នៅក្នុងពិធីតាំងបង្ហាញវប្បធម៌ នៅឯទីក្រុងបានឌុង(Bandung) ប្រទេសឥណ្ឌូនេស៊ី យើងបានកម្សាន្តសប្បាយនឹងការប្រគុំតន្រ្តីដ៏អស្ចារ្យមួយ។ មុនពេលកម្មវិធីត្រូវបានបញ្ចប់ ក្នុងចំណោមទស្សនិកជនទាំងអស់មានមនុស្ស២០០នាក់ បានទទួលឧបករណ៍ភ្លេងអន្លូង(Anglung)ម្នាក់មួយៗ ដែលឧបករណ៍ភ្លេងនោះ ត្រូវបានគេផលិតពីឫស្សី។ គេបានបង្រៀនយើង ឲ្យចេះអង្រួនវា តាមចង្វាក់ តាមការបញ្ជារបស់អ្នកនាំវង់ភ្លេង។ មិនយូរប៉ុន្មាន យើងក៏បានគិតថា យើងកំពុងតែប្រគុំភ្លេងដូចវង់ភ្លេងដែរ ពោលគឺយើងមានមោទនៈភាព ពេលបានដឹងថាយើងធ្វើបានល្អប៉ុណ្ណា! បន្ទាប់មក ខ្ញុំក៏ចាប់ផ្តើមយល់ថា យើងមិនមែនជាអ្នកប្រគុំបានល្អទេ អ្នកដែលសមនឹងទទួលការសរសើរ គឺអ្នកដឹកនាំវង់ភ្លេងឯណោះទេ។
យ៉ាងណាមិញ ពេលដែលអ្វីៗគ្រប់យ៉ាងមានភាពល្អប្រសើរ ក្នុងជីវិតរបស់យើង យើងងាយនឹងមានមោទនភាពចំពោះខ្លួនឯង។ យើងត្រូវបានល្បួងឲ្យគិតថា យើងធ្វើបានល្អ ហើយយើងបានទទួលជោគជ័យ ដោយសារសមត្ថភាពរបស់យើង។ នៅពេលនោះ យើងច្រើនតែភ្លេចថា នៅពីក្រោយការទាំងអស់នោះ គឺមានព្រះជាអ្នកបណ្តាលចិត្តយើង គាំពារ ផ្គត់ផ្គង់ និងការពារយើង។
ស្តេចដាវីឌបានចងចាំសេចក្តីពិតនេះ គឺដូចដែលមានសេចក្តីចែងមកថា “ស្តេចដាវីឌទ្រង់ចូលទៅគង់នៅចំពោះព្រះយេហូវ៉ា ទូលថា ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ តើទូលបង្គំជាអ្វី តើកូនចៅទូលបង្គំជាអ្វី បានជាទ្រង់ប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ”(១របាក្សត្រ ១៧:១៦)។ ស្តេចដាវីឌមានព្រះទ័យអរសប្បាយយ៉ាងខ្លាំង នៅក្នុងការពោលសរសើរសេចក្តីល្អរបស់ព្រះ។
នៅពេលក្រោយ ពេលដែលយើងត្រូវបានល្បួងឲ្យសរសើរខ្លួនឯង សម្រាប់ព្រះពរដែលយើងបានទទួល សូមយើងបង្អង់ឈប់សិន ហើយសូមចងចាំថា តាមពិតគឺព្រះអម្ចាស់ទេ ដែលបាននាំព្រះពរមកឲ្យយើងនោះ។—Albert Lee