ពេលខ្ញុំកំពុងឈប់នៅត្រង់ចំណុចភ្លើងស្តុប ខ្ញុំបានឃើញរថយន្តមួយគ្រឿង ដែលកំពុងឈប់នៅម្ខាងផ្លូវទៀត កំពុងស្ទាក់ស្ទើរមិនហ៊ានបើកទៅមុខ ខណៈពេលដែលភ្លឿងសញ្ញាចរាចរណ៍ បានប្តូរទៅជាពណ៌បៃតងហើយនោះ។ បន្ទាប់មក ស្រាប់តែមានសម្លេងស្រែកគំហកដាក់គាត់ថា “ទៅ! ទៅ! ឆាប់ឡើង ម៉េច មិនទៅ!”។ អ្នកបើកបររូបនោះ ហាក់ដូចជាមានការភ័យខ្លាច ដោយសារសម្លេងគំហកទាំងកំហឹងនោះ ហើយគាត់ហាក់ដូចជាមានការភ័ន្តភំាំងបន្តិច ដោយមិនដឹងថា សម្លេងនោះបានចេញមកពីណាទេ។ ក្រោយមក ខ្ញុំក៏បានឃើញឡានមួយ ដែលឈប់នៅពីក្រោយគាត់ មានមេក្រូមួយ ដែលសម្រាប់ស្រែកគំហកដាក់អ្នកបើកបរដទៃទៀត!
ទីបំផុត អ្នកបើកបរដែលមានការស្ទាក់ស្ទើរនោះ ក៏បានតាំងអារម្មណ៍ ហើយបើកឡានទៅមុខ។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញអ្នកបើកបរដែលមានកំហឹងនោះ មានការទ្រគោះបោះបោក ដោយគ្មានការអត់ធ្មត់យ៉ាងដូចនោះ។
ជួនកាល មានអ្នកខ្លះយល់ថា ព្រះក៏មានលក្ខណៈដូចនេះផងដែរ គឺមានព្រះទ័យក្តៅក្រហាយ មិនចេះអត់ធ្មត់ ហើយបានត្រៀមខ្លួនស្រែកគំហកដាក់ពួកគេ តាមរយៈមហាសម្លេងនៃស្ថានដ៏ខ្ពស់។ ពួកគេខ្លាចព្រះតាមចាប់កំហុសរបស់ពួកគេ ហើយដាក់ទោសពួកគេ ឲ្យតែពួកគេបានធ្វើអ្វីមួយខុស។
តាមពិត ទោះបីជាយើងបានដើរផ្លូវខុសយ៉ាងណាក៏ដោយ ក៏ព្រះទ្រង់នៅតែប្រព្រឹត្តចំពោះយើងរាល់គ្នា ដែលជាកូនរបស់ទ្រង់ ដោយព្រះទ័យអត់ធ្មត់ និងសេចក្តីស្រឡាញ់ជានិច្ច។ ត្រង់ចំណុចនេះ សាវ័កប៉ុលក៏ចង់ឲ្យពួកជំនុំនៅក្រុងថែស្សាឡូនិច មានការយល់ដឹងដូចនេះ ហើយអធិស្ឋានដល់ព្រះ បានជាគាត់ប្រាប់ពួកគេថា “សូមឲ្យព្រះអម្ចាស់ដំរង់ចិត្តអ្នករាល់គ្នា ទៅក្នុងសេចក្តីស្រឡាញ់នៃព្រះ និងសេចក្តីខ្ជាប់ខ្ជួនរបស់ព្រះគ្រីស្ទចុះ”(២ថែស្សាឡូនិច ៣:៥)។
ព្រះទ្រង់ធ្វើការក្នុងជីវិតយើង ហើយបំណងព្រះទ័យទ្រង់នឹងបានសម្រេច។ នឹងមានពេលដែលព្រះទ្រង់នឹងវាយផ្ចាល ហើយលត់ដំកូនរបស់ទ្រង់ ដោយសេចក្តីស្រឡាញ់ តែទ្រង់នឹងមិនដែលស្រែកគំហកដាក់កូនរបស់ទ្រង់ឡើយ។—Bill Crowder