ខ្ញុំមានចិត្តស្ញប់ស្ញែង ចំពោះលោកហេម៉ាន ដែលបាននិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៨៨។ ស្ថានភាពនៃជីវិតរបស់គាត់ ពេញទៅដោយទុក្ខព្រួយ ឥតមានពេលស្បើយ។ បានជាគាត់រៀបរាប់ពីទុក្ខសោករបស់គាត់ថា “ព្រលឹងទូលបង្គំមានពេញដោយសេចក្តីវេទនា”(ខ.៣)។ គាត់មានចិត្តឆ្អែតឆ្អន់ចំពោះសេចក្តីវេទនាហើយ!
លោកហេម៉ានបានក្រឡេកមកក្រោយ ហើយនឹកចាំពីបញ្ហាសុខភាពដ៏ទ្រុឌទ្រោម និងការអាក្រក់ដែលគាត់បានជួបប្រទះ។ ពេលគាត់មើលជុំវិញខ្លួន គាត់ឃើញតែទុក្ខលំបាក និងភាពឯកកោ។ គាត់ក៏ងើយមើលទៅលើ តែគាត់មិនបានទទួលការកម្សាន្តចិត្តសោះ។ គាត់ក៏បានត្អូញត្អែរថា “ទូលបង្គំមានសេចក្តីវេទនា”(ខ.១៥)។ គាត់ត្រូវបាន “បំបរ បង់ចោល”(ខ.៥) “ក្នុងទីងងឹត”(ខ.៦) “ដែលមានពេញទៅដោយការសង្កត់សង្កិន”(ខ.៧,១៥) និង “ត្រូវបានទុកចោល”(ខ.១៤)។ គាត់មើលមិនឃើញមានពន្លឺ នៅមាត់ផ្លូវ ហើយក៏គ្មានដំណោះស្រាយសម្រាប់ទុក្ខលំបាករបស់គាត់ដែរ។ ទោះជាយ៉ាងណាក៏ដោយ ភាពស្មោះត្រង់របស់លោកហេម៉ាន បានលើកទឹកចិត្តខ្ញុំ។ ខ្ញុំមិនជឿថា មានគ្រីស្ទបរិស័ទដែលមិនធ្លាប់ជួបទុក្ខលំបាកឡើយ។ ជាការពិតណា មនុស្សយើងតែងជួបការលំបាកផង និងការល្អផងជាធម្មតា។ គ្មាននរណាម្នាក់ចង់នៅក្បែរមនុស្សដែលមួយថ្ងៃៗ គិតតែពីរអ៊ូរទាំពីទុក្ខលំបាករបស់ខ្លួនជានិច្ចឡើយ។ ប៉ុន្តែ ខ្ញុំមានភាពធូរស្បើយក្នុងចិត្ត ពេលដែលខ្ញុំបានដឹងថា អ្នកដទៃក៏មានទុក្ខលំបាកដែរ។
ប៉ុន្តែ លោកហេម៉ានមិនគ្រាន់តែមានចិត្តស្មោះត្រង់ប៉ុណ្ណោះឡើយ។ គាត់ថែមទាំងមាន សេចក្តីជំនឿដែលមិនចេះរួញរា។ ទោះបីជាគាត់មានបញ្ហាជាច្រើនយ៉ាងណាក្តី ក៏គាត់នៅតែតោងព្រះឲ្យជាប់ ហើយស្រែកអំពាវរកទ្រង់ “ទាំងយប់ទាំងថ្ងៃ”(ខ.១,៩,១៣)។ គាត់មិនបានឈប់អធិស្ឋានឡើយ។ គាត់ក៏មិនព្រមចុះចាញ់ដែរ។ ហើយទោះបីជាយ៉ាងណាក៏ដោយ គាត់នៅតែទទួលស្គាល់សេចក្តីស្រឡាញ់របស់ព្រះ ភាពស្មោះត្រង់ និងសេចក្តីសុច្ចរិតរបស់ទ្រង់ (ខ.១១-១២)។
ខ្ញុំចូលចិត្តអ្នកដែលមានលក្ខណៈដូចលោកហេម៉ាន។ ពួកគេបានជួយឲ្យខ្ញុំតោងព្រះ ឲ្យកាន់តែជាប់ ហើយក្រើនរំឭកខ្ញុំ មិនឲ្យឈប់អធិស្ឋានឡើយ។ – David Roper