ជាច្រើនឆ្នាំមកហើយ ពេលមិត្តភ័ក្រវ័យក្មេងម្នាក់ចង់ខ្ចីរថយន្តរបស់យើង ដំបូងឡើយ ខ្ញុំនិងភរិយារបស់ខ្ញុំមានការស្ទាក់ស្ទើរមិនចង់ឲ្យឡើយ។ រថយន្តនោះជារបស់យើង ហើយយើងត្រូវការប្រើប្រាស់វារាល់ថ្ងៃ។ ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះបានបណ្តាលចិត្តយើង ឲ្យចែករំលែកឡាននោះ ឲ្យគាត់ប្រើប្រាស់ដែរ ព្រោះទ្រង់ចង់ឲ្យយើងយកអាសារអ្នកដទៃ។ ដូច្នេះ យើងក៏ប្រគល់សោរឡានឲ្យទៅគាត់ ហើយគាត់ក៏បានបើកឡាននោះ ទៅព្រះវិហារនៅចម្ងាយប្រហែល៥០គីឡូម៉ែត្រ ទៅធ្វើកម្មវិធីជួបជុំយុវជន។ ពេលនោះ ព្រះអម្ចាស់ក៏បានប្រើកម្មវិធីនោះ ដើម្បីនាំក្មេងជំទង់ទាំងឡាយ ឲ្យចូលមករកទ្រង់។
ព្រះយេស៊ូវបានបង្គាប់សិស្សទ្រង់ ឲ្យទៅយកសត្វលាពីបុរសម្នាក់ គឺដូចដែលព្រះរាជបុត្រានៃព្រះបានបង្គាប់សិស្សទ្រង់ថា “ចូរស្រាយដឹកនាំវាមក(ម៉ាកុស ១១:២) បើសិនមានគេសួរ ត្រូវប្រាប់គេថា “ព្រះអម្ចាស់ត្រូវការវា” រួចហើយគេអនុញ្ញាតឲ្យពួកសិស្សដឹកសត្វលានោះមក។ បន្ទាប់មក ព្រះគ្រីស្ទទ្រង់ក៏បានគង់លើខ្នងសត្វលា យាងចូលក្រុងយេរូសាឡឹម ដោយយើងហៅថ្ងៃនោះថា ថ្ងៃអាទិត្យនៃស្លឹកចាក។
នៅត្រង់ចំនុចនេះ យើងមានមេរៀនមួយ សម្រាប់យកមកពិចារណា។ យើងគ្រប់គ្នាសុទ្ធតែមានរបស់ដែលយើងស្រឡាញ់។ យើងប្រហែលជាធ្លាប់គិតថា ខ្ញុំនឹងមិនឲ្យវាទៅណាឆ្ងាយពីខ្ញុំឡើយ ។ របស់ទាំងនោះអាចជារថយន្តថ្មីមួយគ្រឿង សម្លៀកបំពាក់មួយកំផ្លេ ឬរបស់ទ្រព្យជាច្រើនទៀត ឬអាចជាពេលទំនេរដ៏មានតម្លៃ ដែលយើងមានតែពីរបីម៉ោង ក្នុងមួយសប្តាហ៍។ តើយើងនឹងចែកឲ្យទៅអ្នកដទៃប្រើឬទេ ពេលដែលគេត្រូវការវាជាចាំបាច់នោះ?
ប្រសិនបើអ្នកដឹងថា ព្រះវិញ្ញាណកំពុងមានព្រះបន្ទូលមកកាន់អ្នក នោះសូមចែកចាយរបស់ទ្រព្យរបស់អ្នក ដូចដែលម្ចាស់លា ដែលបានថ្វាយសត្វលា ឲ្យព្រះយេស៊ូវប្រើអញ្ចឹងដែរ។ នោះព្រះនាមទ្រង់នឹងបានដំកើងឡើង ដូចដែលទ្រង់សមនឹងទទួលសិរីល្អ!។–Dave Egner