កាលនៅពីក្មេង ខ្ញុំចូលចិត្តស្តាប់ម្តាយខ្ញុំអានរឿងនិទាន។ តាមធម្មតា ខ្ញុំឡើងអង្គុយនៅលើភ្លៅគាត់ ហើយស្តាប់ពាក្យគាត់អានគ្រប់ម៉ាត់។ ពេលដែលគាត់អាន ខ្ញុំតែងពិនិត្យមើលរូបភាពនីមួយៗ ក្នុងទំព័រសៀវភៅ ដោយចិត្តអន្ទះសារចង់ដឹងថា ទំព័របន្ទាប់និយាយអំពីអ្វីទៀត។
តើអ្នកធ្លាប់គិតថា ដំណើរជីវិតរបស់យើង គឺជារឿង និទានដែលអ្នកដទៃកំពុងតែស្តាប់ឬទេ? មនុស្សនៅជុំវិញខ្លួនយើងកំពុងទស្សនា និងស្តាប់រឿងនៃជីវិតយើង ដែលយើងកំពុងតែនិទាន នៅក្នុងស្ថានភាពនីមួយៗ ដែលរាប់បញ្ចូលទាំងស្ថានភាពល្អ អាក្រក់ ឬស្ថានភាពដែលគេមិនចាប់អារម្មណ៍។ យើងមិនគ្រាន់តែនិទានរឿងរបស់យើង តាមរយៈពាក្យសម្តីរបស់យើងប៉ុណ្ណោះទេ តែថែមទាំងតាមរយៈអាកប្បកិរិយ៉ា និងទង្វើររបស់យើងផងដែរ គឺនៅពេលដែលយើងឆ្លើយតប ចំពោះការលំបាក និងព្រះពរក្នុងជីវិត។ កូនចៅ ប្តីប្រពន្ធ អ្នកជិតខាង និងមិត្តរួមការងាររបស់យើង សុទ្ធតែអាចសង្កេតមើលរឿង ដែលយើងកំពុងតែនិទានប្រាប់ពួកគេនោះ។
សាវ័កប៉ុលបានរំឭកយើងថា ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ ដំណើរជីវិតយើង “ជាសំបុត្រ ដែលមនុស្សទាំងអស់ក៏ដឹង ហើយអានមើលដែរ … អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រីស្ទ …មិនមែនសរសេរនឹងទឹកខ្មៅទេ គឺនឹងព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់”(២កូរិនថូស ៣:២-៣)។
តើអ្នកដទៃកំពុងតែអានរឿងអ្វី នៅក្នុងសំបុត្រនៃជីវិតយើង? តើគេកំពុងអាចរឿងនៃការអត់ទោស? ការមានចិត្តអាណិតមេត្តា? ការមានចិត្តសប្បុរស? ការមានភាពអត់ធ្មត់? ឬការមានសេចក្តីស្រឡាញ់?
បើសិនជាអ្នកធ្លាប់បានពិសោធនឹងក្តីអំណរ នៅក្នុងជីវិតដែលពេញដោយព្រះគុណ ដែលកើតចេញពីព្រះវិញ្ញាណបរិសុទ្ធដែលគង់ក្នុងជីវិតអ្នក នោះចូរអសប្បាយចុះ ដ្បិតអ្នកបានធ្វើជាអ្នកនិទានរឿងដ៏អស្ចារ្យរបស់ព្រះហើយ!–Joe Stowell