កាលនៅពីក្មេង គ្រូព្យាណូររបស់ខ្ញុំមានការតឹងរឹងខ្លាំង ផ្នែកទន្ទេញមេរៀនឲ្យចាំ។ បើខ្ញុំគ្រាន់តែអាចដេញបទចម្រៀងណាមួយ តាមក្រដាសភ្លេង មិនឲ្យមានខុស នោះគាត់មិនអាចទទួលយកបានឡើយ។ ដូចនេះ ខ្ញុំត្រូវតែលេងបទចម្រៀងជាច្រើន ដោយរលូន តាមការចងចាំរបស់ខ្ញុំ។ បានជាគាត់ឲ្យខ្ញុំធ្វើដូចនេះ គឺដោយសារពេលដែលគាត់ឲ្យសិស្សរបស់គាត់លេងព្យាណូ គាត់មិនចង់ឮពួកគេនិយាយថា “អ្នកគ្រូ ឲ្យខ្ញុំសុំទោស ខ្ញុំមិនអាចលេងបទនោះ ដោយគ្មានក្រដាសចម្រៀងបានឡើយ”។
ពេលខ្ញុំនៅក្មេង ខ្ញុំក៏បានទន្ទេញខគម្ពីរឲ្យចាំផងដែរ ដូចជាបទគម្ពីរទំនុកដំកើង ១១៩:១១ ជាដើម។ កាលនោះដោយសារការយល់ដឹងរបស់ខ្ញុំមានកំណត់ នោះខ្ញុំបានជឿថា ការចងចាំព្រះគម្ពីរដ៏សាមញ្ញនេះ អាចបញ្ជៀសខ្ញុំឲ្យរួចពីបាប។ ខ្ញុំបានខិតខំទន្ទេញខគម្ពីរឲ្យចាំ រហូតដល់ពេលខ្ញុំបានទទួល សៀវភៅរឿងព្រះគម្ពីរមូឌី ជារង្វាន់ទៀតផង។
ការទន្ទេញខគម្ពីរជាទម្លាប់ដ៏ល្អ ដែលយើងត្រូវមាន ប៉ុន្តែ បើគ្រាន់តែទន្ទេញខគម្ពីរឲ្យចាំ នោះយើងមិនអាចជៀសផុតពីអំពើបាបឡើយ។ បន្ទាប់ពីខ្ញុំបានទទួលរង្វាន់សម្រាប់ការសូត្រខគម្ពីរចងចាំហើយ មិនយូរប៉ុន្មាន ខ្ញុំក៏បានដឹងថា ការទន្ទេញខគម្ពីរឲ្យចាំក្នុងខួរក្បាលរបស់ខ្ញុំ អាចកែប្រែអាកប្បកិរិយ៉ារបស់ខ្ញុំបានតែបន្តិចបន្តួចប៉ុណ្ណោះ។ តាមពិត ការទន្ទេញខគម្ពីរនាំឲ្យមានចំណេះដឹង ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំកំពុងមានកំហុស ជាជាងនាំឲ្យខ្ញុំឈ្នះបាប។
ទីបំផុត ខ្ញុំក៏បានដឹងថា ខ្ញុំត្រូវតែឲ្យព្រះបន្ទូលព្រះ ជ្រួតជ្រៀបពេញក្នុងជីវិតរបស់ខ្ញុំ។ ពោលគឺ ខ្ញុំត្រូវតែយល់អត្ថន័យនៃព្រះបន្ទូល ហើយកំណត់ចាំ “ក្នុងចិត្តរបស់ខ្ញុំ” ដូចដែលអ្នកភ្លេងបានកំណត់ចាំបទភ្លេងណាមួយ ក្នុងចិត្តរបស់ខ្លួនដែរ។ ខ្ញុំត្រូវតែរស់នៅ តាមព្រះគម្ពីរ ហើយក៏ត្រូវចេះដកស្រង់បទគម្ពីរមកប្រើផងដែរ។ ពេលដែលព្រះបន្ទូលព្រះជ្រួតជ្រៀបចាប់ពីក្នុងខួរក្បាល ហើយចូលទៅដល់ចិត្តរបស់យើង នោះអំពើបាបក៏បាត់បង់អំណាចរបស់វា ក្នុងជីវិតយើង។–Julie Ackerman Link