មានសោកនាដកម្មមួយ បានបន្សល់ទុកនូវចន្លោះប្រហោង ក្នុងគ្រួសារមួយ ដែលគ្មានអ្វីអាចបំពេញបានឡើយ។ មានក្មេងតូចម្នាក់បានរត់តេសតាស ដេញតាមសត្វឆ្មាមួយក្បាល ចូលទៅក្នុងផ្លូវថ្មល់ ហើយក៏ត្រូវឡានដឹកទំនិញធុនតូចបុកស្លាប់។ ក្មេងស្រីអាយុបួនឆ្នាំដែលជាបងស្រីរបស់វា បានឈរភាំងស្មារតី ពេលដែលឃើញម្តាយរបស់នាងពរប្អូនស្រីតូចរបស់ខ្លួន ដែលបានបាត់បង់ជីវិតទៅហើយ។ ចាប់តាំងពីពេលនោះមក ភាពចម្លោះប្រហោងដ៏រងាដែលព្រឹត្តិការណ៍នោះបានបន្សល់ទុក បានហ៊ំព័ទ្ធគ្រួសារមួយនេះ ដោយទុក្ខសោក អស់រយៈពេលជាច្រើនឆ្នាំ។ ការកម្សាន្តចិត្តដែលពួកគេបានទទួល គឺគ្មានអ្វីក្រៅពីអារម្មណ៍ ដែលស្ពឹកគិតលែងចេញ ដោយមិនដឹងថា ពេលណា នឹងបានធូរស្បើយឡើយ។
ក្មេងស្រីអាយុបួនឆ្នាំ ដែលបានឃើញហេតុការណ៍នោះ គឺជាអ្នកស្រី អាន វ៉ូសខាម(Ann Voskamp) ដែលជាអ្នកនិពន្ធម្នាក់ ហើយសេចក្តីទុក្ខ នៃមរណៈភាពរបស់ប្អូនស្រីគាត់ បាននាំឲ្យគាត់មានទស្សនៈអំពីជីវិត និងអំពីព្រះ។ នាងបានចម្រើនវ័យធំឡើង ក្នុងពិភពដែលមានការយល់ដឹងតិចតួចអំពីព្រះគុណព្រះ។ សេចក្តីអំណរ គឺជាគំនិតដែលមិនមានមូលដ្ឋានគ្រឹះ ក្នុងការពិតឡើយ។ ពេលដែលនាងក្លាយជាម្តាយវ័យក្មេងម្នាក់ អ្នកស្រីវ៉ូសខាមបានចាប់ផ្តើមធ្វើការស្វែងយល់ អំពីសេចក្តីអំណរ ដែលមានចែងក្នុងព្រះគម្ពីរ។ នាងបានរកឃើញថា ក្នុងព្រះគម្ពីរដើមភាសាក្រិក ពាក្យអំណរ និងពាក្យព្រះគុណ មានប្រភពមកពីពាក្យ ឆែរ៉ូ(chairo) ដែលជាចំណុចស្នូលនៃពាក្យមួយ ក្នុងភាសាក្រិក ដែលមានន័យថា ការអរព្រះគុណ។ នាងក៏ឆ្ងល់ថា តើអត្ថន័យនៃពាក្យនេះ ពិតជាងាយយល់យ៉ាងនេះឬ? ដើម្បីបញ្ជាក់ថា ការរកឃើញរបស់នាងត្រឹមត្រូវឬក៏អត់ នាងក៏បានសាកល្បងអរព្រះគុណព្រះ សម្រាប់អំណោយមួយពាន់មុខ ដែលនាងបានទទួល។ ពីដំបូងនាងអរព្រះគុណព្រះ សម្រាប់អំណោយទាំងនោះម្តងមួយៗ ដោយដំណើរយឺតៗ តែមិនយូរប៉ុន្មាន នាងក៏អាចពោលពាក្យអរព្រះគុណទ្រង់យ៉ាងរលូន ដោយគ្មានការទើសទាល់អ្វីឡើយ។
ព្រះយេស៊ូវបានអរព្រះគុណព្រះវរបិតា មុនពេលទ្រង់ប្រោសលោកឡាសារឲ្យរស់ឡើងវិញ (យ៉ូហាន ១១:៤១) គឺមិនមែនអរព្រះគុណ ក្រោយពេលទ្រង់ប្រោសគាត់ ឲ្យរស់ឡើងវិញឡើយ។ ការនេះបានធ្វើឲ្យអ្នកស្រីវ៉ូសខាមដឹងថា ការអរព្រះគុណព្រះបានធ្វើឲ្យក្តីអំណររបស់នាងរស់ឡើងវិញ បន្ទាប់ពីក្តីអំណរនោះបានស្លាប់ជាមួយនឹងប្អូនស្រីរបស់នាងតាំងពីយូរមកហើយ។ ដូចនេះ ក្តីអំណរកើតចេញពីការអរព្រះគុណព្រះ។–Julie Ackerman Link