សិល្បៈករម្នាក់ឈ្មោះ ចេមស៍ ហាប់ប៊ែល(James Hubbell) បានមានប្រសាសន៍ថា “កំហុស គឺជាអំណោយ”។ ពេលណាគាត់កំពុងធ្វើកិច្ចការអ្វីមួយ ហើយបានធ្វើខុសនៅត្រង់ចំណុចណាមួយ នោះគាត់មិនធ្វើកិច្ចការនោះសារឡើងវិញឡើយ។ ផ្ទុយទៅវិញ គាត់ស្វែងរកវិធីកែច្នៃកំហុសនោះ ឲ្យក្លាយជាការអ្វីដែលល្អប្រសើរជាង។ គ្មាននរណាម្នាក់ អាចជៀសវាងការប្រព្រឹត្តខុសបានឡើយហើយយើងគ្រប់គ្នាប្រើដំណោះស្រាយ តាមចំណូលចិត្តខុសៗគ្នា។ យើងប្រហែលជាព្យាយាមលាក់បាំង ឬកែកំហុសនោះឲ្យត្រូវ ឬក៏សុំអភ័យទោស។
ជួលកាល បន្ទាប់ពីយើងបានប្រព្រឹត្តអំពើបាប យើងក៏បានប្រើដំណោះស្រាយដូចនោះផងដែរ។ ប៉ុន្តែ ព្រះទ្រង់មិនបានបោះបង់យើងចោល ហើយឲ្យយើងធ្វើឡើងវិញឡើយ។ ផ្ទុយទៅវិញ ទ្រង់បានប្រោះលោះយើងឲ្យរួចពីបាបទាំងនោះ ហើយកែយើងឲ្យបានល្អជាងមុន។
សាវ័កពេត្រុសច្រើនតែធ្វើ ឬនិយាយអ្វី តាមការនឹកឃើញភ្លាមៗ។ គេបានហៅគាត់ថា “អ្នករហ័សធ្វើខុស”។ ដោយសារការភ័យខ្លាច បន្ទាប់ពីពួកសាសន៍យូដាបានចាប់ខ្លួនព្រះយេស៊ូវ គាត់បានប្រកែកបីដងថា គាត់មិនស្គាល់ព្រះយេស៊ូវទេ! តែក្រោយមក បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏បានឲ្យគាត់ឆ្លើយបញ្ជាក់បីដង ថាគាត់ពិតជាស្រឡាញ់ទ្រង់មែន ដូចនេះ ទ្រង់បាន កែប្រែការបដិសេធដ៏អាម៉ាស់របស់លោកពេត្រុស ឲ្យក្លាយទៅជាឱកាសដ៏អស្ចារ្យ សម្រាប់ការស្អាងឡើងវិញ(យ៉ូហាន ២១)។ ទោះបីជាលោកពេត្រុសធ្លាប់មានកំហុសកាលពីមុនក៏ដោយ ក៏ព្រះយេស៊ូវទ្រង់នៅតែស្អាងគាត់ឡើងវិញ សម្រាប់ការងារបម្រើទ្រង់ ដោយមានបន្ទូលទៅកាន់គាត់ថា “ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង”(ខ.១៧)។
បើអ្នកបានប្រព្រឹត្តនូវ “កំហុស” ដ៏ធំមួយ ដែលហាក់ដូចជាមិនអាចលប់លាងបាន នោះសូមចាំថា ការសំខាន់បំផុត គឺត្រូវសួរខ្លួនឯងថា តើអ្នកស្រឡាញ់ព្រះយេស៊ូវទេ? ពេលដែលយើងស្រឡាញ់ព្រះយេស៊ូវ នោះទ្រង់អាចធ្វើឲ្យកំហុសដ៏ធ្ងន់ធ្ងរ ប្រែក្លាយជាការអស្ចារ្យ។—Julie Ackerman Link