លោកស្កុត(Scott) តែងតែកោតសរសើរទំនាក់ទំនងរវាងលោកឃែន(Ken) និងអ្នកស្រីហ្វីលីស(Phyllis) ដែលជាឪពុកម្តាយក្មេករបស់គាត់។ ហេតុនេះហើយបានជា នៅថ្ងៃមួយ គាត់ក៏បានសួរពួកគាត់ អំពី កក្តាដែលធ្វើឲ្យទំនាក់ទំនងប្តីប្រពន្ធរបស់អ្នកទាំងពីរ មានភាពល្អប្រសើរដូចនេះ។ លោកឃែនក៏បានប្រាប់គាត់ថា “ទំនាក់ទំនងប្តីប្រពន្ធចាំបាច់ត្រូវមានភាពផ្អែមល្ហែមជានិច្ច!” មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានសរសេរសំបុត្រមកកាន់ខ្ញុំ និងប្តីរបស់ខ្ញុំ ព្រមទាំងមិត្តភ័ក្រដទៃទៀត ហើយគាត់ចូលចិត្តសរសេរនៅចុងបញ្ចប់នៃសំបុត្រថា “សូមកុំភ្លេចធ្វើល្អចំពោះគ្នាទៅវិញទៅមក”។
យោបល់ដ៏ប្រសើររបស់អ្នកទាំងពីរ គឺសុទ្ធតែបានលើកទឹកចិត្តប្តីប្រពន្ធ ឲ្យធ្វើល្អចំពោះគ្នាទៅវិញទៅមកជានិច្ច។ ភាពតប់ប្រមល់ដែលមានជាប្រចាំថ្ងៃ ងាយនឹងធ្វើឲ្យយើងមានការធុញទ្រាន់ ឬខឹងនឹងប្តីប្រពន្ធរបស់យើង និងអ្នកដទៃ។ ពោលគឺយើងងាយនឹងមានអារម្មណ៍រំខាន ឬរិះគន់កំហុសតូចៗ។ យើងងាយនឹងនិយាយពាក្យសម្តីកាចៗ ឬពាក្យវាយប្រហារ ដោយគ្មានការពិចារណា។
កណ្ឌសុភាសិតបានបង្រៀនយើង អំពីរបៀបប្រើពាក្យសម្តីទៅកាន់អ្នកដទៃ។ បទគម្ពីរនេះបានចែងថា “អ្នកណាដែលរក្សាមាត់នឹងអណ្តាតខ្លួន នោះក៏រក្សាព្រលឹងខ្លួនឲ្យរួចពីទុក្ខព្រួយដែរ”(២១:២៣)។ ហើយមានការដាស់តឿនដូចជា “ទោះទាំងសេចក្តីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្តាតដែរ”(១៨:២១) ហើយ “មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ”(១២:១៨)។ ពេលដែលលោកឃែនឲ្យយោបល់ទៅលោកស្កត់ថា “ត្រូវមានភាពផ្អែមល្ហែមជានិច្ច” នោះខ្ញុំក៏បាននឹកឃើញបទគម្ពីរសុភាសិត ១៦:២៤ ដែលចែងថា “ពាក្យសំដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង”។
ឱព្រះអម្ចាស់អើយ សូមបំពេញចិត្តទូលបង្គំ ដោយពាក្យសម្តីដែលនឹងនាំព្រះពរ ដល់អ្នកដទៃនៅថ្ងៃនេះ។—Anne Cetas