡើយ ។ ទ្រង់សព្វព្រះទ័យ នឹងឲ្យយើងដាក់បង្ខាំងមាត់ខ្លួនឯង ដើម្បីឲ្យយើងនិយាយតែអំពីការល្អគ្រប់យ៉ាង ដែលយើងបានដឹងថាអ្នកដទៃមាន ។ – Marvin Willaims