មូលហេតុនាំឲ្យយើងនិយាយថា អរគុណដល់អ្នកប្រទានអំណោយ ព្រោះយើងចង់កោតសរសើរដល់ម្ចាស់អំណោយ។ អ្នកនិពន្ធជីប៊ី ស្ទនមានប្រសាសន៍ ថា៖«ការដឹងគុណដោយស្ងៀមស្ងាត់មិនមានតម្លៃឡើយ»។
ពេលកូនយើងនៅតូចនៅឡើយ ជារឿយៗយើងត្រូវតែរំលឹកពួកគេ កុំឲ្យមើលមុខ មើលជើង ឬនិយាយពាក្យពិបាកយល់ជំនួសឲ្យពាក្យ«អរគុណ»នោះឡើយ។ ក្រោយពេលយើងរៀបការបានច្រើនឆ្នាំមក ខ្ញុំនិងប្តីខ្ញុំនៅតែរៀននិយាយពាក្យអរគុណដល់គ្នាទៅវិញទៅមក ព្រោះវាសំខាន់ណាស់។ ពេលណាយើងមានចិត្តចង់កោតសរសើរអ្វីមួយ យើងព្យាយាមនិយាយចេញមក ទោះបីជាយើងបាននិយាយដដែលនេះញឹកញាប់ក៏ដោយ។ លោកវីលៀម អាកធួ វត មានប្រសាសន៍ថា៖«ការដឹងគុណដោយអារម្មណ៍ ហើយមិនបានបញ្ចេញមក ប្រៀបបីដូចបានខ្ចប់កាដូ តែមិនបានជូនដល់អ្នកណាម្នាក់»។
ការសម្តែងការដឹងគុណពិតជាមានសំខាន់ណាស់សម្រាប់ទំនាក់ទំនងរបស់មនុស្ស ហើយរឹតតែពិសេសទៅទៀតគឺជាមួយព្រះជាម្ចាស់នៃយើង។ កាលណាយើងរំលឹកទៅដល់ព្រះពររាប់មិនអស់ ដែលទ្រង់បានប្រទានមកយើង តើយើងបានអរព្រះគុណព្រះអង្គហើយឬនៅ? កាលណាយើងគិតដល់អំណោយដ៏ពិសេស ដែលព្រះអង្គបានសុគត និង រស់ឡើងវិញអត់ទោសបាបយើង តើដួងចិត្តយើងពោរពេញដោយការកោតសរសើរ និងអរព្រះគុណទ្រង់ទេ? (រ៉ូម ៦:២៣, ២កូរិនថូស ៩:១៥)។
សូមនឹកចាំបទគម្ពីរទំនុកដំកើង ១០៧:១ ក្នុងចិត្តអ្នករាល់ថ្ងៃ៖ «សូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ» ។-Cindy Hess Kasper