ដោយសារជនជាតិចិនបានឆ្នៃបង្កើតកាំជ្រួច តាំងពីយូរមកហើយ នោះសព្វថ្ងៃនេះ ជនជាតិអាមេរិកបានប្រើកាំជ្រួចបាញ់ចេញជាផ្កាភ្លើងធំៗពណ៌ចម្រុះជាច្រើន ដើម្បីអបអរពិធីបុណ្យឯករាជ្យជាតិរបស់ខ្លួន ក្នុងខែនេះ។
ជារៀងរាល់ឆ្នាំ ជនជាតិអាមេរិកច្រៀងបទគោរពទង់ជាតិ ហើយអរសប្បាយនឹងផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាល ដែលកើតឡើងពី “គ្រាប់កាំជ្រួច ដែលបានផ្ទុះនៅលើអាកាស” ហើយពេលនោះ ខ្ញុំក៏បាននឹកចាំថា គ្រាប់បែកភាគច្រើនអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែ មិនអាចមានភាពស្រស់ស្អាត ដូចគ្រាប់កាំជ្រួចដែលគេបានបាញ់ឲ្យទស្សនាកម្សាន្តឡើយ។ ទោះបីជាគ្រាប់ផ្ទុះទាំងពីរប្រភេទនេះត្រូវបានបង្កើត ដោយប្រើគ្រឿងផ្សំស្រដៀងគ្នាក្តី ក៏គ្រាប់ប្រភេទទីមួយត្រូវបានបង្កើត ក្នុងគោលបំណងដើម្បីសម្លាប់មនុស្ស ខណៈដែលគ្រាប់ផ្ទុះមួយប្រភេទទៀត ត្រូវបានគេប្រើសម្រាប់ការកម្សាន្តសប្បាយ។ ត្រង់ចំណុចនេះ យើងអាចយកឧទាហរណ៍នេះ ទៅធៀបនឹងការផ្សេងទៀត ដែលគេក៏អាចប្រើក្នុងបំណងល្អផង បំណងអាក្រក់ផង។ ពេលដែលរបស់ទាំងនោះធ្លាក់ចូលក្នុងដៃរបស់មនុស្សដែលមានសមត្ថភាព មានការប្រុងប្រយ័ត្ន និងការយកចិត្តទុកដាក់ខ្ពស់ នោះរបស់ដែលគ្រោះថ្នាក់ទាំងនោះ អាចក្លាយជារបស់ដ៏ស្រស់ត្រកាល។ ប៉ុន្តែ របស់ល្អក៏អាចត្រូវមនុស្សអាក្រក់ ធ្វើឲ្យក្លាយជារបស់ដ៏គ្រោះថ្នាក់ផងដែរ។
យ៉ាងណាមិញ សេរីភាពគឺជាអ្វីដែលយើងបានអបអរសាទរ ដោយការបាញ់កាំជ្រួច តែគេក៏អាចប្រើវា ក្នុងផ្លូវល្អផង និងផ្លូវអាក្រក់ផងដែរ។ ក្នុងនាមយើងជាអ្នកជឿព្រះគ្រីស្ទ យើងមានសេរីភាពរួចផុតពីក្រឹត្យវិន័យដ៏តឹងរឹងរបស់លោកម៉ូសេ ប៉ុន្តែ ព្រះគម្ពីរបានដាស់តឿនយើងថា យើងមិនត្រូវប្រើសេរីភាពខាងវិញ្ញាណរបស់យើង ដើម្បីបំពេញចិត្តអាត្មានិយមរបស់យើងឡើយ គឺដូចដែលមានសេចក្តីចែងថា “បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញ”(កាឡាទី ៥:១៣)។
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសេរីភាពផ្នែកនយោបាយ និងជំនឿសាសនាឡើយ តែអ្នកជឿព្រះទាំងអស់ សុទ្ធតែមានសេរីភាពខាងវិញ្ញាណ យើងមិនត្រូវប្រើសេរីភាពយើងជាអាវុធ ដើម្បីបង្ខំអ្នកដទៃឲ្យធ្វើតាមចិត្តរបស់យើងឡើយ តែត្រូវប្រើសេរីភាពយើង ដើម្បីបង្ហាញឲ្យអ្នកដទៃបានស្គាល់សេរីល្អនៃបំណងព្រះទ័យព្រះវិញ។—Julie Ackerman Link