ជី វិតរបស់មនុស្ស មិនខុសពីឡានអគ្គីសនី សម្រាប់ក្មេងជិះបុកគ្នាលេង នៅមណ្ឌលកម្សាន្តប៉ុន្មានទេ។ ពេលណាអ្នកចូលបើកឡាននោះ អ្នកដឹងជាមុនថា គេនឹងបើកបុកឡានអ្នកជាមិនខាន…គ្រាន់តែមិនដឹងថា គេបុកធ្ងន់ធ្ងរប៉ុណ្ណាទេ។ ពេលណាគេបើកបុកឡានរបស់អ្នក អ្នកនឹងបន្ថែមល្បឿនដេញបុកអ្នកនោះវិញ ដោយសង្ឃឹមថា អ្នកនឹងបានបុកឡានអ្នកនោះឲ្យខ្លាំងជាង ពេលដែលគាត់បុកអ្នកទៅទៀត។ នេះប្រហែលជាយុទ្ធសាស្រ្ត សម្រាប់កម្សាន្តសប្បាយ នៅក្នុងការជិះឡានបុកគ្នា តែបើយើងធៀបមកជីវិតពិតវិញ វាជាយុទ្ធសាស្រ្តដ៏អាក្រក់ នៅក្នុងការរស់នៅ។ ពេលដែលអ្នកដទៃមកប៉ះទង្គិចយើង នៅក្នុងការរស់នៅ នោះការដែលយើងខំប៉ះទង្គិចសងគេវិញ នឹងគ្រាន់តែធ្វើឲ្យមានរឿងកាន់តែធំប៉ុណ្ណោះ ហើយនៅទីបំផុត អ្នកទាំងពីរសុទ្ធតែទទួលរងការខូចខាត។
យ៉ាងណាមិញ ព្រះយេស៊ូវមានយុទ្ធសាស្រ្ត ដែលប្រសើរជាងនេះ សម្រាប់យើង គឺឲ្យយើងអត់ទោសឲ្យអ្នកណាមក “ប៉ះទង្គិច”យើង។ យើងក៏ប្រហែលជាចង់ដឹង ថាតើត្រូវអត់ទោសឲ្យគេប៉ុន្មានដង គឺមិនខុសពីកាលដែលលោកពេត្រុសបានទូលសួរព្រះយេស៊ូវថា “តើគួឲ្យអត់ទោសប្រាំពីរដងឬ?” ហើយព្រះយេស៊ូវឆ្លើយថា “ត្រូវអត់ទោសឲ្យប្រាំពីរចិតសិបដង“ (ម៉ាថាយ ១៨:២១-២២)។ ម្យ៉ាងវិញទៀត ព្រះគុណរបស់ព្រះគ្មានដែនកំណត់ឡើយ។ យើងគួរតែចែកផ្សាយវិញ្ញាណនៃការអត់ទោសដល់អ្នកដទៃ។ ហេតុអ្វីបានជាយើងត្រូវធ្វើដូច្នេះ? ព្រោះនៅក្នុងរឿងចៅហ្វាយដែលចេះអត់ទោស ព្រះយេស៊ូវបានពន្យល់ថា យើងអត់ទោសឲ្យអ្នកធ្វើខុសនឹងយើង មិនមែនដោយសារអ្នកនោះ សមនឹងទទួលការលើកលែងទោសប៉ុណ្ណោះទេ តែក៏ដោយសារព្រះបានអត់ទោសយើងជាមុន។ គឺដូចដែលព្រះយេស៊ូវមានបន្ទូលថា “អញបានលែងទារបំណុលឯងទាំងអស់ហើយតើ ពីព្រោះឯងបានអង្វរដល់អញ។ ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនឯង ដូចជាអញបានអាណិតមេត្តាដល់ឯងដែរទេឬអី?”(ខ.៣២-៣៣)
ដោយសារតែយើងរាល់គ្នា បានទទួលការអត់ទោសយ៉ាងច្រើនលើសលប់ទៅហើយ នោះចូរយើងឈប់បង្ករការខូចខាត ហើយបែរមកនាំព្រះពរនោះទៅអ្នកដទៃវិញ។–Joe Stowell