ជួនកាល ពេលខ្ញុំបង្កាត់ភ្លើង ខ្យល់ក៏បានបក់ឲ្យវារលត់ទៅវិញ។ តែក្រោយមក ខ្ញុំក៏បានព្យាយាមធ្វើឲ្យភ្លើងនៅ បន្តឆេះ ដោយប្រើខ្យល់ជាជំនួយ។ ដូចនេះ ពីដំបូង ខ្ញុំថា ខ្យល់ “អាក្រក់” ព្រោះវាធ្វើឲ្យខូចផែនការរបស់ខ្ញុំ តែបន្ទាប់មក ខ្ញុំថា ខ្យល់“ល្អ”វិញ ព្រោះវាជួយឲ្យខ្ញុំសម្រេចកិច្ចការដែលខ្ញុំកំពុងធ្វើ។
រឿងនេះបាននិយាយ អំពីហេតុការណ៍ពីរផ្ទុយគ្នា និងបានឆ្លុះបញ្ចាំង អំពីរបៀបដែលយើងសន្និដ្ឋាន អំពីការអ្វីមួយ ដោយផ្អែកទៅលើផលដែលយើងទទួលបានការនោះ។ ជាធម្មតា យើងនិយាយថា ស្ថានភាពនោះ ឬអ្នកនោះ “អាក្រក់” បើស្ថានភាព ឬអ្នកនោះធ្វើឲ្យផែនការរបស់យើងរាំងស្ទះ ឬធ្វើឲ្យយើងមានការលំបាក។ យើងសន្និដ្ឋានថា ស្ថានភាពនោះ ឬអ្នកនោះ “ល្អ” បើសិនជាយើងមានគំនិតយល់ស្របនឹងពួកគេ ហើយពួកគេគាំទ្រយើង។
ប៉ុន្តែ ព្រះទ្រង់ជាអ្នកកំណត់ថា ការអ្វីខ្លះល្អ ឬការអ្វីខ្លះអាក្រក់ ហើយការកំណត់របស់ទ្រង់ មិនអាស្រ័យទៅលើ ផលប៉ះពាល់ដែលវាមានចំពោះផែនការរបស់យើងទេ ប៉ុន្តែ គឺអាស្រ័យទៅលើ ថាតើវាបានធ្វើឲ្យសម្រេចផែនការរបស់ទ្រង់ឬអត់។ ទ្រង់មានផែនការធ្វើឲ្យយើងក្លាយជា “សង្ឃហ្លួង ជាសាសន៍ដ៏បរិសុទ្ធ និងរាស្រ្តដ៏ពិសេសរបស់ទ្រង់”។ ហើយទ្រង់សព្វព្រះហឫទ័យ ឲ្យយើង“សំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះដែលបានហៅយើងចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់”(១ពេត្រុស ២:៩)។
ដើម្បីសម្រេចបំណងព្រះទ័យដ៏ល្អរបស់ព្រះ យើងត្រូវគោរពមនុស្សទាំងអស់ ស្រឡាញ់បងប្អូនរួមជំនឿ កោតខ្លាចព្រះ ហើយគោរពអ្នកដែលដឹកនាំយើង ទោះបីជាមានការអ្វីដែលហាក់ដូចជាមិនល្អសម្រាប់យើងក៏ដោយ(ខ.១៧)។ ការអនុវត្តនូវការទាំងអស់នេះ អាចជាការបង្កាត់ភ្លើងនៃសេចក្តីជំនឿ ក្នុងជីវិតអ្នកដែលសង្កេតមើលការឆ្លើយតបរបស់យើង ចំពោះស្ថានភាព “អាក្រក់” ហើយជាពិសេស បាននាំឲ្យគេសរសើរដំកើងព្រះ។—Julie Ackerman Link