តើគេហ៊ានលៈបង់អ្វីខ្លះ ដើម្បីទទួលបាននូវឧបករណ៍អាយភែតមួយគ្រឿង(iPad)? ជាការពិតណាស់ មានក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ បានលៈបង់ក្រលៀនរបស់ខ្លួនមួយចំហៀង ដើម្បីឲ្យបានឧបករណ៍អាយភែតមួយគ្រឿង! គេជឿថា គាត់គ្មានលទ្ធភាពទិញអាយភែតឡើយ ហើយគាត់ចង់បានវាខ្លាំងណាស់ បានជាគាត់ហ៊ានប្រថុយនឹងការវះកាត់នោះ។
យ៉ាងណាមិញ ក្នុងបទគម្ពីរកិច្ចការជំពូក៧ លោកស្ទេផានក៏ហ៊ានប្រឈមនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយផងដែរ ប៉ុន្តែ គាត់បានធ្វើ ដើម្បីប្រកាសដំណឹងល្អ អំពីព្រះយេស៊ូវតែប៉ុណ្ណោះ។ ពេលគាត់កំពុងធ្វើការអស្ចារ្យ គេបានមកចាប់ខ្លួនគាត់ ដោយការមួលបង្កាច់ថា គាត់បានប្រមាថព្រះ និងបំពានក្រឹត្យវិន័យរបស់លោកម៉ូសេ ហើយគេក៏បាននាំខ្លួនគាត់ មកកាត់ក្តីនៅចំពោះសម្តេចសង្ឃ(៦:៨-១៤)។ ពេលសម្តេចសង្ឃចោទសួរគាត់(៧:១) លោកស្ទេផានហ៊ានប្រឈមនឹងគ្រោះថ្នាក់ ដោយការអធិប្បាយព្រះបន្ទូល ទោះគាត់ដឹងថា មនុស្សដែលមានវត្តមាននៅទីនោះមិនចង់ស្តាប់ក៏ដោយ។ គាត់បានមានប្រសាសន៍ថា នៅក្នុងប្រវត្តិសាស្រ្តនៃសាសន៍អ៊ីស្រាអែល សាសន៍មួយនេះបានបដិសេធអ្នកនាំព្រះរាជសារព្រះ ម្តងហើយម្តងទៀត។ ហើយពេលនេះ ពួកគេកំពុងបដិសេធព្រះមែស៊ីទៀត។
ការអធិប្បាយព្រះបន្ទូលរបស់គាត់ បានបណ្តាលឲ្យមានប្រតិកម្មតបដ៏ខ្លាំងក្លាមួយ។ គឺដូចដែលមានសេចក្តីចែងថា “នោះគេក៏ស្រែកឡើងជាខ្លាំង ទាំងចុកត្រចៀក ហើយស្ទុះចូលព្រមគ្នាទៅលើគាត់ គេកញ្ឆក់នាំគាត់ចេញទៅខាងក្រៅទីក្រុង រួចចោលនឹងថ្ម”(ខ.៥៧-៥៨)។ ហេតុអ្វីបានជាលោកស្ទេផានហ៊ានប្រថុយជីវិត ដើម្បីផ្សព្វផ្សាយអំពីព្រះយេស៊ូវ? តាមពិត គាត់មានចិត្តឆេះឆួលចង់ឲ្យអ្នកស្តាប់របស់គាត់ដឹងថា ដោយសារការសុគត និងការរស់ឡើងវិញនៃព្រះយេស៊ូវ នោះពួកគេមិនចាំបាច់ត្រូវរស់នៅ ក្រោមក្រឹត្យវិន័យទៀតឡើយ ប៉ុន្តែ អាចរស់នៅក្រោមព្រះគុណ និងការអត់ទោសបាប(៦:១៣-១៥ អេភេសូរ ២:៨-៩)។ និយាយរួម ព្រះយេស៊ូវបានសុគត ដើម្បីឲ្យយើងអាចមានជីវិតអស់កល្បជានិច្ច។—Albert Lee