ពេលដែលសារ៉ា ចៅស្រីរបស់ខ្ញុំនៅពីក្មេង នាងបានប្រាប់ថា ពេលនាងធំឡើង នាងចង់ធ្វើជាគ្រូបង្វឹកកីឡាបាល់បោះ ដូចជាឪពុករបស់នាងដែរ។ នាងបានប្រាប់ទៀតថា នាងមិនទាន់អាចធ្វើជាគ្រូបង្វឹកបានទេ ព្រោះមុនដំបូង នាងត្រូវក្លាយជាកីឡាករសិន ហើយកីឡាករត្រូវចេះចងខ្សែរស្បែកជើង តែនាងមិនទាន់ចេះចងខ្សែរស្បែកជើង របស់នាងទេ។
តាមធម្មតា យើងនិយាយថា យើងត្រូវធ្វើអ្វីដែលសំខាន់បំផុត មុនគេ។ ហើយកិច្ចការទីមួយសំខាន់បំផុត នៅក្នុងជីវិតយើង គឺការស្គាល់ព្រះ ហើយអរសប្បាយក្នុងទ្រង់។
ការទទួលស្គាល់ និងការស្គាល់ព្រះ ជួយឲ្យយើងក្លាយជាមនុស្ស ដែលព្រះសព្វព្រះទ័យ។ គឺដូចដែលស្តេចដាវីឌ បានទូន្មានសាឡូម៉ូន ដែលជាបុត្រាទ្រង់ថា “ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមទ្រង់ ដោយអស់ពីចិត្ត ហើយស្មោះស្ម័គ្រផង” (១របាក្សត្រ ២៨:៩)។
ចូរយើងចាំថា មនុស្សអាចស្គាល់ព្រះបាន។ ព្រះអង្គជាអង្គបុគ្គល មិនមែនជាទ្រឹស្តីហេតុផល ឬទេវសាស្ត្រនោះទេ។ ទ្រង់ចេះគិត មានឆន្ទៈ មានអំណរ អារម្មណ៍ សេចក្តីស្រឡាញ់ និងមានបំណង ដូចមនុស្សទូទៅដែរ។ លោកអេ ដាប់បលយូ តូហ្ស័រ(A.W. Tozer) បានសរសេរថា “ទ្រង់ជាអង្គបុគ្គលម្នាក់ ហើយយើងអាចស្គាល់ទ្រង់បាន តាមរយៈការប្រកបជិតស្និទ្ធកាន់តែខ្លាំងឡើងៗ គឺនៅខណៈពេលដែលយើងត្រៀមចិត្តរបស់យើង សម្រាប់ការអស្ចារ្យនៃការស្គាល់ទ្រង់”។
ព្រះអម្ចាស់មិនធ្វើឲ្យយើងពិបាកស្គាល់ទ្រង់ឡើយ នរណាក៏អាចស្គាល់ទ្រង់បានដែរ ឲ្យតែអ្នកនោះចង់ស្គាល់ទ្រង់។ ទ្រង់នឹងមិនបានបង្ខំ ឲ្យយើងទទួលក្តីស្រឡាញ់ទ្រង់ឡើយ តែទ្រង់រង់ចំាដោយអត់ធ្មត់ ដ្បិតទ្រង់សព្វព្រះទ័យឲ្យអ្នកស្គាល់ទ្រង់។ ការស្គាល់ព្រះ គឺជាអាទិភាពទីមួយនៅក្នុងជីវិតយើង។–David Roper