តន្រ្តីមានតួនាទីដ៏សំខាន់នៅក្នុងព្រះគម្ពីរ។ ចាប់តាំងពីកណ្ឌលោកុប្បត្តិ រហូតដល់កណ្ឌវិវរណៈ ព្រះបានឲ្យតន្រ្តីករ ធ្វើការថ្វាយទ្រង់។ ទ្រង់បានប្រើភ្លេង ដើម្បីហៅ បណ្តាជនឲ្យចូលមកថ្វាយបង្គំទ្រង់ និងដើម្បីបញ្ជូនពួកគេចេញទៅធ្វើសង្គ្រាម ដើម្បីសម្រួលអារម្មណ៍ក្រេវក្រោធ និងដើម្បីធ្វើឲ្យមានចិត្តឆេះឆួលខាងវិញ្ញាណ ដើម្បីអបអរជ័យជម្នះ និងដើម្បីកាន់ទុក្ខពេលជួបការបាត់បង់។ គេអាចប្រើតន្ត្រី នៅក្នុងឱកាសទាំងអស់ ហើយតន្រ្តីជាសិល្បៈដែលមានគ្រប់ទម្រង់។ នៅក្នុងតន្រ្តី មានអ្នកដើរតាម និងអ្នកដឹកនាំ មានបទចម្រៀងធម្មតា និងចម្រៀងលាយឡំ មានឧបករណ៍ភ្លេងដែលងាយប្រើ និងឧបករណ៍ភ្លេងដែលគេពិបាកប្រើ មានទំនុកភ្លេង និងភាពស៊ីសង្វាក់គ្នា មានចង្វាក់លឿន និងចង្វាក់យឺត ហើយមានណោតខ្ពស់ និងណោតដែលទាប។
យើងអាចប្រដូចតន្រ្តីទៅនឹងពួកជំនុំ ព្រោះមនុស្សម្នាក់ៗចូលរួម ដោយធ្វើអ្វីដែលខ្លួនអាចធ្វើបានប្រសើរបំផុត។ យើងគ្រប់គ្នាច្រៀង និងលេងភ្លេងតាមណោតខុសគ្នា និងតាមពេលផ្សេងគ្នា ប៉ុន្តែយើងម្នាក់ៗប្រគុំបទចម្រៀងតែមួយទេ។ កាលណាយើងស្គាល់ផ្នែករបស់យើងកាន់តែច្បាស់ នោះយើងក៏អាចអនុវត្តតាមអ្នកដឹកនាំបានកាត់តែប្រសើរ ហើយយើងក៏ប្រគុំតន្ត្រីកាន់តែពិរោះ។
តន្រ្តីមានប្រយោជន៍បំផុត ពេលយើងប្រើវា នៅក្នុងការច្រៀងសរសើរតម្កើងព្រះ។ ពេលការសាងសង់ព្រះវិហារស្តេចសាឡូម៉ូនបានចប់សព្វគ្រប់ ពួកតន្ត្រីករក៏បានច្រៀងសរសើរ និងអរព្រះគុណព្រះ។ ពេលដែលពួកគេសរសើរតម្កើង “សិរីល្អនៃព្រះអម្ចាស់ បានពេញក្នុងព្រះវិហារនៃព្រះ”(២របាក្សត្រ ៥:១៤)។
យើងអរព្រះគុណព្រះ សម្រាប់តន្រ្តីដ៏ពិរោះ ដែលដូចជាការបើកបង្ហាញ អំពីនគរស្ថានសួគ៌ ជាកន្លែងដែលសិរីល្អព្រះនឹងសណ្ឋិតនៅជារៀងដរាប ហើយការសរសើរតម្កើងទ្រង់ នឹងមិនដែលចប់ឡើយ។-Julie Ackerman Link