ថ្មីៗ​នេះ ខ្ញុំបា​ន​បាត់​កាត​ក្រេ​ឌីត ហើយ​រក​វាមិ​នឃើ​ញ សោះ​។ ខ្ញុំ​ក៏​ចាប់​ផ្តើម​ខំ​ខ្នះ​ខ្នែង​​រក​វា ព្រោះ​ការ​បាត់​កាត​ក្រេឌីត​មិន​មែន​ជាប​ញ្ហាតូ​ច​ឡើយ។ ការ​បង់​ប្រាក់ និង​ការ​ទិញ​ទំនិញ​ជា​ប្រចាំ​ថ្ងៃ​ត្រូវ​អាក់​ខាន បើខ្ញុំ​មិ​នទា​ន់​អាច​​រ​ក​បាន​កាត​ក្រេឌីត​ថ្មី​ទេ​នោះ។ ជាង​នេះ​ទៅ​​ទៀ​ត បើ​មាន​នរណា​ម្នាក់​រើស​បាន​កាត​នោះ ហើយ​ប្រើ​វា ដើម្បីចា​យ​វាយតាម​​អំពើ​ចិត្ត ខ្ញុំ​នឹង​ត្រូវ​បាត់​ប​ង់​ប្រាក់ ក្នុង​កុង​ធនាគា​របស់​​ខ្ញុំ​​ជា​មិ​​ន​ខា​ន។ តែ​ខ្ញុំមា​ន​អារម្មណ៍​ធូរ​ស្បើយ​យ៉ាង​ខ្លាំង ពេល​ភរិយា​របស់​ខ្ញុំ​បាន​រក​ឃើញ​វា នៅ​ក្រោម​តុ​កំព្យូ​ទ័រ។

ក្នុង​បទ​គម្ពីរ ១៥:៨-១០ ព្រះ​គ្រីស្ទ​បាន​មាន​បន្ទូល​អំពី​រឿង​បាត់​ប្រាក់​ដួង​ដ៏​មា​ន​តម្លៃ​មួយ ដែល​ស្មើ​នឹង​ប្រាក់​ឈ្នួល​មួយ​ថ្ងៃ។ ស្រ្តី​ដែល​បាន​បាត់​ប្រាក់ដួ​ង​នោះ មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ស្វែង​រ​ក​វា បាន​ជា​នាងអុជ​​ចង្កៀង ហើយ​​បោ​ស​​ផ្ទះ​​រក​អស់​ពី​ចិត្ត ទាស់​តែ​បាន​ឃើញ​។ កាល​​រក​ឃើញ នោះ​ក៏​ហៅ​ពួក​សំឡាញ់ នាងថា “សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ​ចុះ ដ្បិត​ប្រាក់​ខ្ញុំ​ដែល​បាត់ នោះ​រក​ឃើញ​វិញ​ហើយ”(ខ.៩)។ បន្ទាប់​មក ព្រះ​យេស៊ូវ​បាន​ពន្យល់​ អំពី​អត្ថន័យ​របស់​រឿង​នេះថា​ “ក៏​មាន​សេចក្តី​អំណរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយសារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ(ខ.១០)។”

មនុស្ស​មាន​តម្លៃ​ដ៏​មហិមា​ចំពោះ​ព្រះ​។ អ្នក​ដែល​មិន​ស្គាល់​ទ្រង់ គឺ​ជា​មនុស្ស​បាត់​បង់​ ក្នុង​អំពើបាប​របស់​ខ្លួន។ ព្រះយេស៊ូវ​ទ្រង់​បាន​បង់​ថ្លៃ​ម្តង​ជា​សម្រេច ដើម្បី​លោះបាប​ពួក​គេ ដោយ​សុគត​នៅ​លើឈើ​​ឆ្កាង។ តើអ្ន​កដឹ​ង​ថា មាន​នរណា​ខ្លះ ជា​មនុស្ស​បា​ត់ប​ង់? ចូរ​ទូល​សូម​ព្រះ​អម្ចាស់ ឲ្យ​ប្រទាន​ឱកាស​ផ្សាយ​ដំណឹង​ល្អ ដល់​អ្នក​ទាំង​នោះ ដើម្បី​ឲ្យ​ពួក​គេ​អា​ច​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប ហើ​យ​ឲ្យ​ព្រះ​ដ៏មា​ន​គុណ​នៃ​យើង រក​ពួក​គេ​ឃើញ​។-Dennis Fisher