នៅ មិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ខ្ញុំ ប៉ូលីសបានបំពាក់កាម៉េរា នៅតាមផ្លូវ ដើម្បីផ្តិតយករូបភាពរបស់អ្នកបើកបរឆ្លងកាត់ភ្លើងក្រហម។ ក្រោយមក អ្នកប្រព្រឹត្តបទល្មើសទាំងនោះ ក៏បានទទួលសំបុត្រមួយ ដែលភ្ជាប់មកជាមួយនូវ “រូបដែលថតជាប់ភ្លើងក្រហម” ជាភស្តុតាងបង្ហាញថា អ្នកនោះបានល្មើសច្បាប់ចរាចរ។ ជួនកាល ខ្ញុំគិតថា ព្រះទ្រង់កំពុងគង់ចាំចាប់កំហុសរបស់ខ្ញុំ ដូចកាមេរ៉ាដែលថតរូបអ្នកប្រព្រឹត្តបទល្មើសដែរ។ ប៉ុន្តែ ពេលដែលព្រះទ្រង់ ទតឃើញអំពើបាបរបស់យើង (ហេព្រើរ ៤:១៣) ទន្ទឹមនឹងនោះ ព្រះអង្គក៏ទតឃើញ ហើយចាប់អារម្មណ៍ចំពោះ អំពើល្អរបស់យើងផងដែរ។ ដោយសារការទតឃើញរបស់ទ្រង់ មានលក្ខណៈអភិធម្មជាតិ នោះទ្រង់ជ្រាបពីទំហំនៃដង្វាយ ដែលយើងថ្វាយក្នុងពួកជំនុំ ឬដល់អ្នកខ្វះខាត(ម៉ាកុស ១២:៤១-៤៤)។ ទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់សេចក្តីអធិស្ឋានរបស់យើង (ម៉ាថាយ ៦:៦)។ ហើយពេលណាយើងតមអាហារ យើងអាចធ្វើទឹកមុខធម្មតា ដោយដឹងថា “ព្រះវរបិតា…ទតមើលនៅទីលាក់កំបាំង (ខ.១៨)។
កាលណាយើងដឹងថា ព្រះទ្រង់ទតឃើញគ្រប់ទាំងអស់ នោះយើងនឹងលែងខ្វល់ថា អ្នកដទៃមើលមក ហើយគិតយ៉ាងណាចំពោះយើង។ ពេលណាយើងធ្វើអ្វីដែលត្រឹមត្រូវ នោះយើងមិនត្រូវការការលើកសរសើរ ពីអ្នកចាំមើលទៀតឡើយ ហើយកាលណាយើងធ្វើខុសចំពោះនរណាម្នាក់ យើងមិនចាំបាច់ត្រូវបារម្ភខ្លាចខូចកេរ្តិ៍ឈ្មោះដែរ ឲ្យតែយើងបានដោះស្រាយបញ្ហានោះជាមួយព្រះ និងជាមួយអ្នកនោះរួចហើយ។ យើងអាចសម្រាក ដោយដឹងថា “ព្រះនេត្រនៃព្រះអម្ចាស់ចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់”(២របាក្សត្រ ១៦:៩)។–Jennifer Benson Schuldt