នៅក្នុងខែមិថុនា ឆ្នាំ ២០១១ ពេលដែលទឹកជំនន់ដ៏មហន្តរាយ បានបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន នៅក្រុងមីនូត(Minot) រដ្ឋដាកូតាខាងជើង(North Dakota) ពួកគេក៏បានធ្វើនូវកិច្ចការមួយ ដែលហាក់ដូចជាគ្មានការស្ទាក់ស្ទើរ គឺពួកគេបានជួយអ្នកដទៃ ដែលកំពុងត្រូវការជំនួយ។ មានប្រជាជនជាច្រើនដែលរស់នៅចម្ងាយផ្លូវធ្វើដំណើរប្រហែលមួយម៉ោង បានចេញមក ជួយអ្នកទាំងនោះ ទោះបីជាពួកគេមិនបានសុំឲ្យជួយក៏ដោយ។ អ្នកខ្លះបានឲ្យអ្នកដែលបាត់បង់ផ្ទះសម្បែងខ្ចីតង់សម្រាប់បោះជំរុំ ហើយអ្នកខ្លះទៀតបានអនុញ្ញាតឲ្យគេប្រើបន្ទប់ដាក់ឡានរបស់ខ្លួន សម្រាប់ដាក់សម្ភារៈជាបណ្តោះ អាសន្ន។ ប្រជាជននៅរដ្ឋដាកូតាខាងជើងកំពុងបង្ហាញអំពីអត្ថន័យនៃការធ្វើជាអ្នកជិតខាងល្អ។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ការធ្វើជាអ្នកជិតខាងល្អ ដោយបង្ហាញសេចក្តីស្រឡាញ់ដល់អ្នក ដទៃ គួរតែត្រូវធ្វើឡើង ដោយគ្មានការស្ទាក់ស្ទើរផងដែរ(ម៉ាថាយ ២២:៣៩ យ៉ូហាន ១៣:៣៥ ១យ៉ូហាន ៤:៧-១១)។ ទោះបីជាយើងប្រហែលជាមិនមានឱកាសឆ្លើយតបភ្លាមៗ ដោយគ្មានការស្ទាក់ស្ទើរ ចំពោះគ្រោះធម្មជាតិក៏ដោយ ក៏យើងនៅតែអាចស្វែងរកវិធីបង្ហាញសេចក្តីស្រឡាញ់អ្នក ដែលនៅជុំវិញខ្លួនយើងជានិច្ច។ ដើម្បីធ្វើជាអ្នកជិតខាងល្អ យើងអាចបង្ហាញសេចក្តីមេត្តាដល់អ្នកដទៃ(លូកា ១០:២៩-៣៧) ប្រព្រឹត្តចំពោះអ្នកដទៃ ដោយយុត្តិធម៌(លេវីវិន័យ ១៩:១៣-១៨ យ៉ាកុប ២:១-៨) និយាយទៅកាន់អ្នកដទៃ ដោយពាក្យពិត(អេភេសូ ៤:២៥) ហើយអត់ទោសឲ្យអ្នកដទៃទាំងស្រុង(អេភេសូ ៤:៣២ កូល៉ុស ៣:១៣)។
គ្រីស្ទបរិស័ទអាចធ្វើជាអ្នកជិតខាងដែលល្អបំផុត ព្រោះសេចក្តីស្រឡាញ់ដែលយើងមានចំពោះអ្នកដទៃ បានបង្ហូរចេញពីអ្នកជិតខាងដ៏ប្រសើរបំផុតរបស់យើង គឺអង្គព្រះយេស៊ូវគ្រីស្ទ ដែលបានស្រឡាញ់ និងលះបង់ព្រះជន្មទ្រង់ ដើម្បីយើងរាល់គ្នា។-Marvin Williams