ពេល ខ្ញុំនៅក្នុងប្រទេសប្រេស៊ីល ខ្ញុំទៅលេងជ្រោះអ៊ីគូហ្ស៊ូជាទឹកជ្រោះមួយស្អាតជាងគេនៅលើពិភពលោក។ ខ្ញុំរំភើបចិត្តណាស់ពេលបានឃើញទឹកជ្រោះ តែអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជាងគេ មិនមែនជាទេសភាពទឹកជ្រោះ ឬទឹកធ្លាក់នោះទេ តែជាសម្លេងទឹកធ្លាក់។ សម្លេងទឹកធ្លាក់ធ្វើឲ្យខ្ញុំលង់ស្មារតី ខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំស្ថិតនៅក្នុងសម្លេងទឹកជ្រោះ។ នេះជាបទពិសោធន៍ដ៏វិសេសវិសាល ដែលរំលឹកខ្ញុំឲ្យដឹងថា ខ្ញុំជាមនុស្សដ៏តូចមួយ បើប្រៀបធៀបទៅនឹងទឹកជ្រោះ។
ក្រោយមកទៀត រូបភាពនេះស្ថិតនៅជាប់នៅក្នុងគំនិតរបស់ខ្ញុំ ហើយខ្ញុំក៏គិតដល់បទគម្ពីរវិវរណៈ ១:១៥ កាលលោកយ៉ូហាននៅកោះប៉ាតម៉ូស គាត់និមិត្តឃើញព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ។ លោកយ៉ូហានពិព៌ណនាអំពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ពេញដោយសិរីរុងរឿងនៅព្រះពស្ត និងព្រះកាយទ្រង់។«ព្រះបាទទ្រង់ដូចជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន» (ខ១៥)។
ពេលនោះ ខ្ញុំមិនអាចយល់ពីបទគម្ពីរនេះទេ រហូតទាល់តែខ្ញុំបានទៅលេងទឹកជ្រោះអ៊ីគូហ្ស៊ូ ហើយ សម្លេងទឹកធ្លាក់ធ្វើអោយខ្ញុំវិសេសជាងគេ។ ពេលខ្ញុំឮសម្លេងទឹកធ្លាក់ ធ្វើឲ្យខ្ញុំដឹងថាខ្ញុំជាមនុស្សតូចមួយ ហើយរឹតតែធ្វើឲ្យខ្ញុំយល់ច្បាស់ជាងមុន ពេលលោកយ៉ូហានឃើញព្រះយេស៊ូវ គាត់ដួលសន្លប់បាត់ស្មារតីនៅទៀបជើងព្រះយេស៊ូវ(ខ១៧)។
ខ្ញុំជឿថា ការពិព៌ណនាបែបនេះជួយអ្នកស្វែងយល់កាន់តែច្បាស់អំពីភាពអស្ចារ្យរបស់វត្តមានព្រះយេស៊ូវ ហើយជួយអ្នកអោយចេះថ្វាយបង្គំព្រះអង្គសង្រ្គោះដូចជាលោកយ៉ូហានដែរ។-Bill Crowder