ពីរបីឆ្នាំមុន ខ្ញុំបានអានបទគម្ពីរម៉ាថាយ ជំពូក២៦ ជាមួយមិត្តភ័ក្រម្នាក់ ដែលបទគម្ពីរនេះនិយាយអំពីព្រះយេស៊ូវ ក្នុងសួនច្បារគែតសេម៉ានី។ ខណៈពេលយើងកំពុងអាន គាត់ក៏បាននិយាយប្រាប់ខ្ញុំថា បើគាត់បានទៅសួនច្បារគៃតសេម៉ានីជាមួយព្រះយេស៊ូវ នោះគាត់ច្បាស់ជានៅចាំយាមជាមួយទ្រង់។ គាត់នឹងមិនដេកលក់ជាដាច់ខាត! គាត់ក៏និយាយទាំងឈឺចិត្តថា “ហេតុអ្វីបានជាពួកសាវ័កនៅតែដេកលក់ បន្ទាប់ពីបានឮព្រះយេស៊ូវមានបន្ទូលថា ទ្រង់កំពុងមានចិត្តព្រួយជាពន់ពេក ស្ទើរតែនឹងស្លាប់ទៅហើយនោះ? តាមពិត ពេលនោះទ្រង់កំពុងតែទទូចដល់ពួកគេហើយ”(ខ.៣៨)។
បន្ទាប់មក ខ្ញុំក៏បានគិតអំពីការលំបាក ដែលក្រុមគ្រួសាររបស់យើងម្នាក់ៗបានជួបប្រទះ ពេលដែលយើងកំពុងជាប់រវល់នឹងការងារជាច្រើនម៉ោង បានជាខ្ញុំសួរគាត់ថា “តើមានពេលប៉ុន្មានដងហើយ ដែលកូនៗរបស់យើង បានខំរកមើលយើង ក្នុងចំណោមហ្វូងមនុស្ស ពេលសាលារៀនមានពិធីអ្វីមួយ ដោយសង្ឃឹមថា នឹងឃើញយើងនៅទីនោះដែរ? តើកូនៗរបស់យើងប្រឈមមុខនឹងបញ្ហាតែម្នាក់ឯង ដោយសារយើងកំពុងនៅឆ្ងាយ ឬមានការជាប់រវល់ឬ? ក្រុមគ្រួសារ និងមិត្តភ័ក្ររបស់យើង កំពុងត្រូវការការយកចិត្តទុកដាក់ពីយើងដោយផ្ទាល់។ សូម្បីតែព្រះយេស៊ូវ ទ្រង់ក៏បានប្រាប់ពួកសិស្សទ្រង់ ឲ្យនៅចាំយាម ហើយអធិស្ឋានជាមួយទ្រង់ផងដែរ”(មើល ខ.៤០-៤៥)។
ការព្យាយាមថ្លឹងថ្លែងសេចក្តីត្រូវការផ្ទាល់ខ្លួន ជាមួយនឹងសេចក្តីត្រូវការរបស់អ្នកដែលយើងស្រឡាញ់និងបម្រើ គឺមិនមែនជាការងាយទេ ប៉ុន្តែ បើយើងមិនបានថ្លឹងថ្លែងទេ នោះមានន័យថា យើងកំពុងតែមានការក្បត់ខាងផ្លូវអារម្មណ៍ហើយ។ ពេលដែលយើងគិតអំពីពួកសាវ័កដែលបានធ្វើឲ្យព្រះយេស៊ូវខកព្រះទ័យ នៅក្នុងសួនច្បា សូមយើងពិចារណាផងដែរ អំពីរបៀបដែលយើងអាចបង្ហាញការយកចិត្តទុកដាក់ ចំពោះអ្នកជាទីស្រលាញ់ និងគិតពីប្រយោជន៍របស់ពួកគេនៅថ្ងៃនេះ។ ឱព្រះអម្ចាស់អើយ សូមជួយឲ្យយើងខ្ញុំស្រឡាញ់អ្នកដទៃ តាមរបៀបដ៏ត្រឹមត្រូវ។—Randy Kilgore