កាលខ្ញុំនៅធ្វើជាគ្រូគង្វាល នៃពួកជំនុំតូចមួយនៅឡើយ យើងបានជួបវិបត្តិដ៏ធំមួយ។ បើយើងមិនអាចបង្ហើយ ការជួសជុសអគារព្រះវិហាររបស់យើង ឲ្យត្រូវតាមស្តង់ដាសុវត្ថិភាពនៃសំណង់ទេ នោះយើងនឹងត្រូវបាត់បង់កន្លែងថ្វាយបង្គំនោះជាមិនខាន។ យើងក៏បានរៃអង្គាសប្រាក់ដង្វាយយ៉ាងកក់ក្រហល់ សម្រាប់បង់ថ្លៃជួសជុលនោះ ប៉ុន្តែ ក្នុងចំណោមប្រាក់ដង្វាយ ដែលយើងទទួលបាន មានអំណោយមួយ ដែលបានធ្វើឲ្យអ្នកដឹកនាំពួកជំនុំយើងមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
មានស្រ្តី ដែលជាចាស់ទុំម្នាក់ នៅក្នុងពួកជំនុំបានដាក់ដង្វាយរាប់រយដុល្លារ សម្រាប់ការជួសជុលនេះ ដោយមិនសំចៃទុកសោះ។ យើងក៏បានថ្លែងអំណរគុណ ដល់គាត់ដែលបានថ្វាយដង្វាយទាំងនោះ តែយើងប្រគល់ដង្វាយនោះទៅគាត់វិញ ព្រោះយើងបានដឹងថា តម្រូវការរបស់គាត់ធំជាងតម្រូវការរបស់ពួកជំនុំ។ ទោះជាយ៉ាងក៏ដោយ គាត់បានបដិសេធមិនព្រមទទួលប្រាក់នោះវិញឡើយ។ គាត់បានសន្សំប្រាក់នោះជាច្រើនឆ្នាំ ដើម្បីទិញចង្រ្កានមួយ ។ តែគាត់នៅតែទទូចថា គាត់ត្រូវការកន្លែងថ្វាយបង្គំជាមួយពួកជំនុំដែលជាគ្រួសារគាត់ ខ្លាំងជាងត្រូវការចង្រ្កានមួយនោះ។ យើងរំភើបចិត្តជាខ្លាំង ចំពោះដង្វាយដ៏ច្រើនលើសលប់របស់គាត់។
នៅពេលព្រះអម្ចាស់ ទតមើលឃើញស្រ្តីមេម៉ាយម្នាក់ ថ្វាយដង្វាយតែពីរស្លឹង សម្រាប់ព្រះវិហារ ទ្រង់បានលើកសរសើរ អំពីការលះបង់ដ៏ច្រើនលើសលប់របស់នាង(លូកា ២១:៣-៤)។ តើហេតុអ្វី? ទ្រង់សរសើរនាង មិនមែនដោយសារបរិម៉ាណនៃដង្វាយរបស់នាងឡើយ តែគឺដោយសារនាងបានលះបង់អ្វីទាំងអស់ ដែលនាងមាន។ ហើយដង្វាយនេះមិនត្រឹមតែលើកព្រះកិត្តិនាមព្រះប៉ុណ្ណោះទេ តែថែមទាំងបានរំឭកយើង អំពីអំណោយដ៏ថ្លៃវិសេស គឺព្រះគ្រីស្ទ។–Bill Crowder