ភោជ្ជនីយដ្ឋាន អេល ប៊ូលី(El Bulli) ស្ថិតនៅភាគខាងជើងនៃក្រុងបាសេ ឡូណា(Barce-lona) ហើយខ្ញុំត្រូវធ្វើដំណើរប្រហែល២ម៉ោង ពីផ្ទះខ្ញុំទៅ។ ភោជ្ជនីយដ្ឋាននេះ មានភាពល្បីល្បាញណាស់ បានជាអតិថិជនត្រូវកក់តុ ឲ្យបានមុន៦ខែ។ ប៉ុន្តែ លោកហ្វេរាន អាឌ្រា(Ferran Adrià) ដែលជាចុងភៅដ៏ល្បីរបស់ប្រទេសអេស្ប៉ាញ និងជាម្ចាស់ភោជ្ជនីយដ្ឋាន ដែលបានទទួលពានរង្វាន់នេះ បែរជាសម្រេចចិត្តបិទទ្វារភោជ្ជនីយដ្ឋាននេះ អស់រយៈពេល២ឆ្នាំ ដើម្បីឲ្យគាត់ និងបុគ្គលិករបស់គាត់មានពេលគិតរៀបផែនការ និងកែឆ្នៃឡើងវិញ។ លោកអាឌ្រាបានប្រាប់ទស្សនាវដ្តីហេមេស្វៀ (Hemispheres) ថា “បើសិនជាយើងឈ្នះបានរង្វាន់ទាំងអស់ហើយ នោះតើយើងចាំបាច់ធ្វើការកែសម្រួលធ្វើអ្វីទៀត? យើងធ្វើការក្នុងមួយថ្ងៃ១៥ម៉ោង ដូចនេះ យើងមានពេលតិចណាស់ សម្រាប់រៀបចំឡើងវិញ”។ ខណៈពេលដែលពួកគេកំពុងមានជោគជ័យដ៏ត្រចះត្រចង់ ពួកគេផ្អាកការងាររបស់ខ្លួន ដើម្បីធ្វើកិច្ចការដែលសំខាន់បំផុតសម្រាប់មុខរបររបស់ពួកគេ។
ក្នុងសតវត្សរ៍ទី១ ពួកជំនុំក្រុងអាន់ទីយ៉ូក មានការលូតលាស់ដ៏រំភើបរីករាយណាស់ ពេលដែល “មានមនុស្សជាច្រើនបែរ មកទទួលជឿព្រះអម្ចាស់”(កិច្ចការ ១១:២១)។ ដូចនេះ លោកបាណាបាស និងសាវ័កប៉ុលក៏បានមកបង្រៀនពួកអ្នក ដែលទើបទទួលជឿព្រះ នៅក្នុងពួកជំនុំមួយនេះ (ខ.២៥-២៦)។ ប៉ុន្តែ ទន្ទឹមនឹងពេលដែលពួកគេកំពុងខិតខំធ្វើការបម្រើព្រះ ពួកគេបានស្វែងរកព្រះអម្ចាស់ តាមរយៈការអធិស្ឋាន និងការតមអត់(១៣:២-៣)។ ពេលនោះ ព្រះអម្ចាស់ ក៏បានបើកបង្ហាញផែនការរបស់ទ្រង់ ដើម្បីនាំដំណឹងល្អចូលស្រុកអាស៊ី។
មានមនុស្សតិចណាស់ ដែលអាចផ្អាកការងាររបស់ខ្លួនអស់រយៈពេល២ឆ្នាំ ដើម្បីគិត និងធ្វើផែនការឡើងវិញ។ ប៉ុន្តែ យើងរាល់គ្នាសុទ្ធតែអាចដាក់កាលវិភាគ ដើម្បីចំណាយពេលស្វែងរកព្រះអម្ចាស់ ឲ្យអស់ពីចិត្ត ក្នុងថ្ងៃនីមួយៗ ដោយការអធិស្ឋាន។ ពេលដែលយើងបើកចំហរចិត្ត និងគំនិតដល់ព្រះ ទ្រង់ធ្វើការបើកបង្ហាញដោយព្រះទ័យស្មោះត្រង់ ឲ្យយើងឃើញផែនការជាជំហានៗ សម្រាប់ជីវិត និងការបម្រើដែលនឹងថ្វាយព្រះកិត្តនាមដល់ទ្រង់។–David McCasland