សព្វថ្ងៃនេះ យើងសង្កេតឃើញថា មានការប្រកាសជាច្រើន ដែលលើកទឹកចិត្តប្រជាពលរដ្ឋឲ្យលៀងដៃឲ្យស្អាត។ ដោយសារការរីករាលដាលនៃមេរោគ និងវីរូស ក្នុងចំណោមសាធារណៈជន កំពុងធ្វើឲ្យមានការព្រួយបារម្ភនោះមន្រ្តីសុខាភិបាលបានរំឭកយើងម្តងហើយម្តងទៀតថា ដៃដែលមិនស្អាត អាចជាភ្នាក់ងារដែលចម្លងមេរោគ ដ៏គ្រោះថ្នាក់។ ដូចនេះ ក្រៅពីការដាក់ផ្លាកសញ្ញាដាស់តឿនឲ្យលៀងដៃ យ៉ាងប្រុងប្រយ័ត្ន ជាញឹកញាប់ នៅទីសាធារណៈ ក្នុងប្រទេសជឿនលឿន គេបានផ្តល់ឲ្យនូវទឹកសាប៊ូលាងដៃ សម្រាប់លាងជម្រះមេរោគ និងបាក់តេរី។
ស្តេចដាវីឌក៏បានមានបន្ទូល អំពីសារៈសំខាន់នៃ “ការលាងដៃឲ្យស្អាត”ផងដែរ ប៉ុន្តែ ការលាងដៃនោះ គឺសំខាន់ដោយសារមូលហេតុផ្សេងមួយទៀត។ ទ្រង់មានបន្ទូលថា ដៃដែលបានលាងស្អាត គឺជាគន្លឹះដែលធ្វើឲ្យយើង អាចចូលក្នុងព្រះវត្តមានព្រះ ដើម្បីថ្វាយបង្គំ គឺដូចដែលទ្រង់មានបន្ទូលថា : “តើអ្នកណានឹងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា តើអ្នកណានឹងឈរ នៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ”(ទំនុកដំកើង ២៤:៣-៤)។ ត្រង់ចំណុចនេះ ពាក្យ “ដៃស្អាត” មិនសំដៅទៅលើដៃដែលមានអនាម័យឡើយ ប៉ុន្តែ តាមន័យធៀប ពាក្យនេះគឺសំដៅទៅលើស្ថានភាពខាងវិញ្ញាណរបស់យើង ដែលត្រូវលាងសម្អាតអំពើបាបចេញ(១យ៉ូហាន ១:៩)។ ពាក្យនេះបង្រៀនយើង ឲ្យរស់នៅ ដោយការប្តេជ្ញាចិត្តថានឹងធ្វើការអ្វីដែលត្រឹមត្រូវ និងគោរពប្រតិបត្តិព្រះ ដើម្បីឲ្យយើងអាចឈរ ដោយគ្មានកន្លែងបន្ទោសបាននៅចំពោះព្រះ ដោយអភ័យឯកសិទ្ធិ នៅក្នុងការថ្វាយបង្គំទ្រង់។
ពេលទ្រង់គង់នៅក្នុងជីវិតយើង ទ្រង់អាចជួយឲ្យយើងធ្វើអ្វី ដែលត្រឹមត្រូវ ដើម្បីឲ្យដៃយើងស្អាត ហើយរៀបចំចិត្ត ដើម្បីថ្វាយបង្គំព្រះដ៏មានចេស្តានៃយើង។—Bill Crowder