លោកម៉ាក ម៉ូហ្វេត(Mark Moffett) គឺជាអ្នក និពន្ធសៀវភៅរឿង ដំណើរផ្សងព្រេងជាមួយហ្វូងស្រម៉ោច : ដំណើររកមើលសត្វស្រម៉ោចទូទាំងពិភពលោក ដែលមានសត្វស្រម៉ោចរាប់សែនកោដិដើរតួរ។ រឿងនេះបានឆ្លុះបញ្ចាំង អំពីចំណង់ចំណូលចិត្តដែលគាត់មានចំពោះសត្វស្រម៉ោច ពេលគាត់នៅក្មេង ហើយទោះជាគាត់បានចម្រើនវ័យធំឡើង ក៏គាត់នៅតែមានចំណង់ចំណូលចិត្តបែបនេះដដែល។ ការវក់ចិត្តនឹងសត្វស្រម៉ោចនេះ បាននាំឲ្យគាត់ខំសិក្សាស្រាវជ្រាវ រហូតទទួលបានសញ្ញាប័ត្របណ្ឌិត នៅសកលវិទ្យាល័យហាវើត(Harvard) ហើយគាត់ក៏បានធ្វើដំណើរទូទាំងពិភពលោក ក្នុងនាមជាអ្នកជំនាញ នៅក្នុងមុខវិជ្ជាមួយនេះ។ ការសិក្សារបស់គាត់បាននាំឲ្យគាត់ទទួលបានការយល់ដឹងដ៏អស្ចារ្យ អំពីសត្វដ៏ឧស្សាហ៍ទាំងអស់នោះ។
តាំងពីយូរមកហើយ មុនពេលដែលលោកម៉ូហ្វេតរុករកឃើញភាពអស្ចារ្យខ្លះៗ នៃពិភពសត្វស្រម៉ោច ព្រះគម្ពីរបានចែងអំពីភាពឆ្លាតវ័យ និងសីលធម៌ការងារនៃសត្វល្អិតដ៏តូចមួយប្រភេទនេះ។ ស្តេចសាឡូម៉ូនដ៏មានប្រាជ្ញា ទ្រង់បានយកសត្វស្រម៉ោចធ្វើជាឧទាហរណ៍គំរូនៃភាពឧស្សាហ៍ព្យាយាម សម្រាប់ឲ្យមនុស្សខ្ចិលទាំងឡាយយកតម្រាប់តាម គឺដូចដែលទ្រង់បានចែងថា “ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមាន ប្រាជ្ញាឡើង វាគ្មាននាយ គ្មានអ្នកកាន់កាប់ការ ឬអ្នកគ្រប់គ្រងឡើយ គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀងទុក ក្នុងរដូវចំរូតផង”(សុភាសិត ៦:៦-៨)។
ព្រះទ្រង់បានពិពណ៌នាអំពីស្នាព្រះហស្ថដ៏អស្ចារ្យរបស់ទ្រង់ ដោយប្រើសត្វដែលទ្រង់បានបង្កើតដើម្បីបង្រៀនយើង។ ជាក់ស្តែង តាមរយៈការបង្រៀនអំពីសត្វស្រម៉ោច យើងអាចមើលឃើញសារៈសំខាន់នៃការធ្វើផែនការទុកជាមុន និងការត្រៀមស្បៀងសម្រាប់ផ្គត់ផ្គង់នៅពេលអនាគត(៣០:២៥)។ ព្រះទ្រង់បានប្រើធម្មជាតិ ដើម្បីចងក្រងមេរៀនខាងវិញ្ញាណ ហើយសូម្បីតែសត្វស្រម៉ោចដ៏តូចល្ងិត ក៏អាចឲ្យយើងរៀនសូត្រពីពួកវាបានដែរ។—Dennis Fisher