ក្នុងអំឡុងឆ្នាំដំបូង នៃចលនាកែទម្រង់ប្រូតេស្តង់ នៅក្នុងទ្វីបអឺរ៉ុប អ្នកស្រី ខាថារីណា វន់ បូរ៉ា(Katharina Von Bora) ដែលជាអតីតដូនជីកាតូលិក បានរៀបការជា មួយលោក ម៉ាទីន លូធ័រ(Martin Luther) ក្នុងឆ្នាំ ១៥២៥។ ជាការពិតណាស់ អ្នកទាំងពីរបានរស់នៅ ក្នុង ជីវិតជាប្តីប្រពន្ធ យ៉ាងមានអំណរ។ លោកលូធ័របានមានប្រសាសន៍ថា “គ្មានចំណងណាមួយក្នុងលោកិយនេះ ដែលផ្អែមល្ហែមខ្លាំង ហើយគ្មានការបែកបាក់ណាល្វីញជូរចត់ខ្លាំង ដូចចំណង និងការបែបបាក់ ដែលកើតមានក្នុងទំនាក់ទំនងប្តីប្រពន្ធដ៏ល្អឡើយ។”
ដោយសារអ្នកស្រីខាថារីណា តែងក្រោកពីដំណេក នៅម៉ោង៤ទៀបភ្លឺ ដើម្បីបំពេញតួនាទីរបស់ខ្លួន នោះលោកលូធ័រក៏ប្រដូចនាងទៅនឹង “ផ្កាយព្រឹកនៃក្រុងវីតធិនបឺក(Wittenberg)។” នាងមានភាពប៉ិនប្រសប់ខាងមើលថែរសួនបន្លែ និងចំការ។ នាងបានគ្រប់គ្រងលើមុខជំនួញរបស់គ្រួសារ និងរៀបចំផ្ទះសំបែង ទុកដាក់ទ្រព្យសម្បត្តិរបស់គ្រួសារលូធ័រ។ កាលនោះ គូស្វាមីភរិយានេះ មានកូនប្រាំមួយនាក់ ហើយអ្នកស្រីខាថារីណាយល់ថា ផ្ទះគឺជាសាលាបណ្តុះបណ្តាលបុគ្គលិកលក្ខណៈរបស់កូនទាំងនោះ។ ភាពស្វាហាប់ និងឧស្សាហ៍ព្យាយាមរបស់នាង ព្រមទាំងការចេះមើលថែក្រុមគ្រួសារ បានធ្វើឲ្យនាងក្លាយជាស្ត្រីដែលមានឥទ្ធិពល។
អ្នកស្រីខាថារីណាហាក់ដូចជាស្ត្រីម្នាក់ ដែលបានពិពណ៌នានៅក្នុងសុភាសិតជំពូក៣១។ ជាការពិតណាស់ នាងជាប្រពន្ធគ្រប់ល័ក្ខណ ដែលបានក្រោកពីដំណេក “តាំងពីពេលមេឃនៅងងឹត”នៅឡើយ ហើយចាត់ចែង“អាហារឱ្យពួកផ្ទះ”(ខ.១៥)។ នាងថែមទាំងមើល “អស់ទាំងផ្លូវរបស់ពួកផ្ទះនាងយ៉ាងល្អ ឥតដែលបរិភោគអាហារដោយសេចក្តីកំជិលឡើយ”(ខ.២៧)។
ពេលយើងសិក្សាអំពីលក្ខណៈសម្បត្តិគំរូរបស់អ្នកស្រីខាថារីណា នោះយើងអាចដឹងថា ស្រ្តីដែលមានឥទ្ធិពល ចាំបាច់ត្រូវមានសេចក្តីស្រឡាញ់ ភាពឧស្សាហ៍ព្យាយាម និងការកោតខ្លាចព្រះ។— Dennis Fisher