លោកស៊ីសេរ៉ូ(Cicero) ស្ថិតក្នុងចំណោមអ្នកប្រាជ្ញល្បីល្បាញបំផុតរបស់ចក្រភពរ៉ូម៉ាំង។ គាត់មានជំនាញ ជាវាទគ្មិន មេធាវី អ្នកនយោបាយ ភាសាវិទូ និងជាអ្នកនិពន្ធ។ សព្វថ្ងៃនេះ គេនៅតែបន្តដកស្រង់ស្នាដៃនិពន្ធ និងទស្សនវិជ្ជាដ៏មានប្រយោជន៍របស់គាត់។ ឧទាហរណ៍ គាត់បានបកស្រាយអំពីការរាប់អានគ្នាជាមិត្ត ដោយពាក្យថា “មិត្តភាពជួយបង្កើនសុភមង្គល ហើយកាត់បន្ថយទុក្ខវេទនា ដោយធ្វើឲ្យអំណររបស់យើងកើនឡើងទ្វេរដង ហើយចែករំលែកទុក្ខព្រួយរបស់យើង”។ និយាយរួម គាត់មានការយល់ដឹងអំពីអត្ថប្រយោជន៍នៃមិត្តភាព នៅក្នុងដំណើរជីវិត។
មុនសម័យរបស់លោកស៊ីសេរ៉ូ ជិតមួយពាន់ឆ្នាំ ស្តេចសាឡូម៉ូនក៏បាននិពន្ធអំពីតម្លៃនៃមិត្តភាពផងដែរ។ តាមព្រះគម្ពីរសាស្តា យើងអាចដឹងថា “មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង ពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នានឹងជួយជ្រោងឡើងវិញ”(៤:៩-១០)។ ជាការពិតណាស់ ការរស់នៅដោយគ្មានមិត្តភ័ក្រ ធ្វើឲ្យជីវិតយើងមានភាពឯកកោ ហើយពិបាកទ្រាំទ្រ។
អ្នកប្រាជ្ញដ៏ល្បីនៃចក្រភពរ៉ូម៉ាំង និងស្តេចនៃពួកយូដា មួយអង្គនេះ ពិតជាបាននិយាយត្រូវមែន ព្រោះមិត្តភាពមានសារៈសំខាន់ណាស់។ មិត្តសំឡាញ់ គឺជាអ្នកដែលយើងអាចទុកចិត្តបាន ជាអ្នកផ្តល់ប្រឹក្សា និងអ្នកចែករំលែកបន្ទុករបស់យើង។
ចូរពិចារណាអំពីមិត្តភ័ក្ររបស់អ្នកចុះ។ តើអ្នកបានព្រងើយកន្តើយ ចំពោះអ្នកដែលព្រះប្រទានមក ដើម្បីចែករំលែកសេចក្តីអំណរ និងទុក្ខព្រួយរបស់អ្នកឬទេ? បើសិនជាអ្នកបានព្រងើយកន្តើយមែន នោះសូមស្វែងរកមិត្តភ័ក្តណាម្នាក់ ដើម្បីប្រកបគ្នាជាមួយគាត់ ក្នុងសប្តាហ៍នេះចុះ។ សូមចាំថា “ដែលមានគ្នាពីរនាក់ នោះគឺល្អជាងនៅម្នាក់ឯង” ព្រោះមិត្តភ័ក្រអាចធ្វើឲ្យអំណររបស់យើងកើនឡើងទ្វេរដង ហើយចែករំលែកទុក្ខព្រួយរបស់យើង។-Dennis Fisher