នៅឆ្នាំ១៩៧១ លោករេយ ធមលីនសិន(Ray Tomlinson) បានធ្វើការពិសោធន៍ អំពីរបៀបដែលមនុស្សអាចទំនាក់ទំនងគ្នា តាមរយៈកុំព្យូទ័រ។ កាលនោះ គាត់បានសាកបញ្ជូនសារ ចេញពីកុំព្យូទ័ររបស់គាត់តាមរយៈបណ្តាញកុំព្យូទ័រ ទៅកាន់អ្នកធ្វើការ ក្នុងផ្នែកផ្សេងទៀត នៅការិយាល័យរបស់គាត់ គឺនៅពេលនោះហើយ ដែលគាត់បានបញ្ជូនសារអេឡិចត្រូនិច(ឬអ៊ីមែល)មុនគេ។ ជាច្រើនទសវត្សរ៍ក្រោយមក សព្វថ្ងៃនេះ មានសារអេឡិចត្រូនិចជាងមួយពាន់លាន ដែលគេបានផ្ញើឲ្យគ្នា ក្នុងមួយថ្ងៃៗ។ ក្នុងចំណោមនោះ មានសារជាច្រើនបានផ្ទុកពត៌មានសំខាន់ៗ ដែលក្រុមគ្រួសារ និងមិត្តភ័ក្របានផ្ញើមក ប៉ុន្តែ មានសារផ្សេងទៀត បានពាំនាំការផ្សាយពាណិជ្ជកម្ម ដែលឥតប្រយោជន៍ ឬមេរោគចង្រៃសម្រាប់កុំព្យូទ័រ។ ហេតុនេះហើយបានជា ក្នុងការប្រើប្រាស់អ៊ីមែល មានក្បួនជាមូលដ្ឋានមួយចែងថា : “បើអ្នកមិនទុកចិត្តអ្នកដែលបានផ្ញើសារមកទេ ចូរកុំបើកមើលសារនោះឡើយ”។
ព្រះទ្រង់បានផ្ញើព្រះរាជសារមួយច្បាប់ មកយើងរាល់គ្នា តាមរយៈអង្គព្រះរាជបុត្រាទ្រង់ ហើយយើងអាចទុកចិត្តព្រះដែលជាអ្នកផ្ញើព្រះរាជសារនេះមក។ ក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះមានបន្ទូលមកកាន់រាស្រ្តទ្រង់ តាមរយៈពួកហោរា និងមានមនុស្សជាច្រើនបានបដិសេធព្រះបន្ទូលព្រះ។
ប៉ុន្តែ បង្រួមសេចក្តីមក “ឯព្រះ ដែលពីដើម ទ្រង់មានព្រះបន្ទូលនឹងពួកឰយុកោ ដោយពួកហោរា ជាច្រើនដងច្រើនបែប នៅជាន់ក្រោយបង្អស់នេះ ទ្រង់បានមានព្រះបន្ទូលនឹងយើងរាល់គ្នា ដោយសារព្រះរាជបុត្រាវិញ ដែលទ្រង់បានតម្រូវឲ្យបានគ្រងរបស់ទាំងអស់ ទុកជាមរដក ព្រមទាំងបង្កើតលោកីយ៍ ដោយសារព្រះរាជបុត្រានោះដែរ”(ហេព្រើរ ១:១-២)។
យើងប្រហែលជាមានការភ្ញាក់ផ្អើល ចំពោះការអាថ៌កំបាំង នៃការដែលព្រះដ៏មានគ្រប់ចេស្តាទ្រង់ យាងចុះមកក្នុងលោកិយនេះ ដោយប្រសូត្រជាទារកតូច ដើម្បីប្រទានព្រះគ្រីស្ទដល់យើងរាល់គ្នា ហើយដាក់ជីវិតយើង នៅក្នុងព្រះហស្តទ្រង់។
បុណ្យណូអែលគឺជាសារនៃសេចក្តីស្រឡាញ់ ការប្រោសលោះ និងសេចក្តីសង្ឃឹម ដែលព្រះបានផ្ញើមក ហើយយើងមិនអាចបំភ្លេចបានឡើយ។ តើអ្នកនឹងទុកចិត្តអ្នកដែលបានផ្ញើព្រះរាជសារនោះមក ហើយបើកមើលព្រះរាជសារទ្រង់នៅថ្ងៃនេះទេ?—David McCasland