ពេលដែលអ្នកបានគយគន់មើលផ្ទៃមេឃពេលរាត្រីបានតែបន្តិច នោះអ្នកអាចស្ញើចសរសើរភាពអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះ។ កញ្ចំផ្កាយកាឡាក់ស៊ីដ៏ច្រើនសណ្ឋិត ដែលលាតសន្ធឹងក្នុងផ្ទៃមេឃដ៏ធំល្វឹងល្វើយ និងរូបធាតុពពកនៃកញ្ចំផ្កាយមីលគីវេ(Milky Way) របស់យើង បានរំឭកយើង អំពីស្នាព្រះហស្តដែលគួរឲ្យពិចពិលរមិលមើល និងអំពីព្រះរាជកិច្ច ដែលព្រះយេស៊ូវទ្រង់បានធ្វើ ដើម្បីទ្រទ្រង់របស់ទាំងអស់នោះ ឲ្យស្ថិតស្ថេរនៅ(កូល៉ុស ១:១៦-១៧)។ ពេលយើងគយគន់ស្នាព្រះហស្ថទ្រង់ យើងហាក់ដូចជាទស្សនិកជន ដែលកំពុងអង្គុយនៅកៅអីជួរខាងមុខ ក្នុងរោងមហោស្រពនៃអំណាចចេស្តា ដ៏ប៉ិនប្រសប់របស់ព្រះ។
ប៉ុន្តែ ផ្ទាំងទស្សនីយភាពនៅពេលយប់ ដែលយើងបានឃើញ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលព្រះទ្រង់បានបង្ហាញ ពេលដែលទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យចុះមកស្ថានមនុស្សលោកឡើយ។ ពេលដែលពួកអ្នកគង្វាលចៀម កំពុងយាមហ្វូងចៀមរបស់ខ្លួន ផ្ទៃមេឃស្រាប់តែមានពន្លឺភ្លឺផ្លេក ដោយសារមានពួកទេវតាលេចមកសរសើរដំកើងព្រះ ដោយពាក្យថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត”(លូកា ២:១៤)។
សូម្បីតែពួកហោរាដែលមកពីបរទេស ក៏បានមក ហើយថ្វាយបង្គំព្រះដ៏ជាមហាក្សត្រ ពេលដែលព្រះទ្រង់បានដាក់ផ្កាយដ៏ភ្លឺចិញ្ចាចនៅទិសខាងកើត សម្រាប់នាំផ្លូវពួកគេឲ្យមកភូមិបេថ្លេហិម។
“ផ្ទៃមេឃសម្តែងពីសិរីល្អនៃព្រះ” នាពេលរាត្រី(ទំនុកដំកើង ១៩:១) ប៉ុន្តែ មិនដែលធ្លាប់បានសម្តែងបានច្បាស់ ដូចពេលដែលមានសេចក្តីប្រកាសថា ព្រះអទិករនៃសកលោកនេះទ្រង់ស្រឡាញ់យើងដ៏ម្ល៉េះ បានជាទ្រង់យាងចុះមកក្នុងភពផែនដីនេះ ដើម្បីជួយសង្គ្រោះយើងឲ្យរួចពីបាប។ ថ្ងៃក្រោយ ពេលអ្នកមានការស្ងើចសរសើរ ចំពោះហ្វូងផ្កាយលើមេឃ សូមនឹកចាំ អំពីការនេះចុះ!—Joe Stowell