ក្នុងសៀវភៅដែលលោកចេម ហ្វេនីមរ ឃូភ័រ(James Fenimore Cooper) បាននិពន្ធ ដែលមានចំណងជើងថា អ្នកចុងក្រោយ នៃកុលសម្ព័នម៉ូហិកិន យើងអាចកត់ចំណាំតួអង្គមួយ ដែលមានឈ្មោះ ដាវីឌ កាមូទ(David Gamut)។ ក្នុងរឿងនោះ គាត់ជាគ្រីស្ទបរិស័ទដែលមានការប្តូរប្តេជ្ញនៅក្នុងជំនឿ ដែលចូលចិត្តច្រៀងបទទំនុកតម្កើង ជាមួយបទភ្លេង ហើយគាត់បានច្រៀងបទទាំងនោះ ទោះជាជីវិតរបស់គាត់ជួបកាលៈទេសៈបែបណាក៏ដោយ។ លោកកាមូទជឿថា គាត់អាចទុកចិត្តព្រះបាន នៅពេលមានវិបត្តិ ក៏ដូចជានៅពេលយើងជួបការល្អ។ គាត់បានរស់នៅ ក្នុងជីវិតដែលសរសើរតម្កើងអំណាចឃុំគ្រងរបស់ព្រះ ដែលមានអំណាចលើគ្រប់ទាំងអស់ មានសិទ្ធិអំណាច និងការគ្រប់គ្រងលោកិយ។
ព្រះគម្ពីរបានប្រាប់យើងអំពីបុរសម្នាក់ទៀត ដែលមានឈ្មោះ ដាវីឌ ដែរ ដែលជាមនុស្សមានសាច់ឈាមពិត ហើយធ្លាប់ឆ្លងកាត់កាលៈទេសៈនៃជីវិត ដែលមិននឹកស្មានដល់ ហើយចូលចិត្តឆ្លើយតបចំពោះព្រះ ដោយការសរសើរតម្កើង។ អ្នកនោះគឺស្តេចដាវីឌនៃ នគរអ៊ីស្រាអែល។ ទ្រង់ជាអ្នកដែលបានផ្តួលកូលីយ៉ាត ដោយបាញ់នឹងដង្ហក់ និងជាអ្នកដែលស្តេចសូល តាមសម្លាប់ ហើយជាអ្នកដឹកនាំជនជាតិអ៊ីស្រាអែល។ តែក្នុងស្ថានភាពទាំងអស់នេះ ដាវីឌបានចំណាយពេលនិពន្ធ និងច្រៀងបទទំនុកតម្កើង ដល់ព្រះដែលមានអំណាចគ្រប់គ្រងលើទាំងអស់។ ឧទាហរណ៍ ទ្រង់បានសរសេរថា “ព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌ ហើយរាជ្យទ្រង់ក៏គ្រប់គ្រងលើទាំងអស់”(ទំនុកតម្កើង ១០៣:៩)។ ស្តេចដាវីឌបានដឹងថា ទោះក្នុងស្ថានភាពណាក៏ដោយ ក៏យើងនៅតែអាចថ្វាយបង្គំ និងអរព្រះគុណព្រះ ចំពោះការយកព្រះទ័យទុកដាក់ និងការគ្រប់គ្រងរបស់ទ្រង់។
តើអ្នកកំពុងជួបប្រទះបញ្ហាអ្វី នៅថ្ងៃនេះ? តើអ្នកកំពុងទទួលព្រះពរ ឬជួបការល្បងល? ទោះជាអ្នកស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ សូមនឹកចាំពីគំរូរបស់ស្តេចដាវីឌ ហើយច្រៀងសរសើរព្រះ សម្រាប់ការគ្រប់គ្រងរបស់ទ្រង់ ក្នុងជីវិតយើង។-Dennis Fisher