អ្នកស្រីមីសស៊ី ស៊ូលីវិន(Missy Sullivan) ជាអ្នកនិពន្ធ ឲ្យទស្សនាវដ្តីវ៉លស្ទ្រីត ជ័រនល។ មានពេលមួយ គាត់បានសរសេរ នៅក្នុងទំព័រកាសែតនោះ ដោយកត់សម្គាល់ថា ក្នុងផលិតផលជាច្រើនដែលគេដាក់លក់ មានភ្ជាប់ជាមួយកិច្ចព្រមព្រៀងរបស់អ្នកប្រើប្រាស់ ការធានា និងលិខិតប្រកាស់មិនទទួលខុសត្រូវជាច្រើន ដែលអ្នកទិញស្ទើរតែមិនអាចអានដាច់។ គេបានបោះពុម្ភពាក្យពេចន៍ទាំងនោះ ជាអក្សរតូចៗ ហើយដាក់ក្នុងសម្បកកញ្ចប់ផលិតផល ក្នុងបំណងមិនចង់ឲ្យអ្នកប្រើប្រាស់ មើលអក្សរនោះយល់។ ហេតុដូច្នេះហើយ បានជាមនុស្សជាច្រើនមិនបានអានខ្លឹមសារកិច្ចសន្យាឲ្យចប់ទេ មុននឹងចុះហត្ថលេខា។ មានសាស្រ្តាចារ្យម្នាក់ ដែលបង្រៀនជំនាញទំនាក់ទំនងក្រាហ្វិក នៅសាកលវិទ្យាល័យ បានចង្អុលបង្ហាញអំពីកិច្ចសន្យាអ្នកប្រើប្រាស់មួយច្បាប់ ដែលមាន៣២ទំព័រ ដែលគេបានភ្ជាប់មកជាមួយនឹងទូរស័ព្ទទំនើប ដែលគាត់បានទិញ ហើយគាត់បានមានប្រសាសន៍ថា “ក្រុមហ៊ុនមិនចង់ឲ្យអ្នកអានកិច្ចសន្យានេះទេ បានជាពួកគេប្រើអក្សរតូចៗដូចនេះ”។
ផ្ទុយទៅវិញ ព្រះអម្ចាស់មិនមានព្រះទ័យដូចក្រុមហ៊ុនទាំងនោះឡើយ។ ទ្រង់តែងតែសព្វព្រះហប្ញទ័យ នឹងទំនាក់ទំនងជាមួយប្រជារាស្រ្តរបស់ព្រះអង្គ តាមរបៀបដ៏ច្បាស់លាស់ និងមានអំណាច ដោយគ្មានបំណងបោកបញ្ឆោត និងធ្វើឲ្យប្រជារាស្រ្តព្រះអង្គយល់ច្រឡំនោះឡើយ។ មុនពេលរាស្រ្តអ៊ីស្រាអែលចូលទឹកដីសន្យា លោកម៉ូសេបានមានប្រសាសន៍ទៅកាន់ពួកគេថា “ដ្បិតសេចក្តីបញ្ញត្តដែលអញបង្គាប់មកឯងនៅថ្ងៃនេះ មិនមែនហួសកំឡាំងឯងទេ ក៏មិនមែននៅឆ្ងាយដែរ…អញបានដាក់សំញែងទាំងជីវិត និងសេចក្តីស្លាប់ទាំងព្រះពរ និងសេចក្តីបណ្តាសានៅខាងមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង” (ចោទិយកថា ៣០:១១,១៩)។
ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងយល់ច្បាស់ អំពីផែនការ និងបំណងរបស់ព្រះអង្គ ដើម្បីឲ្យយើងអាចស្រឡាញ់ ស្តាប់បង្គាប់ និងនៅជាប់នឹងទ្រង់ ដ្បិតទ្រង់ “ជាជីវិតនៃយើង ហើយជាអាយុវែងដល់យើងដែរ”(ខ.២០)។ ដូចនេះ ទ្រង់បានបង្ហាញឲ្យយើងឃើញច្បាស់លាស់ណាស់ គឺគ្មានអ្វីលាក់បាំងឡើយ។–David McCasland