ក្លិនស្អុយដែលហើរចេញពីកន្លែងចាក់សំរាម ដែលកំពុងតែហូរហៀរ បាននាំឲ្យសាធារណៈជនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ។ ហេតុនេះហើយបានពួកកម្មករបានដំឡើងកាំភ្លើងបាញ់ថ្នាំបំបាត់ក្លិនស្អុយ ដើម្បីកំចាត់ក្លិនស្អុយ។ កាំភ្លើងនីមួយៗ អាចបាញ់ទឹកក្រអូបជាង១០លីត្រ ក្នុងមួយនាទី ហើយអាចបាញ់បានចម្ងាយ៥០ម៉ែត្រ ចូលគំនរសំរាមដែលកំពុងរលួយ។ ទោះបីជាគេបានប្រើថ្នាំបំបាត់ក្លិនស្អុយ បាញ់គ្របពីលើក្លិនស្អុយរបស់សំរាម អស់ប៉ុន្មានលីត្រក៏ដោយ ក៏ទឹកក្រអូបនោះគ្រាន់តែជាគ្រឿងគ្របបាំងក្លិនស្អុយប៉ុណ្ណោះ ដរាបណាគេពុំទាន់បានយកប្រភពនៃក្លិនស្អុយនោះចេញទេនោះ។
ស្តេចដាវិឌក៏ជាមនុស្ស ដែលខំគ្របបាំងក្លិនស្អុយផងដែរ។ ក្រោយពីបានផឹតក្បត់ជាមួយនឹងនាងបាតសេបាហើយ ទ្រង់ក៏បានព្យាយាមលាក់បាំងរឿងអាស្រូវរបស់ទ្រង់ ដោយធ្វើជានៅស្ងៀម និងប្រើល្បិចកល ហើយតាំងខ្លួនជាអ្នកមានជំនឿខ្លាំង(២សាំយ៉ូអែល ១១-១២)។ ក្នុងបទទំនុកតម្កើងជំពូក ៣២ ទ្រង់បានមានបន្ទូលថា ពេលដែលទ្រង់ធ្វើជានៅស្ងៀម ព្រះហស្ថនៃព្រះក៏ប៉ះពាល់ទ្រង់ ដោយឲ្យទ្រង់ជួបសេចក្តីទុក្ខជាច្រើន ដើម្បីឲ្យទ្រង់ដឹងថាខ្លួនខុស(ខ.៣-៤)។ ពេលស្តេចដាវីឌមិនអាចអត់ទ្រាំបានតទៅទៀត ទ្រង់ក៏ឈប់បិទបាំងអំពើបាបរបស់ខ្លួន ដោយទទួលស្គាល់ និងសារភាព ហើយប្រែចិត្តចេញពីអំពើបាប(ខ.៥)។ ដូចនេះ ទ្រង់មិនចាំបាច់ត្រូវខំបិទបាំងអំពើបាបរបស់ខ្លួនទៀតឡើយ ព្រោះព្រះបានអត់ទោសបាបឲ្យទ្រង់ហើយ។
យើងនឹងមិនទទួលបានប្រយោជន៍អ្វី ពីការព្យាយាមលាក់បាំងអំពើបាបរបស់យើងឡើយ។ ក្លិនដែលស្អុយចេញពីការមិនស្តាប់បង្គាប់របស់យើង នឹងជ្រាបចេញតាមការអ្វីមួយដែលយើងធ្វើ ដើម្បីគ្របបាំងវា។ បើយើងកំពុងមានសំរាមនៅក្នុងចិត្ត នោះចូរយើងសារភាពនៅចំពោះព្រះ ហើយទទួលការលាងសម្អាតឲ្យមានភាពស្រស់ថ្លាឡើងវិញ ដោយព្រះគុណ និងការអត់ទោសរបស់ទ្រង់។ —Marvin William