ពេលខ្ញុំបង្រៀន ជួនកាល ខ្ញុំបានប្រើពាក្យស្លោក “ចូរចោទសួរ អ្នកមានចំណេះ” ដើម្បីធ្វើឲ្យសិស្សរបស់ខ្ញុំ មានការផ្តោតអារម្មណ៍ទៅលើការសិក្សា។ ខ្ញុំមិនមែនកំពុងតែអញ្ជើញពួកគេ ឲ្យសួរផ្ចាញ់ផ្ចាលខ្ញុំឡើយ តែខ្ញុំកំពុងលើកទឹកចិត្តពួកគេឲ្យចោទសួរខ្ញុំ។ អ្នកជំនាញផ្នែកអប់រំមួយចំនួនបាននិយាយថា រវាងការឆ្លើយសំណួររបស់សិស្ស និងការបង្រៀនមេរៀនដល់សិស្ស សិស្សអាចរៀនសូត្របានច្រើនជាង ពេលគ្រូឆ្លើយសំណួររបស់ពួកគេ។
តាមធម្មតា យើងរាល់គ្នាឲ្យតម្លៃទៅលើអ្វីដែលយើងចង់ដឹង ខ្លាំងជាងទៅលើអ្វីដែលនរណាម្នាក់ចង់ប្រាប់យើង។ ជាការពិតណាស់ ការបង្រៀនទាំងពីរប្រភេទនេះ គឺសុទ្ធតែជាអ្វីដែលគេគួរធ្វើ ប៉ុន្តែ ការលើកទឹកចិត្តឲ្យសួរសំណួរ គឺស្ថិតនៅក្នុងចំណោមការបង្រៀនដំបូងបំផុត ដែលមានក្នុងព្រះគម្ពីរ។ សូម្បីតែនៅមុនពេល ដែលពួកអ៊ីស្រា-អែលភាសខ្លួនចេញពីនគរអេស៊ីព្ទ ព្រះអម្ចាស់បានបង្គាប់លោកម៉ូសេ ឲ្យចាប់ផ្តើមប្រារព្ធពិធីបុណ្យមួយ ដែលនឹងនាំឲ្យគេមានសំណួរ។ ការប្រារព្ធពិធីបុណ្យរំលង ត្រូវបានធ្វើឡើង ក្នុងគោលបំណងពីរយ៉ាងគឺ : ដើម្បីរំឭកពួកកូនចៅអ៊ីស្រាអែលដែលពេញវ័យ ឲ្យនឹកចាំពីការប្រោសលោះនៃព្រះអម្ចាស់ ហើយដើម្បីឲ្យកូនចៅជំនាន់ក្រោយចោទសួរ អំពីពិធីបុណ្យមួយនេះ(និក្ខមនំ ១២:២៦)។
សំណួរដែលផ្តើមដោយពាក្យ “ហេតុអ្វី” អាចជាសំណួរដ៏គួរឲ្យធុញទ្រាន់ ប៉ុន្តែ វាក៏អាច នាំឲ្យយើងមានឱកាសដ៏អស្ចារ្យ ដើម្បីប្រាប់គេ អំពីមូលហេតុដែលយើងជឿព្រះ(១ពេត្រុស ៣:១៥)។ យើងមិនត្រូវធុញទ្រាន់នឹងសំណួររបស់អ្នកដទៃឡើយ ផ្ទុយទៅវិញ យើងអាចអគុណព្រះ ពេលដឹងថា ពួកគេកំពុងបើកចិត្ត និងគំនិត ដើម្បីរៀនសូត្រ។
សំណួរនាំឲ្យយើងមានឱកាស ឆ្លើយដោយសេចក្តីស្រឡាញ់ និងប្រុងប្រយ័ត្ន ដោយដឹងថា ពាក្យដែលយើងនិយាយ អាចមានលទ្ធផលដ៏អស់កល្បជានិច្ច។-Julie Ackerman Link