ក្នុងឆ្នាំ ១៩៦២ លោកចន គ្លែន(John Glenn) គឺជាជនជាតិអាមេរិកទីមួយ ក្នុងប្រវត្តិសាស្រ្ត ដែលបានធ្វើដំណើរក្នុងអវកាសជុំវិញផែនដី។ ពេលដែលយានអាវកាសរបស់គាត់ហោះឡើងទៅលើ មេបញ្ជាការនៅលើដី ក៏បានថ្លែងថា “លោកចន គ្លែន សូមព្រះចម្រើនដល់លោក”។ ទោះបីជាយើងមិនសូវឮគេនិយាយពាក្យជូនពរ ដូចនេះក៏ដោយ ក្នុងសំបុត្រទីពីរ ដែលសាវ័កយ៉ូហានបានសរសេរផ្ញើពួកជំនុំ គាត់បាននិយាយអំពីការជម្រាបសួរ ដែលជាការជូនពរដូចនេះផងដែរថា “បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្តីនេះ នោះកុំឲ្យទទួលអ្នកនោះ នៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរ(ជូនពរ)ដល់អ្នកនោះផង”(២យ៉ូហាន ១:១០)។
គេបានហៅសាវ័កយ៉ូហានថា “សាវ័កនៃសេចក្តីស្រឡាញ់” ប៉ុន្តែ ហេតុអ្វីបានជាគាត់ដាស់តឿនអ្នកជឿព្រះ មិនឲ្យជួនពរដល់អ្នកដទៃ? អ្នកផ្សាយដំណឹងល្អ ដែលធ្វើដំណើរទៅបម្រើព្រះនៅកន្លែងផ្សេងៗ មានការពឹងផ្អែកទៅលើការទទួលស្វាគមន៍របស់គ្រីស្ទបរិស័ទ ដែលផ្តល់កន្លែងស្នាក់នៅ និងអាហារ។ ដូចនេះ ត្រង់ចំណុចនេះ លោកយ៉ូហានកំពុងតែប្រាប់អ្នកជឿព្រះថា សេចក្តីពិតនៃព្រះគម្ពីរពិតជាសំខាន់ណាស់។ បើសិនជាមានបេសកជនណាចូលមកផ្សាយគោលលទ្ធិ ដែលប្រាសចាកពីសេចក្តីបង្រៀនរបស់ពួកសាវ័ក នោះអ្នកជឿព្រះមិនត្រូវស្វាគមន៍ពួកគេ ដោយផ្តល់កន្លែងស្នាក់នៅ ឬការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុឡើយ។
សេចក្តីបង្រៀនរបស់គាត់ត្រង់ចំណុចនេះ ក៏សម្រាប់ឲ្យអ្នកជឿព្រះសព្វថ្ងៃ អនុវត្តតាមផងដែរ។ យើងត្រូវប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នា ដោយចិត្តសប្បុរស ព្រោះព្រះទ្រង់មានព្រះទ័យសប្បុរសចំពោះយើង។ ប៉ុន្តែ ពេលដែលគេសុំឲ្យយើងឧបត្ថម្ភជាប្រាក់កាស់ សម្រាប់ការងាររបស់គេ នោះយើងចាំបាច់ត្រូវទូលសូមប្រាជ្ញាពីព្រះ។ ព្រះវិញ្ញាណដែលដឹកនាំយើង ចូលទៅក្នុងសេចក្តីពិត(យ៉ូហាន ១៦:១៣) ទ្រង់នឹងបង្ហាញឲ្យយើងដឹងថា យើងគួរតែស្វាគមន៍អ្នកនោះឬក៏អត់។–Dennis Fisher