តើបច្ចេកវិទ្យាដ៏ជឿនលឿន ក្នុងការទំនាក់ទំនង អាច បណ្តាលឲ្យយើងខ្វះការគួរសម្យ ក្នុងការប្រាស្រ័យទាក់ទងគ្នាឬ?សព្វថ្ងៃនេះ និយោជិកទាំងឡាយអាចបញ្ឈប់ការងាររបស់បុគ្គលិក ជាបណ្តោះអាសន្នដោយបញ្ជូនសារទៅពួកគេ តាមអ៊ីម៉ែល(សារអេឡិចត្រូនីក)ក៏បាន។ ហើយគេអាចរិះគន់គ្នាតាមទំព័រហ្វេសប៊ុក និងធ្វីតធ័រ ដោយមិនបាច់និយាយគ្នាមុខទល់នឹងមុខ។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះយើងមិនគួរដោះស្រាយបញ្ហាជាមួយអ្នកដទៃ តាមរបៀបខាងលើឡើយ តែយកល្អ យើងគួរយកគំរូតាមរបៀប ដែលសាវ័កប៉ុលទំនាក់ទំនងជាមួយនឹងសាវ័កពេត្រុស ពេលមានការមិនចុះសម្រុងគ្នា។
ពេលសាវ័កពេត្រុសមានការយល់ខុស អំពីព្រះគុណព្រះ សាវ័កប៉ុលក៏បានទៅជួបគាត់ ដោយផ្ទាល់(កាឡាទី ២:១១-១៦)។ កាលនោះ លោកពេត្រុសបានថ្វាយបង្គំព្រះ អម្ចាស់ជាមួយសាសន៍ដទៃ ប៉ុន្តែ ពេលពួកក្រឹត្យវិន័យនិយមបានចូលក្នុងចំណោមពួកគេ(ពួកនោះបានជឿថា សេចក្តីសង្រ្គោះទទួលបានពីជំនឿលើព្រះយេស៊ូវ បូករួមនឹងការខំប្រព្រឹត្តតាមក្រឹត្យវិន័យលោកម៉ូសេ) លោកពេត្រុសក៏បានដកខ្លួនចេញពីពួកសាសន៍ដទៃ។ ត្រង់ចំណុចនេះ គាត់បានផ្តាច់ខ្លួនចេញពីពួកគេ តែទន្ទឹមនឹងនោះ គាត់ក៏បានទទួលស្គាល់ថា គាត់កំពុងនៅក្នុងក្រុមជាមួយពួកគេដដែល។ ការនេះបានបង្ហាញថា គាត់ជាមនុស្សមានពុតហើយ បានជាលោកប៉ុលទៅជួបលោកពេត្រុសដោយផ្ទាល់ ដោយសេចក្តីស្រឡាញ់ និងចិត្តឆេះឆួល ដើម្បីឲ្យគាត់ឈប់ការពារលទ្ធិក្រឹត្យវិន័យនិយម ដែលគ្មានអំណាចកែប្រែជីវិតមនុស្សសោះឡើយ។ គាត់ក៏បានរំឭកលោកពេត្រុសថា ព្រះគុណព្រះនាំឲ្យយើង មានសេរីភាពរួចពីចំណងនៃអំពើបាប ហើយនាំឲ្យយើងស្តាប់បង្គាប់ព្រះ។
ការជជែកដោះស្រាយបញ្ហាជាមួយបងប្អូនរួមជំនឿ ដោយសេចក្តីក្លាហាន អាចមានការពិបាក តែអាចនាំឲ្យមានភាពបរិសុទ្ធ និងការរួបរួមគ្នា។ យើងអាចមានការទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក ដោយនិយាយសេចក្តីពិត ដោយសេចក្តីស្រឡាញ់(អេភេសូ ៤:១៥) ដោយដើរក្នុងអំណាចនៃព្រះវិញ្ញាណបរិសុទ្ឋ។ —Marvin Williams