ជួនកាលគំនិតរបស់យើង ចេះតែនឹកពេលអតីតកាល ហើយចង់ត្រឡប់ទៅរកពេល និងទីកន្លែងដ៏ល្អនោះវិញ និយាយរួម យើងចង់បាន “ថ្ងៃដ៏ល្អកាលពីមុន”។ ប៉ុន្តែ សម្រាប់អ្នកខ្លះ អតីតកាលមានតែអនុស្សាវរីយដ៏ជូរចត់។ ពួកគេសញ្ជឹងគិតអំពីបរាជ័យ ការខកចិត្ត និងការរវើរវាយ ហើយគិតអំពីភាពឃោរឃៅ ដែលកើតមានក្នុងជីវិត។
យកល្អយើងគួរតែនឹកចាំពីពេលអតីតកាល តាមគំរូរបស់ស្តេចដាវីឌ ដោយពិចារណាអំពីការល្អដែលព្រះបានធ្វើ “ក៏រំពឹងគិតពីអស់ទាំងកិច្ចការរបស់ទ្រង់ ហើយជញ្ជឹងពីអស់ទាំងស្នាដៃ នៃព្រះហស្តទ្រង់ដែរ”(ទំនុកដំកើង ១៤៣:៥)។ ពេលដែលយើងរំឭកខ្លួនឯង អំពីភាពសប្បុរស ដែលទ្រង់បង្ហាញមកយើង ដោយសេចក្តីស្រឡាញ់ យើងអាចនឹកចាំអំពីព្រះពរដែលទ្រង់បានប្រទាន ជាច្រើនឆ្នាំកន្លងមក។ ការនឹកចាំដូចនេះ មានប្រយោជន៍ចំពោះយើងណាស់ ដោយបណ្តាលចិត្តយើង ឲ្យត្រូវការព្រះ និងត្រូវការការថែរក្សាដ៏ស្រទន់របស់ទ្រង់កាន់តែខ្លាំង ព្រមទាំងកែប្រែអតីតកាល ឲ្យក្លាយជាកន្លែងដែលយើងស្គាល់ និងប្រកបស្និទ្ធស្នាលជាមួយព្រះអម្ចាស់នៃយើង។
ខ្ញុំធ្លាប់ឮគេនិយាយអំពីរឿងរបស់ដូនចាស់ម្នាក់ ដែលមានទម្លាប់អង្គុយស្ងាត់ស្ងៀមជាច្រើនម៉ោង នៅលើកៅអីបាស់បើករបស់គាត់ ដោយសង្រួមដៃចូលគ្នា ដាក់នៅលើភ្លៅរបស់គាត់ ហើយភ្នែករបស់គាត់សម្លឹងមើលទៅឆ្ងាយ។ ថ្ងៃមួយ កូនស្រីរបស់គាត់ក៏បានសួរថា “ម៉ែ តើម៉ែកំពុងគិតអំពីអ្វី ពេលដែលម៉ែអង្គុយយ៉ាងស្ងាត់ស្ងៀមដូចនេះ?” គាត់ក៏ឆ្លើយតបដោយសម្លេងស្រទន់ ដោយព្រិចភ្នែកយ៉ាងញាប់ថា “ម៉ែកំពុងប្រកបជាមួយព្រះយេស៊ូវ”។
ខ្ញុំសូមអធិស្ឋាន សូមឲ្យការនឹកចាំ និងការជញ្ជឹកគិតព្រះបន្ទូល នាំឲ្យយើងចូលទៅជិតព្រះវត្តមានទ្រង់។–David Roper