លោកខាល អេលសិនន័រ(Karl Elsener) គឺជាជនជាតិស្វីស ដែលបានរចនាម៉ូដឧបករណ៍វះកាត់ ក្នុងសតវត្សរ៍ទី១៩។ គាត់បានចំណាយពេលជាច្រើនឆ្នាំ នៅក្នុងការផលិតកូនកាំបិតសម្រាប់យោធា ឲ្យមានគុណភាពល្អឥតខ្ចោះ។ សព្វថ្ងៃនេះ គេបានទទួលស្គាល់ថា កូនកាំបិតទាហានស្វីស មានផ្លៃដែលមានគុណភាពខ្ពស់ និងមានឧបករណ៍ផ្សេងទៀត ភ្ជាប់មកជាមួយក្នុងដងកាំបិតតែមួយ ដែលមានដូចជា ផ្លែកាំបិត កូនរណា កូនកន្ត្រៃ កែវពង្រីក ឧបករណ៍គាស់កំប៉ុង ទុលរវិស បន្ទាត់ ឈើចាក់ធ្មេញ ប៊ិចសម្រាប់សរសេ និងឧបករណ៍ជាច្រើនទៀត ដែលរួមគ្នាមក នៅក្នុងកាំបិតតែមួយ! បើសិនជាអ្នកចង់ចេញទៅបោះជំរុំ នៅក្នុងព្រៃ ឧបករណ៍មួយនេះពិតជាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកមានឧបករណ៍គ្រប់គ្រាន់សម្រាប់រស់នៅទីនោះមួយរយៈពេល។
យ៉ាងណាមិញ យើងក៏ចាំបាច់ត្រូវបំពាក់ខ្លួនយើង ដោយឧបករណ៍ខាងវិញ្ញាណ ដើម្បីឲ្យយើងអាចរស់នៅ ក្នុងជីវិតខាងវិញ្ញាណ ក្នុងលោកិយដែលពេញដោយអំពើបាបផងដែរ។ ព្រះបានប្រទានឲ្យយើងមានព្រះបន្ទូលទ្រង់ ដែលជាប្រភេទកាំបិតខាងវិញ្ញាណ សម្រាប់វិញ្ញាណរបស់យើង។ សាវ័កប៉ុលបានបង្រៀនថា “គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ”(២ធីម៉ូថេ ៣:១៦-១៧)។
កាលណាយើង មានគ្រប់ទាំងចំណេះ សម្រាប់នឹងធ្វើការល្អគ្រប់មុខ គឺមានន័យថា យើង “មានឧករណ៍គ្រប់គ្រាន់ ឬពេញលេញ” សម្រាប់ធ្វើការល្អគ្រប់យ៉ាង។ ព្រះបន្ទូលព្រះផ្តល់ឲ្យយើងនូវសេចក្តីពិតខាងវិញ្ញាណ ដោយបង្រៀន និងរំឭកឲ្យដឹងខ្លួនថា យើងមិនល្អឥតខ្ចោះទេ ព្រមទាំង ប្រដៅតម្រង់ ឲ្យយើងរស់នៅ ក្នុងជីវិតដែលសុចរិត។ គ្មានឧបករណ៍អ្វី ដែលមានតម្លៃជាងព្រះបន្ទូលព្រះ ដែលបំពាក់ឲ្យយើងមានលទ្ធភាពពេលលេញ សម្រាប់ការរស់នៅខាងវិញ្ញាណ និងការលូតលាស់ផ្ទាល់ខ្លួនឡើយ។–Dennis Fisher