ទោះ បីជាខ្ញុំព្យាយាមទប់ខ្លួន មិនឲ្យភ្ញាក់ផ្អើលចំពោះការអ្វីដែលកើតមានឡើង នៅពេលបច្ចុប្បន្នក៏ដោយ ក៏មានពេលមួយ ខ្ញុំមានការហួសចិត្តយ៉ាងខ្លាំង ពេលដែលបានឃើញពាក្យដែលគេបោះពុម្ភនៅលើអាវយឺតរបស់ស្រ្តីមា្នក់ ដែលដើរកាត់មុខខ្ញុំនៅផ្សារទំនើបមួយ។ អាវយឺតរបស់នាង មានពាក្យសរសេរធំៗពីលើថា “សេចក្តីសង្ឃឹម គឺសម្រាប់មនុស្សភ្លើប៉ុណ្ណោះ”។​ ជាការពិតណាស់ ការដែលយើងឆាប់ទុកចិត្តគេពេក អាចជាការល្ងង់ខ្លៅ និងងាយនាំឲ្យមានគ្រោះថ្នាក់។ ការខកចិត្ត និងការឈឺចិត្ត អាចកើតចេញពីការមានគំនិតវិជ្ជមានពេក ដោយមិនសមហេតុផល។ ប៉ុន្តែ ការដែលយើងមិនព្រមឲ្យខ្លួនយើងមានក្តីសង្ឃឹម នឹងនាំឲ្យយើងមានទុក្ខព្រួយ ហើយមានការយល់ខុសអំពីជីវិត។

ប៉ុន្តែ សេចក្តីសង្ឃឹមក្នុងព្រះអម្ចាស់ មានលក្ខណៈពិសេស ព្រោះជាការទុកចិត្តលើព្រះ និងទុកចិត្តលើកិច្ចការដែលទ្រង់កំពុងធ្វើ ក្នុងលោកិយនេះ និងក្នុងជីវិតយើង​។ នោះហើយជាអ្វីដែលមនុស្សគ្រប់គ្នា ពិតជាត្រូវការនោះ។ អ្នកនិពន្ធកណ្ឌគម្ពីហេព្រើរបានសរសេរយ៉ាងច្បាស់ អំពីសារសំខាន់នៃសេចក្តីសង្ឃឹម យ៉ាងដូចនេះថា “ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីបន្ទាល់របស់សេចក្តីសង្ឃឹមនោះឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់”(ហេព្រើរ ១០:២៣)។

ការមានសេចក្តីសង្ឃឹមលើព្រះ មិនមែនជារឿងល្ងង់ខ្លៅនោះទេ ពីព្រោះជាមូលដ្ឋានគ្រឹះដ៏រឹងមាំ។ យើងរាល់គ្នាកាន់ខ្ជាប់តាមសេចក្តីសង្ឃឹម ដែលយើងបានទទួលក្នុងអង្គព្រះគ្រីស្ទ ព្រោះព្រះទ្រង់ស្មោះត្រង់។ យើងអាចទុកចិត្តលើព្រះអង្គ ក្នុងគ្រប់រឿងរ៉ាវទាំងអស់ មិនថាយើងប្រឈមមុននឹងបញ្ហាអ្វីក៏ដោយ ទាំងក្នុងពេលបច្ចុប្បន្ន និងជារៀងរហូតតទៅ។ សេចក្តីសង្ឃឹមរបស់យើង មានមូលដ្ឋានគ្រឹះនៅក្នុងលក្ខណៈសម្បត្តិនៃភាពស្មោះត្រង់របស់ព្រះ ដែលបានស្រឡាញ់យើងដោយក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច។ ដូច្នេះ ពាក្យដែលគេបានសរសេរលើអាវយឺតនោះ គឺខុសទាំងស្រុង។ សេចក្តីសង្ឃឹមមិនមែនសម្រាប់តែមនុស្សភ្លើឡើយ តែសម្រាប់យើងរាល់គ្នា។–Bill Crowder